ផ្លូវបត់បែន ដែលហ៊ុមព័ន្ធទៅដោយដើមស្រស់ និងរុក្ខជាតិតូចធំចម្រុះគ្នាដ៏ស្រស់បម្រង នៅលើភ្នំគិរីរម្យ វានឹងក្លាយជាវេទិកាប្រកួតប្រជែងជុំផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ប្រកួតកង់ភ្នំ Cambodia MTB Series 2019 ដើម្បីស្វែងរកម្ចាស់ជើងឯកពិតប្រាកដ នៅតាមប្រភេទវិញ្ញាសានីមួយៗ។

នៅក្នុងការប្រកួតជុំទី៥ផ្តាច់ព្រ័ត្រ ដ៏សំខាន់នេះ ក្រុមការងារបច្ចេកទេសរបស់សហព័ន្ធខ្មែរកីឡាទោចក្រយាន បានរៀបចំឲ្យអ្នកចូលរួម មានការបោះតង់ស្នាក់នៅ នៅលើភ្នំគិរីរម្យតែនាយប់ថ្ងៃសៅរ៍ ដើម្បីឲ្យពួកគេមានពេលសម្រាក និងត្រៀមខ្លួនប្រកួតបានល្អ សម្រាប់ប្រកួតប្រជែងគ្នា ដែលត្រូវធ្វើនៅព្រឹកព្រលឹម នាថ្ងៃអាទិត្យ ទី១៥ ខែធ្នូ បន្ទាប់នោះ។

បើតាមគណៈកម្មការរៀបចំការប្រកួតបានឲ្យដឹងថា ក្រុមអត្តពលិកប្រមាណ១៥០នាក់ បានចុះឈ្មោះចូលរួមក្នុងការប្រកួត នៅក្នុងជុំផ្តាច់ព្រ័ត្រនេះ ហើយអ្នកដែលមានឈ្មោះត្រូវប្រកួតប្រជែងគ្នា ដើម្បីក្លាយជាម្ចាស់ជើងឯក នៅតាមប្រភេទវិញ្ញាសានីមួយៗ ពិសេសការប្រកួតកម្រិតជំនាញខ្ពស់ A1 A2 និងក្រុមជំនាញ B1 និង B2 សុទ្ធតែមានវត្តមាន នៅក្នុងការប្រកួតនេះ។ ការត្រៀមរបស់ពួកគេ នឹងធ្វើឲ្យការប្រកួតនេះ មានភាពតានតឹង និងស្វិតស្វាញខ្លាំង។

លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន បានប្រាប់ថា៖«គិរីរម្យ គឺជាទីលានប្រកួត ដែលមានឧបសគ្គ និងលំបាក ជាងការប្រកួត៤ជុំកម្លងមក ហេតុនេះការប្រកួតជុំទី៥ផ្តាច់ព្រ័ត្រនេះ នឹងមានភាពទាក់ទាញ ស្វិតស្វាញខ្លាំង ព្រោះអត្តពលិកទាំងអស់សុទ្ធតែត្រូវតែការឈ្នះ ដើម្បីទទួលបានពិន្ទុបន្ថែម ក្នុងការឈានទៅរកការទទួលបានចំណាត់ថ្នាកលេខ១ អ៊ីចឹងពួកគេ នឹងខំប្រឹងប្រែងដូចគ្នា»។

គួរបញ្ជាក់ថា សម្រាប់ការប្រកួត៤ជុំកន្លងមក គណៈកម្មការរៀបចំការប្រកួត បានបូកពិន្ទុយ៉ាងច្បាស់លាស់ ទៅតាមប្រភេទវិញ្ញាសាទាំង១២ ចំណែកវិញ្ញាសាក្រុមជំនាញខ្ពស់ ដែលមានការប្រកួតស្វិតស្វាញខ្លាំងជាងគេ និងមានការចូលរួមពីក្រុមជម្រើសជាតិនោះ គឺ៤ជុំកន្លងមកនេះ កីឡាករ សាំង សីហា មាន៩៧ពិន្ទុខ្ពស់ជាងគេ ហើយកំពុងឈរនៅលេខរៀងទី១ តាមពីក្រោយដោយកីឡាករ ហួត លយរស្មី មាន៩១ពិន្ទុ យឿន សីហា មាន៧០ពិន្ទុ និងសាន ណាម៉ាវ មាន៦៧ពិន្ទុ៕