ក្រុមបាល់ទាត់នារីអាយុក្រោម១៨ឆ្នាំរបស់ខេត្តបាត់ដំបង បានផ្តួលក្រុមនារីបឹងកេត ដើម្បីគ្រងដំណែងជើងឯក ក្នុងការប្រកួតជម្រើសជើងឯកនារីអាយុក្រោម១៨ឆ្នាំ ប្រចាំឆ្នាំ២០១៩។ ចំណែកក្រុមនារីភ្នំពេញក្រោន ត្រូវប្រកួតដណ្តើមយកពានជាមួយក្រុមនារីខេត្តស្វាយរៀង នៃព្រឹត្តិការណ៍ជើងឯកបាល់ទាត់នារី ឆ្នាំ២០១៩ នៅទីលាន មជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិបាទី ខេត្តតាកែវ។

សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រ ជម្រើសជើងឯកបាល់ទាត់នារីអាយុក្រោម១៨ឆ្នាំ ប្រចាំឆ្នាំ២០១៩ នៅទីលាន មជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិបាទី ខេត្តតាកែវ កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ ក្រុមនារីខេត្តបាត់ដំបង បានលត់ក្រុមនារីបឹងកេត ៤-០។

ជ័យជម្នះនេះ បានជួយឲ្យក្រុមនារីខេត្តបាត់ដំបង បានក្លាយជាម្ចាស់ជើងឯក ការប្រកួតជម្រើសជើងឯកបាល់ទាត់នារីអាយុក្រោម១៨ឆ្នាំ ប្រចាំឆ្នាំ២០១៩ ជាមួយកំណត់ត្រាដ៏ល្អបំផុត គឺការឈ្នះទាំង៤ប្រកួត និងមិនត្រូវបានគូប្រកួតស៊ុតទម្លុះសំណាញ់ទី សូម្បីតែ១គ្រាប់នោះទេ ហើយជ័យជម្នះដ៏ធំរបស់ក្រុមលេខ១មកពីពូលBមួយនេះ គឺការលត់ក្រុមខេត្តកំពង់ធំ ១៣-០ នៅវគ្គ៨ក្រុម មុនពេលពួកគេ ឈ្នះក្រុមខេត្តកំពង់ស្ពឺ ៣-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ជាមួយគ្នានេះ ក្រុមខេត្តកំពង់ស្ពឺ បានយកឈ្នះក្រុមនារីខេត្តកណ្តាល ក្នុងលទ្ធផល ២-០ កាលពីថ្ងៃសៅរ៍នោះដែរ ដើម្បីទទួលបានចំណាត់ថ្នាក់លេខ៣ នៃការប្រកួតជម្រើសជើងឯកបាល់ទាត់នារីអាយុក្រោម១៨ឆ្នាំ ប្រចាំឆ្នាំ២០១៩នេះ។

ដោយឡែកក្រុមនារីភ្នំពេញក្រោន នឹងត្រូវប្រកួតជាមួយក្រុមនារីខេត្តស្វាយរៀង នៃព្រឹត្តិការណ៍ជើងឯកបាល់ទាត់នារី ឆ្នាំ២០១៩ នៅទីលាន មជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិបាទី ខេត្តតាកែវ នារសៀលម៉ោង៣ ថ្ងៃចន្ទនេះ ដើម្បីប្រជែងគ្នាយកពាន ខណៈការប្រកួតវគ្គ១/២ផ្តាច់ព្រ័ត្រ កន្លងមកនេះ ក្រុមភ្នំពេញក្រោន បានយកឈ្នះក្រុមលេខ១ពូលB ខេត្តសៀមរាប ១-០ ហើយក្រុមនារីខេត្តស្វាយរៀង បានយកឈ្នះក្រុមលេខ១ពូលA ខេត្តកំពង់ស្ពឺ ១-០ ដូចគ្នា៕