ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លោក ថោន ខុន ដែលជាអនុប្រធានអចិន្ត្រៃរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ថា CAMSOC ផងនោះ បានប្រាប់ឲ្យសហព័ន្ធកីឡាជាតិ ត្រូវចាយលុយរដ្ឋទៅតាមខ្ទង់ចំណាយឲ្យបានត្រឹមត្រូវបំផុត ចៀសវាងការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ចប់ ស្រាប់តែមានអ្នកជាប់ទោស ដោយសាអំពើពុករលួយ។

ការក្រើនរំឭករបស់លោក ថោង ខុន ត្រូវបានធ្វើឡើង នៅពេលលោកបានចូលរួមដឹកនាំសិក្ខាសាលាស្តីពី វិធាន និងនីតិវិធីហរិញ្ញវត្ថុ និងកិច្ចការរដ្ឋបាល់របស់ CAMSOC ដែលត្រូវបានធ្វើឡើង នៅទីស្នាក់ការ NOCC កាលពីថ្ងៃអង្គារ ហើយវាក៏ជាពេលដែលអ្នកជំនាញខាងហរិញ្ញវត្ថុរបស់ CAMSOC លោក ប៉ូ រតនា បានពន្យល់ពីនីតិវិធីហរិញ្ញវត្ថុ ដែលសហព័ន្ធត្រូវទទួលបាន និងត្រូវទូទាត់ជាមួយវិក្ក័យបត្រចំណាយទាំងអស់ ត្រឡប់មកខាងហរិញ្ញវត្ថុវិញ ឲ្យបានត្រឹមត្រូវផងដែរ។

លោក ថោង ខុន បានថ្លែងនៅចំពោះមុខសហព័ន្ធកីឡាជាតិទាំងអស់ នៅក្នុងសិក្ខាសាលានោះថា៖«សិក្ខាសាលា នៅថ្ងៃនេះ វាពាក់ព័ន្ធនឹងរឿងលុយ អ៊ីចឹងកាលណាសហព័ន្ធយើងស្នើលុយមក ពេលខ្លះវាបានរលូន លឿនរហ័សទៅ តែពេលខ្លះ វាអត់បានរលូនទេ ដោយសារវានៅមានបញ្ហាពាក់ព័ន្ធទៅនឹងបែបបទផ្សេងៗច្រើនទៀត»។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន បានថ្លែងបន្ថែមថា៖«យើងចាយលុយរដ្ឋត្រូវប្រយ័ត្នប្រយែង កុំឲ្យរួចព្រឹត្តិការណ៍ហើយ ម្នាក់ៗត្រូវគេហៅទៅសួរ ត្រូវបានតុលាហៅទៅសួរ គឺពេលបានមេដាយហើយ ស្រាប់តែមានទោស អាហ្នឹងអត់ស្រួលទេ»។

លោកបានបញ្ជាក់ថា៖ «ខាងកីឡាករ កីឡាការិនី មិនដឹងអីទេ ប៉ុន្តែយើងជាសហព័ន្ធ ត្រូវទទួលខុសត្រូវធំណាស់ ថា ចាយលុយត្រឹមត្រូវ ឬមិនត្រឹមត្រូវ អ៊ីចឹងហើយទើបថ្ងៃនេះ យើងមកជួបគ្នា ដើម្បីស្តាប់ ដើម្បីចៀសវាងពីអ្វីដែលអាចមានការខ្វះចន្លោះចំពោះមុខច្បាប់។ និយាយដោយស្មោះត្រង់ទៅ យើងធ្លាប់ឭហើយថា ក្រោយស៊ីហ្គេម ក្រោយអាស៊ីហ្គេម និងក្រោយអូឡាំពិក តើអ្នកណាខ្លះឡើងតុលាការ ហើយការឡើងតុលា គឺទាក់ទងរឿងលុយនេះឯង»៕