ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានជើងឯកវិទ្យាល័យឆ្នាំ ២០១៩ ដែលត្រូវបានរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងក្លិបបឹងកេតនោះ នឹងត្រូវធ្វើការប្រកួតកាត់សេចក្តី ដើម្បីរកក្រុមម្ចាស់ជើងឯក ដើម្បីទទួលពាន និងប្រាក់រង្វាន់៦០លានរៀល នៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ នារសៀលម៉ោង២:៣០ ថ្ងៃព្រហស្បតិ៍នេះ។

ក្រុមដែលត្រូវប្រកួតក្នុងពិធីបិទការប្រកួតនេះ គឺក្រុមវិទ្យាល័យឥន្ទ្រទេវី និងក្រុមវិទ្យាល័យឬស្សីកែវ ខណៈក្រុមតំណាងឲ្យវិទ្យាល័យចំនួន៧ទៀត បានបញ្ចប់ការប្រកួតវិលជុំទាំង២ជើងរួចហើយ ដោយក្នុងនោះក្រុមវិទ្យាល័យព្រះស៊ីសុវត្ថិ បានទទួលចំណាត់ថ្នាក់លេខ៣ ដោយ១៦ប្រកួត ពួកគេរកបាន៣០ពិន្ទុ ស្មើជាមួយក្រុមសាលារៀនវេស្ទឡាញន៍ ប៉ុន្តែក្រុមព្រះស៊ីសុវត្ថិ មានគ្រាប់បាល់ចំណេញច្រើនជាង។

យ៉ាងណាមិញ សម្រាប់ការប្រកួតចុងក្រោយរវាងក្រុមឥន្ទ្រទេវី និងក្រុមវិទ្យាល័យឫស្សីកែវ នៅរសៀលថ្ងៃនេះ វាដូចជាការប្រកួតផ្តាច់ព្រ័ត្រផងដែរ ព្រោះតាមរយៈការប្រកួត១៥លើកដូចគ្នា កន្លងមកនេះ ក្រុមឥន្ទ្រទេវី កំពុងឈរនៅលេខ១ស្រាប់ ដោយមាន៤៣ពិន្ទុ ខណៈក្រុមឫស្សីកែវ ឈរនៅលេខ២ ដោយមាន៤២ពិន្ទុ។ ហេតុនេះជំនួបថ្ងៃនេះ ក្រុមឈ្នះ នឹងក្លាយជាម្ចាស់ជើងឯកតែម្តង។

ទោះបីជាយ៉ាងណា ក្រុមឥន្ទ្រទេ ហាក់មានប្រៀបលើក្រុមឫស្សីកែវ ដោយសារពួកគេ លើស១ពិន្ទុ ហើយឥន្ទ្រទេវី ក៏ធ្លាប់យកឈ្នះក្រុមឥឫស្សីកែវ ក្នុងការប្រកួតជុំទី១ផងដែរ ហើយលទ្ធផលនោះ បានធ្វើឲ្យពួកគេ មិនទាន់ស្គាល់ការចាញ់នៅឡើយទេ សម្រាប់១៥ប្រកួតកន្លងមកនេះ គឺឈ្នះ១៤ និងស្មើ១ ខណៈក្រុមឫស្សីកែវ បានឈ្នះ១៤ដង និងចាញ់១ដង។

ទាក់ទងនឹងការប្រកួតនេះ លោក មិ ឆរ៉ាវុធ គ្រូបង្វឹកក្រុមវិទ្យាល័យឥន្ទ្រទេវី បាននិយាយថា៖«យើងបានត្រៀមខ្លួនរួចរាល់អស់ហើយ ដើម្បីជួយក្រុមឫស្សីកែវ។ យើងមានការរំពឹងច្រើន ដោយសារយើងមានពិន្ទុលើសពួកគេ១ពិន្ទុ ហើយយើងក៏មានការជឿជាក់ទៅលើកូនក្រុមរបស់យើងដែរ ហេតុនេះយើងមានសង្ឃឹមឈ្នះពី៨០ទៅ៩០ភាគរយ»។

ចំណែកលោក ញ៉ែម ភារម្យ គ្រូបង្វឹកក្រុមវិទ្យាល័យឫស្សីកែវ បាននិយាយថា៖«ក្រុមរបស់យើងក៏បានសហការគ្នា និងសាមគ្គីគ្នាល្អដែរ ហើយការចាញ់ក្រុមឥន្ទ្រទេវី កន្លងមក ដោយសារយើងមានការធ្វេសប្រហែសបន្តិច ប៉ុន្តែលើកនេះ យើងមានសង្ឃឹមឈ្នះ៧០ភាគរយ»៕