ប្រតិភូដឹកនាំកីឡាចំបាប់កម្ពុជា បានទទួលស្គាល់ថា កីឡាករ កីឡាការិនីរបស់ខ្លួន ពិតជាបានធ្លាក់ចុះនូវកម្រិតបច្ចេកទេស សម្រាប់ការបង្ហាញខ្លួនជាថ្មី ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ដែលទើបបានបញ្ចប់កាលពីយប់ម្សិលមិញ ខណៈពួកគេ មិនអាចរក្សាការឈ្នះបានមេដាយមាស និងប្រាក់ ដូចការប្រកួតស៊ីហ្គេម កន្លងមកនោះ។

លោក ធិន វិចិត្រ ប្រតិភូដឹកនាំក្រុមកីឡាចំបាប់ ទៅប្រកួតស៊ីហ្គេម លើកនេះ បានប្រាប់មកពីប្រទេសហ្វីលីពីនមកថា៖ «យើងរៀបចំបានល្អ សម្រាប់ការចូលរួមស៊ីហ្គេម លើកនេះ ប៉ុន្តែយើងបានខកខានចូលរួមប្រកួតស៊ីហ្គេមនេះ ២លើកមកហើយ គឺនៅសិង្ហបុរី ឆ្នាំ២០១៥ និងម៉ាឡេស៊ី ឆ្នាំ២០១៧ អ៊ីចឹងធ្វើឲ្យកម្រិតបច្ចេកទេសរបស់យើង រាងធ្លាក់ជាងមុន ស្របពេលដែលចំបាប់របស់សិង្ហបុរី និងថៃ នៅពេលនេះគេមានការឡើងខ្លាំង គឺសូម្បីតែឡាវ ក៏គេប្លែងជាងមុខច្រើនដែរ»។

គួររំឭកថា ចំបាប់កម្ពុជា ត្រូវបានថ្នាក់ដឹកនាំ ចាត់ទុកថា ជាប្រភេទកីឡា មានសក្តានុពលខ្ពស់ និងត្រូវបានចាត់ចូលជាប្រភេទកីឡា ដែលនឹងដណ្តើមបានមេដាយមាសជូនកម្ពុជា ហើយការដាក់ការសង្ឃឹមបែបនេះ ក៏ព្រោះតែ ការបង្ហាញខ្លួន ក្នុងស៊ីហ្គេម៣លើកចុងក្រោយ ក្រុមចំបាប់ បានឈ្នះមេដាយរហូត ពិសេសការបង្ហាញខ្លួនចុងក្រោយ ក្នុងស៊ីហ្គេម ឆ្នាំ២០១៣ នៅមីយ៉ាន់ម៉ា ដោយកាលនោះ ពួកគេឈ្នះបានមេដាយមាស៤ ប្រាក់២ និងសំរឹទ្ធ៤។

ទោះបីជាយ៉ាងណា សម្រាប់ការប្រកួតស៊ីហ្គេម២លើកចុងក្រោយកន្លងមកនេះ គឺស៊ីហ្គេម ឆ្នាំ២០១៥ នៅសិង្ហបុរី និងឆ្នាំ២០១៧ នៅម៉ាឡេស៊ី ប្រភេទកីឡាចំបាប់ ត្រូវបានម្ចាស់ផ្ទះដកចេញ ហើយការអវត្តមាន៤ឆ្នាំ ក្នុងស៊ីហ្គេមនេះ បានធ្វើឲ្យក្រុមចំបាប់កម្ពុជា បានធ្លាក់ចុះនៅកម្រិតបច្ចេកទេស ស្របពេលប្រទេសក្នុងតំបន់អាស៊ានជាមួយគ្នា មានការរីកចម្រើននោះ។

សម្រាប់ការប្រកួតនៅស៊ីហ្គេម លើកនេះ ម្ចាស់មេដាយមាសស៊ីហ្គេម៣ជំនាន់ ឌន សៅ ដែលប្រកួតក្នុងទម្ងន់១២៥គីឡូក្រាម បានត្រឹមឈ្នះមេដាយសំរឹទ្ធ ចំណែកកីឡាករទម្ងន់៦១គីឡូក្រាម យ៉ុន បូណា កីឡាករទម្ងន់៦៥គីឡូក្រាម ជន់ ធួន និងកីឡាករ សឿន សំភាស់ ដែលប្រកួតក្នុងទម្ងន់៥៧គីឡូក្រាម និងកីឡាករទម្ងន់៦៣គីឡូក្រាម អេង ផានិត ក៏បានមេដាយមេដាយសំរឹទ្ធផងដែរ។ ប៉ុន្តែកីឡាករ ឆាំង ពិសិដ្ឋ, កែវ សុភ័ក្រ្ត, ងួន មករា, ហេង វុទ្ធី ព្រមទាំងកីឡាការិនី ឌន ស្រស់, ជា កញ្ញា និង ឌិត សំណាង មិនដណ្តើមបានមេដាយដូចគ្នា។

យ៉ាងណាក៏ដោយ ចំពោះការឈ្នះបានត្រឹមមេដាយសំរឹទ្ធចំនួន៥នេះ លោក ធិន វិចិត្រ ដែលជាអគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា ផងនោះ បានបញ្ជាក់ថា៖ «បើទោះបីជាយើងមិនបានចំណាត់ថ្នាក់ទៅដល់មេដាយមាស ឬប្រាក់ ប៉ុន្តែការដណ្តើមបានមេដាយសំរឹទ្ធចំនួន៥ ក្នុងស៊ីហ្គេមនេះ ក៏ជារឿងគាប់ប្រសើរផងដែរ ព្រោះមេដាយទាំងនេះ យើងមិនទទួលបានដោយការចាប់ឆ្នោតនោះទេ គឺយើងបាន ដោយការប្រកួត ដែលមានឈ្នះ មានចាញ់»៕