ការប្រកួតប្រដាល់គុនខ្មែរ ដណ្ដើមជើងឯកលេខ១គូបូតា រដូវកាលទី១១ ប្រភេទទម្ងន់៦០គីឡូក្រាម កាលពីថ្ងៃសុក្រកន្លងទៅ សិស្សគុនមកពីក្លិបក្រសួងការពារជាតិកីឡាករ ប៊ុន សុធា បានគ្រងតំណែងជើងឯក ក្រោយយកឈ្នះកីឡាករឆ្លងដែនមកពីប្រទេសថៃ ផុបរ៉ាក់ ដោយពិន្ទុនៅក្នុងវគ្គផ្ដាច់ព្រ័ត្រ។

ការប្រកួតពេញ៥ទឹកកីឡាករទាំងពីរបានសម្រុកគ្នាទៅវិញទៅមកយ៉ាងខ្លាំង មិនថាការម៉ាត់ ទាត់ កែង ឬជង្គង់នោះទេ ដែលធ្វើឲ្យការប្រកួតជក់ចិត្ត និងល្អមើលខ្លាំងមែនទែន។

យ៉ាងណានៅក្នុងទឹកទី៣ ផុបរ៉ាក់ បានទាត់ជើងក្រោមឲ្យលោកអាជ្ញាកណ្ដាលរាប់ ប៊ុន សុធា ម្ដង មុននឹងបន្តសម្រុកគ្នាខ្លាំងៗរហូតធ្វើឲ្យមាន ប៊ុន សុធា មានស្នាមបែកនៅក្នុងទឹកទី៤។ បើទោះបីជាត្រូវលោកអាជ្ញាកណ្ដាលរាប់ និងមានស្នាមរបួសពិតមែន ប៉ុន្តែ ប៊ុន សុធា បានបន្តបើកការសម្រុកមួយទំហឹងទៅលើកីឡាករថៃ។

ជាលទ្ធផលបញ្ចប់ការប្រកួត ប៊ុន សុធា បានយកឈ្នះកីឡាករថៃ ផុបរ៉ាក់ ដោយពិន្ទុ។ ចំណែកឯការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣វិញ កីឡាករកម្ពុជា សុខ ធី បានយកឈ្នះកីឡាករថៃ ទ្រីផេត។

គួរឲ្យដឹងដែរថា នេះជាការគ្រងតំណែងម្ចាស់ខ្សែក្រវាត់គូបូតាលើកទី២ជាប់គ្នាហើយរបស់ ប៊ុន សុធា ដោយកាលពីរដូវកាលទី១០ អ្នកប្រដាល់មកពីខេត្តកំពង់ចាមរូបនេះបានឈ្នះក្នុងប្រភេទទម្ងន់ ៥៤គីឡូក្រាម៕

ចង់ឃើញថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនោះ កក្រើកយ៉ាងណា ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Credit: Khmerlaod