ក្រុមកីឡាករ កីឡាការិនីរបស់ក្លិបក្រសួងមហាផ្ទៃ បានធ្វើការប្រកួតប្រជែង ជាមួយក្រុមអត្តពលិកតំណាងឲ្យក្លិបចំនួន៣ទៀត យ៉ាងស្វិតស្វាញបំផុត ដើម្បីបន្តឈានទៅទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងនាមជាក្រុម ដែលឈ្នះបានមេដាយមាស ច្រើនជាងគេ នៅក្នុងការប្រកួតកីឡាកាយសម្ព័ន្ធ ជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់ឯកឧត្តមបណ្ឌិត ថោង ខុន លើកទី៣ ឆ្នាំ២០១៩ ដែលទើបបានបញ្ចប់ កាលពីល្ងាចថ្ងៃអង្គារ ម្សិលមិញ។

តាមរយៈការប្រកួត៤ថ្ងៃពេញ ទាំងនៅលើប្រភេទកីឡាកាយសម្ព័ន្ធអេរ៉ូប៊ិក និងកាយសម្ព័ន្ធអាទិស្ទីក សរុបទាំង១៣វិញ្ញាសា នៅសាលដំបូលទូកនៃពហុកីឡដ្ឋានជាតិ នោះ ក្រុមក្រសួងមហាផ្ទៃ បានយកប្រៀបលើក្រុមអត្តពលិកក្លិបខេត្តក្រចេះ តាមរយៈការឈ្នះបានមេដាយប្រាក់លើសចំនួន១ ដោយសារក្រុមទាំង២នេះ បាននឈ្នះមេដាយមាសស្មើគ្នា។

ក្រុមកីឡាករកីឡាការិនីក្លិបក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយមាស៤ និងប្រាក់៥ ដើម្បីបន្តទទួលបានចំណាត់ថ្នាក់លេខ១ ខណៈក្រុមអត្តពលិកខេត្តក្រចេះ បានឈរនៅលេខរៀងទី២ ជាមួយការឈ្នះមេដាយមាស៤ ប្រាក់៤ និងសំរឹទ្ធ៤។ រីឯក្រុមមកពីខេត្តកំពង់ឆ្នាំង បានឈ្នះមេដាយមាស៣ ប្រាក់៣ សំរឹទ្ធ៧ ហើយក្លិបខេត្តតាកែវ បានឈ្នះមេដាយមាស២ ប្រាក់១ និងសំរឹទ្ធ២។

យោងតាមលទ្ធផលនេះ បានបង្ហាញឲ្យឃើញថា ក្រុមអត្តពលិកតំណាងឲ្យក្លិបទាំង៤ សុទ្ធមានលទ្ធភាពដណ្តើមបានមេដាយមាសដូចគ្នា ពីការប្រកួតនេះ ហើយលោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ដែលបានចូលរួមក្នុងពិធីបិទ តំណាងឲ្យលោករដ្ឋមន្រ្តី ថោង ខុន ជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា និងជាប្រធាន NOCC នោះ ក៏បានចូលរួមអបអរ ទៅនឹងលទ្ធផលដ៏ល្អរបស់ពួកគេផងដែរ។

ជាមួយគ្នានេះ គេមើលឃើញថា ការប្រកួតប្រជែងរបស់អត្តពលិកក្លិបក្រសួងមហាផ្ទៃ ក្លិបខេត្តក្រចេះ ខេត្តកំពង់ឆ្នាំង និងក្លិបខេត្តតាកែវ រយៈពេល៤ថ្ងៃនេះ គឺមានភាពស្វិតស្វាញខ្លាំង ពិសេសការប្រកួតរវាងក្រុមយុវជន ដែលមានអាយុចន្លោះពី១៤ឆ្នាំ ទៅ១៥ឆ្នាំ ខណៈអ្នកទាំងនេះ ជាថ្នាក់ថ្នាលយ៉ាងសំខាន់ ក្នុងការត្រៀមឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្រោយការប្រកួត កាលពីល្ងាចថ្ងៃអង្គារនោះថា៖ «យើងមើលឃើញថា អត្តពលិករបស់យើង មានការប្រកួតប្រជែងគ្នាខ្លាំង ដោយក្នុងនោះ ក្រុមអត្តពលិកស្ថិតក្នុងអាយុ១៤ទៅ១៥ឆ្នាំ មានភាពលេចធ្លោរខ្លាំងជាងគេ គឺសូម្បីតែគណៈកម្មកាចៅក្រមអន្តរជាតិរបស់យើង ដែលទើបបញ្ចប់ការសិក្សាមកពីខាងក្រៅនោះ ក៏មានការឈឺក្បាលតិចតួច ក្នុងការវែកញែក ក្នុងការផ្តល់ពិន្ទុឲ្យបានសុក្រឹត និងយុត្តិធម៌ ផងដែរ»។

បើតាមលោក ណយ ផាណា បានឲ្យដឹងថា ការប្រកួតកីឡាកាយសម្ព័ន្ធ ជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់ឯកឧត្តមបណ្ឌិត ថោង ខុន លើកទី៣ ឆ្នាំ២០១៩ បានចំណាយអស់២១០០០ដុល្លារ ដោយក្នុងនោះ បានប្រើប្រាស់ថវិការដ្ឋចំនួន៩ពាន់ដុល្លារ ហើយលោករដ្ឋមន្រ្តី បានចំណាយថវិកាផ្ទាល់ខ្លួន សម្រាប់បង្រ្គប់អស់១២០០០ដុល្លារ។ ចំណែកប្រាក់រង្វាន់វិញ អ្នកលេខ១បាន៥០ម៉ឺន លេខ២បាន៤០ម៉ឺន និងលេខ៣បាន៣០ម៉ឺនរៀល៕