ខ្សែប្រយុទ្ធជើងចាស់ ឈិន ឈឿន និងខ្សែបម្រើកណ្តាល ច្រឹង ពលរដ្ឋ ព្រមទាំងកីឡាករបរទេសចំនួន៣នាក់ទៀត មានខ្សែប្រយុទ្ធពាក់លេខ១០ Bisan George, កីឡាករពាក់លេខ៨៨ Mohamed Hamza Abdelhamed Allam និងខ្សែការពារពាក់លេខ២ Khan Mohammed Faeez បានចែកផ្លូវជាមួយក្លិបក្រសួងការពារជាតិ ជាផ្លូវការហើយ។

ចំពោះដំណឹងនៃការចែកផ្លូវជាមួយកីឡាករទាំង៥នាក់ខាងលើនេះ ត្រូវបានក្លិបក្រសួងការពារជាតិ ប្រកាសនៅលើផេចហ្វេសប៊ុកផ្លូវការរបស់ខ្លួន កាលពីព្រឹកថ្ងៃពុធនេះ ប៉ុន្តែក្លិបមិនបានបង្ហាញពីមូលហេតុនៃការឈានទៅដល់ការចែកផ្លូវនោះទេ គឺក្លិបនេះ បានត្រឹមអរគុណដល់អ្នកទាំង៥ និងជូនពរឲ្យពួកគេ មានសំណាងល្អជាមួយក្លិបថ្មី។

សម្រាប់ការចែកផ្លូវជាមួយកីឡាករបរទេសទាំង៣នោះ វាហាក់មិនមានការចាប់អារម្មណ៍ខ្លាំងនោះទេ ព្រោះជាធម្មតា ក្លិបនៅក្នុងលីកកំពូលកម្ពុជា បានចុះកុងត្រាជាមួយកីឡាករបរទេស គឺភាគច្រើន១រដូវកាល ឬពាក់កណ្តាលរដូវកាលប៉ុណ្ណោះ។

ប៉ុន្តែការចែកផ្លូវរបស់ ច្រឹង ពលរដ្ឋ និង ឈិន ឈឿន វាបានក្លាយជាព័ត៌មានដ៏រសើបមួយ ព្រោះអ្នកទាំង២នេះ បានរួមរស់ជាមួយក្លិបក្រសួងការពារជាតិ ជាច្រើនឆ្នាំមកហើយ ពិសេស ឈិន ឈឿន គឺបានលេងឲ្យក្លិបក្រសួងការពារជាតិ តាំងពីរូបគេនៅជាយុវជន ហើយគិតមកដល់ពេលនេះ គឺមានរយៈពេល១៥ឆ្នាំហើយ។

ទោះបីជាយ៉ាងណា នៅមិនទាន់មានព័ត៌មានផ្លូវការចំពោះក្លិបថ្មីរបស់ ឈិន ឈឿន និង ច្រឹង ពលរដ្ឋ នៅឡើយទេ ប៉ុន្តែបើតាមព័ត៌មានក្រៅផ្លូវការ បានឲ្យដឹងថា ឈិន ឈឿន អាចទៅលេងឲ្យក្លិបព្រះខ័នរាជស្វាយរៀង ចំណែក ច្រឹង ពលរដ្ឋ អាចទៅនៅជាមួយក្លិបវិសាខា៕