កីឡាករកម្ពុជា សេក គឹមរួម នឹងត្រូវប្រកួតដណ្តើមយកលេខ១ ប្រចាំក្រុមB នៃព្រឹត្តិការណ៍ «កម្ពុជាសង្វៀនគុនខ្មែរ» ជាមួយអ្នកប្រដាល់ថៃ Rith Aiyara នៅសង្វៀន CNC នាព្រឹកថ្ងៃសៅរ៍នេះ ដើម្បីយកឈ្នះបានលេខ១ ឡើងទៅប្រកួតដណ្តើមយកខ្សែក្រវាត់ នៅវគ្គផ្តាច់ព្រ័ត្រជាមួយ ធន់ ចាន់តាក់។

យ៉ាងណាក៏ដោយ នៅក្នុងការប្រកួតដ៏សំខាន់នេះ សេក គឹមរួម បានសារភាពថា រូបគេមានការបារម្ភផង និងអរផង។ គឹមរួន បាននិយាយថា៖«ខ្ញុំពិតជាមានការបារម្ភមែន ព្រោះការប្រកួតនេះ មានលុយច្រើន ហើយអ្នកឈ្នះថែមទាំងបានឡើងទៅប្រកួតដណ្តើមខ្សែក្រវាត់ នៅវគ្គផ្តាច់ព្រ័ត្រទៀតផង អ៊ីចឹងខ្ញុំក៏មានអារម្មណ៍រំភើបផងដែរ ដែលបានឡើងមកដល់ដំណាក់កាលមួយនេះ»។

ចំពោះការជួបគ្នារវាង សេក គឹមរួន និង Rith Aiyara នៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃក្រុមBនេះ គឺអ្នកឈ្នះ នឹងទទួលបានប្រាក់រង្វាន់៥០០ដុល្លារ និងម៉ូតូ Zoomer X មួយគ្រឿងទៀត ចំណែកអ្នកចាញ់ បានប្រាក់រង្វាន់២០០០ដុល្លារ។ បន្ថែមលើនេះ អ្នកឈ្នះបានលេខ១ នឹងត្រូវឡើងទៅប្រកួតផ្តាច់ព្រ័ត្រ ដណ្តើមយកខ្សែក្រវាត់ ជាមួយអ្នកលេខ១ក្រុមA ដែលគេដឹងថា ជា ធន់ ចាន់តាក់ ហើយក្នុងវគ្គនេះ អ្នកឈ្នះខ្សែក្រវាត់ នឹងទទួលបានប្រាក់រង្វាន់៦០០០ដុល្លារ និងអ្នកចាញ់បាន៣០០០ដុល្លារ។

សម្រាប់ការប្រកួតជម្រុះ២លើកកន្លងមកនេះ សេក គឹមរួន បានផ្តួលកីឡាករថៃ ឲ្យសន្លប់នៅទឹកទី៥ មុនពេលរូបគេបានម៉ាត់ឲ្យមិត្តរួមជាតិ អេលីត ភក្តី សន្លប់ធំ នៅក្នុងទឹកទី២ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រប្រចាំក្រុមBនេះ។ រីឯ ២ប្រកួតរបស់ Rith Aiyara គឺគេបានផ្តួល កូយ ឡាយ នៅទឹកទី២ និងឈ្នះមិត្តរួមថៃ Far Singthorng ដោយពិន្ទុ នៅវគ្គ១/២ផ្តាច់ព្រ័ត្រ។
កីឡាករ សេក គឹមរួម និង Rith Aiyara ធ្លាប់បានជួបគ្នាម្តងហើយ កាលប្រកួតជម្រុះដណ្តើមខ្សែក្រវាត់ នៅសង្វៀនបាយ័ន កាលពី២ឆ្នាំមុន ដោយកាលនៅ គឹមរួន បានយកឈ្នះដោយពិន្ទុ ចំណែកការជួបគ្នាលើកនេះ គឹមរួន មើលឃើញថា Rith Aiyara មិនមានអ្វីប្លែកខុសពីមុនប៉ុន្មានទេ។

សេក គឹមរួន បានបញ្ជាក់ថា៖ «ខ្ញុំមើលឃើញថា គេមិនមានអ្វីប្លែកខុសពីមុននោះទេ។ គេបានទាត់ ល្អជង្គង់ និងមានភាពរឹងមាំ ប៉ុន្តែខ្ញុំបានខំហ្វឹកហាត់ បង្កើនគុណភាពកម្លាំងបានច្រើន ដើម្បីត្រៀមទប់ទល់ការចាប់បុកជង្គង់របស់គេ ព្រោះខ្ញុំមិនពូកែ ខាងចូលឡាំជង្គង់នោះទេ។ ចំណែកទំនុកចិត្តវិញ ខ្ញុំតែងតែមានការជឿជាក់លើខ្លួនឯង៨០ភាគរយ ព្រោះបើយើងមិនជឿជាក់លើខ្លួនឯង តើទៅវ៉ៃជាមួយគ្នាម្តេចនឹងកើត?»។

ជាមួយគ្នានោះដែរ កីឡាករកម្ពុជា អេលីត ភក្តី នឹងត្រូវប្រកួតដណ្តើមយកលេខ៣ ប្រចាំក្រុមBនេះ ជាមួយថៃ Far Singthorng ដោយអ្នកឈ្នះ នឹងទទួលបានប្រាក់រង្វាន់១៥០០ដុល្លារ និងអ្នកចាញ់១០០០ដុល្លារ ខណៈការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កន្លងមកនេះ អេលីត ភក្តី ត្រូវបាន សេក គឹមរួន ម៉ាត់ឲ្យសន្លប់នៅក្នុងទឹកទី២ ហើយ Far Singthorng បានចាញ់ពិន្ទុ Rith Aiyara៕