ខ្សែប្រយុទ្ធវ័យក្មេង កំពុងមានភាពលេចធ្លោរខ្លាំង សៀង ចន្ធា និងសមាជិកក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៨ឆ្នាំ ចំនួន២នាក់ ដែលបានចេញទៅប្រកួតពានរង្វាន់ BTV Cup 2019 នៅប្រទេសវៀតណាម នោះ បានក្លាយជាសមាជិកថ្មីរបស់ក្លិបបឹងកេតហើយ។

ក្លិបបឹងកេត បានប្រកាសពីការនាំយកខ្សែប្រយុទ្ធឆ្នើមវ័យក្មេង សៀង ចន្ធា ពីមជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិបាទី មកចូលរួមជាមួយក្រុមរបស់ខ្លួន កាលពីព្រលប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ ហើយកីឡាករ សៅ វ៉ៃហ្វី និងអ្នកចាំទី ថា ច័ន្ទឫទ្ធី ដែលជាសមាជិកក្រុមU18កម្ពុជា ក៏ត្រូវក្លិបបឹងកេត បានប្រកាសពីការនាំយកពួកគេ ទៅចូលរួមជាមួយក្លិបផងដែរ។

ការនាំយកយុវជនឆ្នើមទាំង៣នាក់ ពិសេស សៀង ចន្ធា ទៅចូលរួមជាមួយក្រុម ក្នុងរដូវកាលថ្មី ឆ្នាំ២០២០ ខាងមុខនេះ វានឹងធ្វើឲ្យបឹងកេត មានខ្សែប្រយុទ្ធក្នុងស្រុកដ៏មុតស្រួចមួយទៀត បន្ថែមទៅលើខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា ហើយភាពសម្បូរបែបនេះ នឹងធ្វើឲ្យកម្ពុជា កាន់តែមានលទ្ធភាព ក្នុងការឈានទៅរកការពារតំណែងជើងឯក ការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន ដែលពួកគេ ទើបតែដណ្តើមបាន ជាលើកដំបូង ក្នុងឆ្នាំ២០១៩នេះ ខណៈពានមួយនេះ តម្រូវឲ្យប្រើកីឡាករខ្មែរសុទ្ធ។

យ៉ាងណាក៏ដោយ នៅពេលនេះ សៀង ចន្ធា ព្រមទាំង សៅ វ៉ៃហ្វី និងអ្នកចាំទី ថា ច័ន្ទឫទ្វី បានធ្វើដំណើរជាមួយសមាជិកក្រុមU18កម្ពុជា ចំនួន១៧នាក់ ទៅកាន់ប្រទេសវៀតណាម កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីចូលរួមការប្រកួតពានមិត្តភាពមាន៣ប្រទេសចូលរួម BTV Cup 2019 ហើយការប្រកួតនេះ U18កម្ពុជា និងត្រូវជួបក្រុមU20វៀតណាម នៅថ្ងៃទីសៅរ៍ ខណៈក្រុមម្ចាស់ផ្ទះ Becamex Binh Duong ត្រូវជួបក្រុមU20 មីយ៉ាន់ម៉ា នៅថ្ងៃអាទិត្យ។

ចំពោះក្រុម ដែលឈ្នះក្នុងការប្រកួតវគ្គជម្រុះទាំង២ក្រុម នឹងឡើងទៅប្រកួតដណ្តើមយកលេខ១ និងលេខ២ នៅថ្ងៃទី១៨ ហើយក្រុមចាញ់ ត្រូវប្រកួតគ្នាដណ្តើមយកលេខ៣ នៅថ្ងៃទី១៧ ខែធ្នូ៕