ការប្រកួតជម្រើសជើងឯកបាល់ទាត់នារីអាយុក្រោម១៨ឆ្នាំ ប្រចាំឆ្នាំ២០១៩ បានរកឃើញក្រុមខ្លាំងទាំង៤ ដែលត្រូវឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ហើយក្រុមនារីខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង ខេត្តកណ្តាល និងក្រុមនារីក្លិបបឹងកេត គឺជាបេក្ខភាព ដែលត្រូវឡើងមកប្រកួតគ្នា ក្នុងវគ្គនេះ។

នៅមុនឡើងមកជួបគ្នា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ក្រុមខេត្តកំពង់ស្ពឺ ដែលជាក្រុមលេខ១មកពីពូលAនោះ បានយកឈ្នះលេខ២ពូលD ខេត្តតាកែវ ២-០ ក្នុងវគ្គ៨ក្រុមចុងក្រោយ ឬដំណាក់កាលទី២ ដែលត្រូវបានធ្វើឡើង កាលពីព្រឹកថ្ងៃពុធ ម្សិលមិញ ចំណែកក្រុមលេខ១ពូលC ខេត្តកណ្តាល បានយកឈ្នះក្រុមលេខ២ពូលB ខេត្តបន្ទាយមានជ័យ ៥-០ ក្នុងវគ្គនេះដែរ។

ជាមួយគ្នានេះ ក្រុមលេខ១ពូលB ខេត្តបាត់ដំបង ដែលបានឈ្នះទាំង៣ប្រកួត ក្នុងការប្រកួតជម្រុះតាមពូលនោះ បានលត់ក្រុមលេខ២ពូលC ខេត្តកំពង់ធំ រហូតដល់ ១៣-០ ហើយលទ្ធផលនេះ បានបង្ហាញថា ៤ប្រកួតនេះ ខេត្តបាត់ដំបង នៅមិនទាន់មានក្រុមណាមួយ អាចស៊ុតទម្លុះសំណាញ់របស់ពួកគេបាន១គ្រាប់នោះឡើយទេ។ រីឯក្រុមលេខ១ពូលD គឺក្រុមនារីក្លិបបឹងកេត បានយកឈ្នះក្រុមលេខ២ពូលA ខេត្តពោធិ៍សាត់ ១-០ ទាំងលំបាក។

តាមរយៈលទ្ធផលនៃការប្រកួតនេះ គឺក្រុមខេត្តកំពង់ស្ពឺ ត្រូវឡើងទៅជួបក្រុមខ្លាំង ខេត្តបាត់ដំបង ខណៈក្រុមខេត្តកណ្តាល ត្រូវជួបក្រុមនារីរបស់បឹងកេត ហើយការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររវាងក្រុមទាំង៤នេះ នឹងធ្វើនៅទីលានមជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិបាទី ខេត្តតាកែវ នាវេលាម៉ោង៨ព្រឹក ថ្ងៃសុក្រស្អែកនេះដូចគ្នា៕