ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងដៃគូសហការ បានឈានដល់ការឯកភាពគ្នា ក្នុងការដាក់បញ្ចូននូវប្រភេទកីឡាចំនួន៣ទៀត ដើម្បីឲ្យមានការប្រកួត ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២០ ដែលគ្រោងនឹងរៀបចំឡើងចាប់ពីថ្ងៃទី២៥ ខែឧសភា រហូតដល់ថ្ងៃទី៥ ខែមិថុនា។
ចំពោះប្រភេទកីឡាទាំង៣ប្រភេទ ដែលត្រូវបានឯកភាព ដាក់បញ្ចូល ក្នុងការប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២០នេះ រួមមានកីឡាម៉ូតូទឹក អុកចត្រង្គ និងកីឡាជិះសេះ ហើយការដាក់បញ្ជូននេះ បានធ្វើឲ្យការប្រកួតកីឡាជាតិ លើកទី៣នេះ មានប្រភេទកីឡាចូលរួម កើនដល់៣០។
យ៉ាងណាក៏ដោយ មន្រ្តីកីឡា ដែលអនុវត្តលើការងារនេះ បានបង្ហើបថា បើទោះបីជា ការប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២០នេះ មានការកើនឡើងនៅប្រភេទកីឡាចំនួន៣ទៀត ប៉ុន្តែខ្ទង់ចំណាយ ទៅលើការរៀបចំ គឺក្នុងរង្វង់ទឹកប្រាក់៦០០០លានរៀល ដូចការប្រកួតកីឡាជាតិ លើកទី២ កាលពីឆ្នាំ២០១៨ដែរ។
ចំណែកលោក ហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា បានប្រាប់កាសែតក្នុងស្រុកមួយថា៖«ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចបង្កើនកីឡា៣ប្រភេទមែន ប៉ុន្តែការចំណាយ ក្នុងការប្រកួតកីឡាជាតិ លើកទី៣នេះ ត្រូវធ្វើឲ្យមានប្រសិទ្ធភាព ដោយផ្តោតខ្លាំងទៅលើគុណភាព មិនមែនបរិមាណទេ គឺក្នុងរង្វង់ត្រឹមតែ៦០០០លានរៀលប៉ុណ្ណោះ អ៊ីចឹងថវិកាមិនកើនទេ គឺកើនតែប្រភេទកីឡាដល់៣០ រីឯការប្រកួតជម្រាញ់យកអត្តពលិក គឺត្រូវតែមានសមត្ថភាពល្អ»។
គួររំឭកថា ប្រភេទកីឡាចំនួន២៧ ដែលត្រូវបានដាក់ឲ្យប្រកួតកីឡាជាតិ លើកទី២ កាលពីឆ្នាំ២០១៨ រួមមាន មានកីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ វាយសី វាយកូនបាល់ ចំបាប់ វាយកូនឃ្លីលើតុ តេក្វាន់ដូ(WTF) ហែលទឹក ល្បុក្កតោ កាយសម្ព័ន្ធ ប្រដាល់សកល សូរិនស្ស៊ិកាំប៉ូ តេក្វាន់ដូ(ITF) ការ៉ាតេ ប្រដាល់គុនខ្មែរ យូដូ ទ្រីយ៉ាត្លុង វ៉ូវីណាម បេស្បល ប្រណាំងទោចក្រយាន សីដក់ បាញ់កាំភ្លើង បាល់ឱប និងកីឡាសូហ្វតិន្នីស ហើយការប្រកួតយកតាមលំនាំស៊ីហ្គេមនេះ គឺត្រូវបានធ្វើឡើង ដើម្បីពង្រឹងទាំងធនធានកីឡាករ និងមន្រ្តីបច្ចេកទេស ត្រៀមឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ៣០២៣៕