ក្រុមអត្តពលិកកីឡាវ៉ូវីណាមកម្ពុជា បានត្រៀមខ្លួនរួចរាល់អស់ហើយ ដើម្បីចូលរួមប្រកួតប្រជែងរកមេដាយជូនជាតិ ក្នុងការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោក លើកទី៦ ឆ្នាំ២០១៩ ដែលនឹងធ្វើនៅវិមានពហុកីឡដ្ឋានជាតិ នៅថ្ងៃពុធនេះ ហើយគ្រោងបញ្ចប់នៅថ្ងៃទី២២ ខែធ្នូ។

សម្រាប់ការធ្វើជាម្ចាស់ផ្ទះ ការប្រកួតជើងឯកពិភពលោក លើកនេះ សហព័ន្ធកីឡាវ៉ូវីណាម ដែលទើបផ្លាស់ប្តូរក្បាល់ម៉ាស៊ីនដឹកនាំនោះ បានសម្រិតសម្រាំងកីឡាករ១៥ និងកីឡាការិនី១០នាក់ ឲ្យចូលរួមប្រកួតប្រជែងនៅលើវិញ្ញសាសរុបទាំង៤៤ ជាមួយអត្តពលិកមកពី២៣ប្រទេសទៀត ហើយការប្រជុំបច្ចេកទេស និងការចាប់គូប្រកួត ត្រូវបានធ្វើរួចរាល់ កាលពីព្រឹកថ្ងៃអង្គារ ម្សិលមិញ ដោយមានការចូលរួមគ្រប់ភាគី។

ទាំងក្រុមអត្តពលិកកម្ពុជា និងអត្តពលិកមកពីប្រទេសអាហ្វហ្គានីស្ថាន អាល់ហ្សារី បង់ក្លាដេស អេហ្ស៊ីប បារាំង ជប៉ុន ឥណ្ឌា ឥណ្ឌូនេស៊ី អ៊ីរ៉ាក់ អ៊ីរ៉ង់ Ivory Coast ឡាវ លីប៊ី មីយ៉ាន់ម៉ា នេប៉ាល់ ប៉ាគីស្ថាន ហ្វីលីពីន Romanla រុស្ស៊ី សិង្ហបុរី តៃវ៉ាន់ ថៃ និងប្រទេសវៀតណាម បានធ្វើការហ្វឹកហាត់សមជាមួយគ្នា នៅវិមានពហុកីឡដ្ឋានកាលពីព្រឹកថ្ងៃអង្គារនេះ មុនពេលពួកគេ ត្រូវចាប់ប្រកួតគ្នា នៅថ្ងៃពុធ។

លោក ស៊ូម សារឿន ដែលទើបឡើងធ្វើជាប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ជំនួសលោកឧកញ៉ា រ័ត្ន សាខន កាលពីថ្ងៃសុក្រនោះ បានថ្លែង ក្នុងសន្និសីទកាសែត កាលពីព្រឹកថ្ងៃអង្គារនេះថា៖«កន្លងមក សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជានេះ មានការអភិវឌ្ឍ និងមានការរីកចម្រើន ក្នុងវិស័យកីឡាវ៉ូវីណាមនេះ ជាពិសេសយើងមានភាពលេចធ្លោរ សម្រាប់ការប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិ ហើយនេះជាមូលហេតុដែលសហព័ន្ធកីឡាវ៉ូវីណាមពិភពលោក បានសម្រេចឲ្យយើងធ្វើជាម្ចាស់ផ្ទះ»។

នៅពេលសួរពីក្តីរំពឹង ក្នុងការដណ្តើមបានមេដាយពីការប្រកួតជើងឯកពិភពលោកនេះ លោក សារឿន បានបញ្ជាក់ថា៖«យើងតែងតែចង់ដណ្តើមបានមេដាយ ដើម្បីលើកមុខមាត់ដល់ប្រទេសរបស់យើង នៅលើឆាកអន្តរជាតិ ប៉ុន្តែការទទួលបានលទ្ធផលបែបណានោះ គឺវាអាស្រ័យទៅលើការខិតខំរបស់អត្តពលិកយើងផ្ទាល់។ ទោះបីជាយ៉ាងណា សហព័ន្ធរបស់យើង នឹងព្យាយាមធ្វើម៉េចឲ្យគាត់ហាត់ហ្វឹកហ្វឺនជាប្រចាំ និងបានល្អ ដើម្បីឲ្យពួកគាត់អាចដណ្តើមបានមេដាយគ្រប់ៗគ្នា»។

សម្រាប់អត្តពលិកសរុបទាំង២១៧នាក់ តំណាងឲ្យប្រទេសទាំង២៤ ដែលបានចូលរួមប្រកួតជើងឯកពិភពលោក លើកទី៦នេះ គឺពួកគេ នឹងត្រូវប្រកួតប្រជែងគ្នា នៅលើវិញ្ញាសាសរុបចំនួន៤៤ ហើយកម្ពុជា មានការរំពឹងខ្ពស់ទៅលើការដណ្តើមបានមេដាយ លើការប្រកួតវិញ្ញាសាសម្តែង ដែលមាន២៦វិញ្ញាសា ហើយប្រទេសអាល់ហ្សារី និងវៀតណាម ត្រូវបានគេចាត់ទុកថា ជាឧសគ្គធំជាងគេ ចំពោះកម្ពុជា។

លោក ស៊ូម សារឿន បានបញ្ជាក់ថា៖«គូប្រជែងរបស់យើងមានប្រទេសអាល់ហ្សារី ហើយអ្នកដែលប្រឈមមុខជាមួយយើងខ្លាំងជាងគេនោះ គឺយើងបារម្ភតែជាមួយ វៀតណាម ទេ ព្រោះវៀតណាម ជាម្ចាស់ដើមនៃក្បាច់គុនវ៉ូវីណាមនេះ អ៊ីចឹងយើងសង្ឃឹមថា យើងអាចមានភាពប្រដំប្រសងជាមួយប្រទេសវៀតណាម»៕