សករាជថ្មី នៃអធិរាជគុនខ្មែរ ISI PALM-ISI PIPE រដូវកាលថ្មី របស់ស្ថានីយទូរទស្សន៍ PNN នឹងចាប់ដំណើរការប្រកួតប្រជែង នៅថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ ដើម្បីស្វែងរកបេក្ខភាពខ្លាំងៗ ឆ្ពោះទៅប្រកួតដណ្តើមយកខ្សែក្រវាត់មាស អមជាមួយប្រាក់រង្វាន់១ម៉ឺនដុល្លារ នៅវគ្គផ្តាច់ព្រ័ត្រ។

កីឡាករកម្ពុជា៨នាក់ និងអ្នកប្រដាល់ថៃ៨នាក់ ត្រូវបានជម្រើសរើសឲ្យចូលរួមប្រកួត រដូវកាលទី២ ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាមនេះ ក្នុងនោះបេក្ខភាពរបស់ម្ចាស់ផ្ទះកម្ពុជា មាន ម៉ន សាម៉េត, វ៉ាន់ វឿន, អេ ណារ័ត្ន, ពេជ្រ ម្ទេសខ្មាំង, លាភ រដ្ឋា, ប៊ុន សុធា, អេលីត ចំរើន និង ឃួន ឡាំងកូស៊ីន ខណៈបេក្ខភាពទាំង៨នាក់របស់ថៃ មាន Khom Pichit, Khom Pyak, Phai Ngin, Petch Chhomphon, Kam Laiyok, Chai Pahen,Na Konloung និង Pyak Ensee។

ទាក់ទងទៅនឹងរូបមន្តនៃការប្រកួតរដូវកាលទី២នេះ ត្រូវបានលោក ស្រ៊ឺ ស្រេង ហៅ សំណព្វ អ្នកគ្រប់គ្រងកីឡាប្រចាំនៅ PNN បានប្រាប់ថា ភាគី ឬពូលកម្ពុជា ទាំង៨នាក់ ត្រូវប្រកួតជម្រុះតាមរូបមន្តចាញ់ធ្លាក់ៗ ជាមួយកីឡាករថៃទាំង៨នាក់ នៅវគ្គជម្រុះ១៦នាក់ដំបូង។

លោកបានបន្ថែមថា ចំណែកអ្នកឈ្នះទាំង៨នាក់ ដែលទទួលបានជ័យជម្នះ នៅក្នុងវគ្គជម្រុះ១៦នាក់ គឺកំណត់ឲ្យចាប់ឆ្នោត ដើម្បីប្រកួតគ្នា រកអ្នកឈ្នះខ្សែក្រវាត់ប្រាក់ទាំង៤នាក់ ហើយអ្នកទាំង៤នាក់នេះ ក៏ជាបេក្ខភាព ដែលត្រូវបន្តឡើងទៅប្រកួតដណ្តើមខ្សែក្រវាត់មាស អមជាមួយប្រាក់រង្វាន់ចំនួន១ម៉ឺនដុល្លារ ផងដែរ។

ជាមួយនឹងលក្ខណៈប្រកួត ដ៏គួរឲ្យចាប់អារម្មណ៍នេះ កីឡាករខ្លួនតូចចិត្តធំ ម៉ន សាម៉េត នឹងត្រូវឡើងប្រកួតជម្រុះមុនគេ ដោយត្រូវគេត្រូវប៉ះអ្នកប្រយុទ្ធរបស់ថៃ Khom Pichit ហើយអ្នកឈ្នះ នឹងត្រូវឡើងទៅឈរចាំនៅវគ្គ៨នាក់ មុនគេ ហើយនៅថ្ងៃអាទិត្យនោះដែរ ជើងខ្លាំងវ័យក្មេងមកពីខេត្តបាត់ដំបង ឈុត សេរីវ៉ាន់ថង ត្រូវល្បងក្បាច់វ៉ៃប្រហារ តទល់ជាមួយជើងខ្លាំងថៃ Nitikorn ក្នុងការប្រកួតមិត្តភាពអន្តរជាតិ ទម្ងន់៦០គីឡូក្រាម។

គួររំឭកថា សម្រាប់ការប្រកួតអធិរាជគុនខ្មែរ ISI PALM-ISI PIPE រដូវកាលទី១ ឆ្នាំ២០១៩ ជើងខ្លាំង ឡៅ ចិត្ត្រា បានក្លាយជាម្ចាស់ខ្សែក្រវាត់មាស ក្នុងទម្ងន់៦០គីឡូក្រាម អមជាមួយប្រាក់រង្វាន់១ម៉ឺនដុល្លារ បន្ទាប់ពីរូបគេបានផ្តួលជនរួមជាតិ លន បញ្ញា ឲ្យសន្លប់ធំ នៅត្រឹមទឹកទី២នោះ៕