ក្រុមបាល់ទាត់នារីរបស់ខេត្តសៀមរាប និងក្រុមបាត់នារីខេត្តស្វាយរៀង នឹងត្រូវធ្វើការប្រជែងគ្នាដោយប្រយោល ក្នុងការប្រកួតជម្រុះកាត់សេចក្តីលើកទី៤ចុងក្រោយ នៅទីលានមជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិបាទី ខេត្តតាកែវ នាវេលាម៉ោង៨ព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីរកក្រុមដែលទទួលបានលេខ១ និងលេខ២ ពិតប្រាកដ ប្រចាំពូលB នៃព្រឹត្តិការណ៍ប្រកួតជម្រើសជើងឯកបាល់ទាត់នារី ឆ្នាំ២០១៩។

សម្រាប់ការប្រកួតកាត់សេចក្តីចុងក្រោយនេះ ក្រុមនារីខេត្តសៀមរាប នឹងត្រូវប្រកួតជាមួយក្រុមខេត្តរតនគិរី ហើយក្រុមខេត្តស្វាយរៀង ត្រូវជួបក្រុមខេត្តកំពង់ធំ ខណៈក្រុមលេខ១ពូលA ខេត្តកំពង់ស្ពឺ ដែលឈ្នះទាំង៣ប្រកួត និងក្រុមលេខ២ របស់ភ្នំពេញក្រោន ដែលឈ្នះ២ និងចាញ់១ប្រកួតនោះ កំពុងតែឈរចាំក្រុមទាំង២នេះ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រួចជាស្រេច។

យ៉ាងណាក៏ដោយ នៅក្នុងការប្រកួតនេះ ក្រុមនារីខេត្តសៀមរាប មានភាគរយខ្ពស់ ជាង ក្នុងការទទួលបានលេខ១ ដើម្បីគេចឲ្យផុតពីការជួបក្រុមនារីខេត្តកំពង់ស្ពឺ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ព្រោះនៅពេលនេះពួកគេ កំពុងឈរនៅលេខ១ប្រចាំពូលBនេះ ជាបណ្តោះអាសន្ន ដោយមាន៩ពិន្ទុ លើសក្រុមនារីខេត្តសៀមរាប ចំនួន៣ពិន្ទុដាច់ទៅហើយ ហេតុនេះការទទួលបានត្រឹមលទ្ធផលស្មើ ក៏ធ្វើឲ្យពួកគេ អាចបន្តទទួលបានលេខ១នេះដែរ។

ទោះបីជាបែបនេះក្តី ក្រុមនារីខេត្តសៀមរាប នៅតែអាចធ្លាក់មកទទួលបានលេខ២ បើសិនជាពួកគេ ភ្លាត់មកចាញ់ក្រុមឈរនៅបាតតារាង ខេត្តរតនៈគិរី ដែលបានចាញ់ទាំង៣ប្រកួតនោះ ស្របពេល ខេត្តស្វាយរៀង បានឈ្នះក្រុមខេត្តកំពង់ធំ នោះ ព្រោះពេលនេះ ខេត្តសៀមរាប មានគ្រាប់បាល់ចំណេញតិចជាងក្រុមស្វាយរៀង ចំនួន៦គ្រាប់ឯណោះ៕