ក្រុមបាល់ទាត់នារីរបស់ខេត្តស្វាយរៀង បានបង្ហាញទម្រង់លេងយ៉ាងល្អបំផុត ក្នុងការយកឈ្នះក្រុមនារីភ្នំពេញក្រោន ដើម្បីក្លាយជាម្ចាស់ជើងឯក នៅក្នុងការប្រកួតជម្រើសជើងឯកបាល់ទាត់នារី ឆ្នាំ២០១៩ ខណៈក្រុមខេត្តសៀមរាប ទទួលបានចំណាត់ថ្នាក់លេខ៣ ប្រចាំឆ្នាំនេះ។

សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រ នៅទីលាន មជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិបាទី ខេត្តតាកែវ កាលពីល្ងាចថ្ងៃចន្ទម្សិលមិញ ក្រុមខេត្តស្វាយរៀង បានយកឈ្នះក្រុមនារីភ្នំពេញក្រោន ក្នុងលទ្ធផល ២-០ ខណៈការប្រកួតនេះ ត្រូវបានគេមើលឃើញថា ក្រុមខេត្តស្វាយរៀង មានទម្រង់លេងល្អ ហើយអាចយកឈ្នះក្រុមនារីភ្នំពេញក្រោន ដ៏មិនគួរឲ្យនឹកស្មានដល់។

ជាមួយជ័យជម្នះនេះ ក្រុមនារីខេត្តស្វាយរៀង មិនត្រឹមតែទទួលបានភាពសប្បាយរីក ក្នុងការពិធីប្រគល់ពាន ប៉ុណ្ណោះទេ ប៉ុន្តែពួកគេ ថែមទាំងទទួលការស្វាគមន៍ដ៏ពិសេសមួយពីរដ្ឋបាលខេត្តស្វាយរៀង គឺការរៀបចំដង្ហែក្បួនដោយឡាន ហើយការរៀបចំនេះ មានសិស្សានុសិស្សរាប់រយនាក់ បានឈរចាំស្វាគមន៍ចំពោះការដង្ហែពានក្រុមមួយនេះ។

ចំណែកក្រុមនារីខេត្តសៀមរាប ដែលជាបេក្ខភាពតែមួយគត់ ធ្លាប់បានឈ្នះក្រុមនារីខេត្តស្វាយរៀង ១-០ ពេលប្រកួតជម្រុះក្នុងពូលBនោះ បានយកឈ្នះក្រុមខេត្តកំពង់ស្ពឺ កាលពីថ្ងៃចន្ទ នោះដែរ ដើម្បីទទួលបានចំណាត់ថ្នាក់លេខ៣ ខណៈការប្រកួតជម្រើសជើងឯកនារី ឆ្នាំ២០១៩នេះ មានក្រុមចូលរួមសរុបចំនួន៩ក្រុម៕