ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៨ឆ្នាំកម្ពុជា មិនអាចស្វែងរកការឈ្នះ ដើម្បីទទួលបានលទ្ធផលល្អប្រសើរ ពីការប្រកួតពានរង្វាន់មិត្តភាពអន្ដរជាតិ BTV Cup 2019 នៅប្រទេសវៀតណាម បាននោះទេ បន្ទាប់ពីពួកគេបានមកចាញ់ក្រុមU20មីយ៉ាន់ម៉ា នៅក្នុងការប្រកួតដណ្តើមយកលេខ៣ កាលពីយប់ថ្ងៃអង្គារ ម្សិលមិញ។

សម្រាប់ការប្រកួតលើកចុងក្រោយ នៅលើទឹកដីខេត្ត Binh Duong កាលពីយប់ម្សិលមិញនោះ កម្ពុជា បានស្ថិតក្រោមការដាក់សម្ពាធច្រើនពីក្រុម U20មីយ៉ាន់ម៉ា ដែលមានកាយសម្បទាធំជាងពួកគេ ហើយក្រុមមួយនេះ រកបាន៤គ្រាប់ជាប់ៗគ្នា ដោយក្នុងនោះខ្សែប្រយុទ្ធ La Min Htwe រកបាន៣គ្រាប់តែម្នាក់ឯង នៅនាទីទី២១ ទី៦១ និងនាទីទី៧៧ ខណៈ១គ្រាប់ទៀតរកបានដោយកីឡាករ Hein Htet Aung នៅនាទីទី៤៨។

បន្ថែមលើនេះ ក្រុមមីយ៉ាន់ម៉ា ក៏បានបង្កើតមាសជាច្រើនលើកទៀតផងដែរ គ្រាន់តែពួកគេមិនអាចធ្វើបានសម្រេច។ ចំណែកក្រុមU18កម្ពុជា ទទួលបានឱកាសមាសតែ២ម្តងគត់ សម្រាប់ការប្រកួតជាង៧០នាទី ប៉ុន្តែទាំងកីឡាករ ធី លៀង ប្រធានក្រុម សឿត ណាវ៉ា និងខ្សែប្រយុទ្ធ សៀង ចន្ធា សុទ្ធតែមិនអាចឆ្កិះបាល់ដាច់នោះ ផុតពីការចេញមកសង្គ្រោះរបស់អ្នកចាំទីក្រុមមីយ៉ាន់ម៉ា។

យ៉ាងណាក៏ដោយ ការធ្វើឲ្យកីឡាករ រី លាភផេង ពីសំណាក់អ្នកចាំទី និងខ្សែការពារក្រុមមីយ៉ាន់ម៉ា នៅក្នុងតំបន់គ្រោះថ្នាក់ នាំឲ្យលោកអាជ្ញាកណ្តាលផ្តល់បាល់ពិន័យ១១ម៉ែត្រឲ្យកម្ពុជា ហើយ សៀង ចន្ទា ជាអ្នកស៊ុតបានសម្រេច នៅនាទីទី៨៣។ ជាមួយការរកបានគ្រាប់បាល់ដំបូងនេះ បានធ្វើឲ្យក្រុមកម្ពុជា មានកម្លាំងចិត្តកាន់តែខ្លាំង ក្នុងការវាយបកទៅលើក្រុមមីយ៉ាន់ម៉ា ហើយភាពសប្បាយរីករាយ បានកើតមានឡើងចំពោះពួកគេ ម្តងទៀត នៅពេល សៀង ចន្ធា បានអូសបាល់រំលងខ្សែការពារមីយ៉ាន់ម៉ា យ៉ាងល្អ រួចស៊ុតបញ្ចូលទីបានយ៉ាងស្អាត នៅនាទីទី៨៧នោះ។

យ៉ាងណាក៏ដោយ ការរកបាន២គ្រាប់របស់ សៀន ចន្ធា មិនអាចជួយសង្រ្គោះក្រុមកម្ពុជា ឲ្យគេចផុតពីការបរាជ័យបាននោះទេ ខណៈពួកគេមិនអាចគ្រប់គ្រងការបង្កើតឱកាសមាស២លើកចុងក្រោយ នៅចុងម៉ោងនោះ គឺ១គ្រាប់ ស៊ុតឡើងលើ ឯ១គ្រាប់ទៀត ស៊ុតទៅប៉ះបង្គោលទី។

ជាមួយលទ្ធផលនេះបានធ្វើឲ្យក្រុមU18កម្ពុជា បានបញ្ចប់ការប្រកួតពានរង្វាន់ BTV Cup 2019 ជាមួយការចាញ់ទាំង២ប្រកួត គឺចាញ់ក្រុមU20មីយ៉ាន់ម៉ា ៤-២ ក្នុងការប្រកួតដណ្តើមយកលេខ៣នេះ និងបានចាញ់ក្រុមU20វៀតណាម ៣-០ ក្នុងការប្រកួតជម្រុះ។ ចំណែកការប្រកួតផ្តាច់ព្រ័ត្ររវាងក្រុមU20វៀតណាម និងក្រុម Becamex Binh Duong នឹងត្រូវធ្វើឡើង នៅល្ងាចថ្ងៃពុធនេះ៕