ក្រុមបាល់ទាត់របស់វិទ្យាល័យឥន្រ្ទទេវី ត្រូវបានគេចងក្រងថា គឺជាក្រុមទី១ ដែលបានឈ្នះពានជើងឯកវិទ្យាល័យឆ្នាំ ២០១៩ អមជាមួយប្រាក់រង្វាន់៦០លានរៀល បន្ទាប់ពីពួកគេបានបន្តយកឈ្នះក្រុមវិទ្យាល័យឫស្សីកែវ ក្នុងការប្រកួតបិទរដូវកាល នៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញ។
បើទោះបីជា ក្រុមឥន្ទ្រទេវី ធ្លាប់បានយកឈ្នះក្រុមឫស្សីកែវ ២-១ កាលពីជើងទី២ ប៉ុន្តែសម្រាប់ការប្រកួតជើងទី២ កាលពីម្សិលមិញនោះ ពិតជាមានភាពស្វិតស្វាញ ខ្លាំង ខណៈកីឡាករ ជា ណារិន បានស៊ុតទម្លុះសំណាញ់ទីរបស់ក្រុមឥន្ទ្រទេវី បានមុន នៅត្រឹមនាទីទី៣៨នោះ។
ប៉ុន្តែការបង្កើតកំហុស នៅក្នុងតំបន់គ្រោះថ្នាក់របស់ខ្សែក្រុមឫស្សីកែវ បានធ្វើឲ្យអាជ្ញាកណ្តាលផ្តល់បាល់ពិន័យ១១ម៉ែត្រ ទៅឲ្យក្រុមឥន្ទ្រទេវី ខ្សែប្រយុទ្ធ អាត អូនតូច ជាអ្នកស៊ុតបានសម្រេច នៅនាទីទី៣៨ គឺមុនពេល ស រតនា រកបានគ្រាប់បាល់ជ័យជម្នះឲ្យឥន្ទ្រទេវី នៅក្នុងនាទីទីបន្ថែម ៤៥+១។
ជាមួយការបន្តឈ្នះលើក្រុមឫស្សីកែវ ២-១ ក្នុងការប្រកួតនេះ វាបានធ្វើឲ្យក្រុមឥន្ទ្រទេវី បានក្លាយជាម្ចាស់ជើងឯក ជាមួយកំណត់ត្រា មិនធ្លាប់ចាញ់ទាល់តែសោះ គឺក្នុងការប្រកួតសរុបចំនួន១៦ប្រកួត ពួកគេបានឈ្នះត្រឹម១៥ដង និងស្មើតែ១ដងគត់ ដោយមាន៤៦ពិន្ទុ។
ចំណែកក្រុមឫស្សីកែវ ដែលទទួលបានលេខ២ ជាមួយការឈ្នះ១៤ និងចាញ់២ប្រកួតនោះ បានទទួលប្រាក់រង្វាន់ចំនួន ៤០ លានរៀល ហើយក្រុមវិទ្យាល័យព្រះស៊ីសុវត្ថិ ទទួលបានប្រាក់រង្វាន់ ២០ លានរៀល ក្នុងនាមជាក្រុមលេខ៣ ប្រចាំព្រឹត្តិការណ៍នេះ ដោយរកបាន៣០ពិន្ទុ។
ចំណែកក្រុមសាលារៀនវេស្ទឡាញន៍ ដែលរកបាន៣០ពិន្ទុដែរ តែមានគ្រាប់បាល់ចេញក្រុមព្រះស៊ីសុវត្ថិ ចំនួន១៦គ្រាប់នោះ បានជាក្រុម Fair play ប្រចាំព្រឹត្តិការណ៍ និងទទួលបានប្រាក់រង្វាន់លើកចិត្តចំនួន២លានរៀល។
យ៉ាងណាមិញ កីឡាករ គី រីណា បានក្លាយជាអ្នកស៊ុតបាល់បញ្ចូលទីបានច្រើនជាងគេ (៤០គ្រាប់) កីឡាករ គង់ សភ័ត្ត្រា បានជាប់ជាអ្នកចាំទីល្អ ខណៈលោក វី លីកា បានក្លាយជាគ្រូបង្វឹកល្អប្រចាំព្រឹត្តិការណ៍ ហើយសមាជិកក្រុមឥន្ទ្រទេវី ទាំង៣នាក់នេះ ទទួលបានប្រាក់លើកទឹកចិត្តម្នាក់ ២ លានរៀលដូចគ្នា។ រីឯកីឡាករ ម៉ូហាំម៉ាត់ អារីហ្វីន របស់ក្រុមឫស្សីកែវ បានក្លាយជាកីឡាករល្អប្រចាំព្រឹត្តិការណ៍ ដោយបានប្រាក់ ២ លានរៀលដែរ៕
ក្រុមឥន្ទ្រទេវី បានផ្តួលវិទ្យាល័យឫស្សីកែវ ដើម្បីក្រសោបយកពាន និងប្រាក់រង្វាន់៦០លានរៀល
អត្ថបទទាក់ទង