កីឡាករគុនចម្រុះម្ចាស់ខ្សែក្រវាត់កម្រិតពិភពលោក Christian Lee ឬ ឈ្មោះហៅក្រៅ «The Warrior» បានធ្វើឲ្យសុបិនបានក្លាយជាការពិតនៅឆ្នាំ ២០១៩ និង បន្តបេសកកម្មបន្ថែមទៀតនៅឆ្នាំ ២០២០នេះ។

បន្ទាប់ពីផ្ដួល Shinya Aoki ឬ «Tobikan Judan» ដើម្បីគ្រងខ្សែក្រវាត់ ONE Lightweight World Title កាលខែ ឧសភា Lee នៅបន្តសកម្មភាពប្រកួតដ៏អស្ចារ្យរបស់ខ្លួន។ Lee ទទួលបានសំណើប្រកួតទល់នឹងមិនយូរប៉ុន្មានទល់នឹង Saygid Guseyn Arslanaliev ហើយបានយកឈ្នះកីឡាកររូបនេះដោយពិន្ទុជាឯកច្ឆន្ទនៅវគ្គផ្ដាច់ព្រ័ត្រដើម្បីគ្រងខ្សែក្រវាត់ ONE Lightweight World Grand Prix Championship កាលខែតុលា កន្លងទៅ។

ឥឡូវនេះជើងខ្លាំងគុនចម្រុះសញ្ជាតិសិង្ហបុរី កំពុងសម្លឹងរកគូប្រកួតឆ្នាំ២០២០ ក្នុងទម្ងន់ lightweight របស់ខ្លួន។ «ខ្ញុំមានអារម្មណ៍ថា អ្វីៗកំពុងតែជំរុញកាន់តែខ្លាំងសម្រាប់ខ្លួនឯង និង ស្រេកឃ្លានចំពោះការប្រកួតទល់នឹងគូប្រជែងដែលធ្លាប់ជួបពីមុនបន្ទាប់ពីឈ្នះខ្សែក្រវាត់។ ឃើញច្រើនដងហើយ ពេលកីឡាករមួយចំនួនឈ្នះខ្សែក្រវាត់ និង ក្លាយជាជើងឯក ប៉ុន្តែ ពួកគេបែរផ្អាកការហ្វឹកហាត់។ ពួកគេបញ្ឈប់ការជំរុញទឹកចិត្តខ្លួនឯង ព្រោះពួកគេគិតថាគ្រប់គ្រាន់ហើយ។

សម្រាប់ខ្ញុំវិញ ខ្ញុំនៅតែស្រេកឃ្លាននឹងជ័យជម្នះគ្រប់គូប្រជែង ដូចកាលខ្ញុំឈ្នះខ្សែក្រវាត់អីចឹងដែរ។ ខ្ញុំមិនផ្អាកការហ្វឹកហាត់ទេ»។ កីឡាករវ័យ ២១ ឆ្នាំថ្លែងបែបនេះ។ ម្ចាស់ខ្សែក្រវាត់ពីរពីស្ថាប័ន ONE Championship ជាកីឡាករកំពូលម្នាក់ក្នុងទម្ងន់ Lightweight ហើយរូបគេនៅតែធ្វើការយ៉ាងខ្លាំងដើម្បីការពារខ្សែក្រវាត់របស់ខ្លួន មិនឲ្យរបូតនៅឆ្នាំ ២០២០។

Lee ធ្លាប់ប្រាប់អំពីអ្នកត្រូវជួបមាន Eddie Alvarez ដែលជាកីឡាករមានសក្ដានុពលម្នាក់ ហើយបើសិនជាអាចឈ្នះកីឡាករវីរបុរសរូបនេះគឺពិតជាល្អណាស់សម្រាប់រូបគេ។
កីឡាករគុនចម្រុះមកពីសិង្ហបុរី ជឿជាក់ថា ៖«ពេល Eddie ចុះកុងត្រាប្រកួតឲ្យ ONE Championship ខ្ញុំនៅប្រកួតត្រឹមទម្ងន់ featherweight ប៉ុន្តែ ខ្ញុំបាននិយាយថា បើសិនការប្រកួតកើតឡើងមែន វាពិតជាពិសេសណាស់។

ខ្ញុំគិតថាវាជាការចាប់គូដ៏ល្អមួយពេលប៉ះកីឡាករអាមេរិករូបនេះ។ ខ្ញុំរំពឹងថា Eddie ធ្វើបានល្អនៅឆ្នាំ ២០២០។ គាត់ជាកីឡាករល្អបំផុតមួយនៅទម្ងន់ lightweight»។ វាអាចជាការប្រកួតធំបំផុតពេលប៉ះខ្ញុំ។ ហើយវាគឺជាការការពារខ្សែក្រវាត់របស់ខ្ញុំនៅឆ្នាំ ២០២០ នេះដែរ»។

ចំណែកកីឡាករមួយរូបទៀត ដែល Lee បង្ហើបថាអាចប្រឈមមុខដាក់គ្នាដែរនោះ គឺ Timofey Nastyukhin។ កីឡាករមកពីរុស្សីល្បីឈ្មោះមិនស្ទើរទេពេលផ្ដួល Alvarez ត្រឹមទឹកទី១កាលវគ្គ៨នាក់ចុងក្រោយក្នុងការប្រកួតខ្សែក្រវាត់ ONE Lightweight World Grand Prix។ Timofey ត្រូវបានគេមើលឃើញថាជាជាកីឡាករអាចឈ្នះខ្សែក្រវាត់នេះ ប៉ុន្តែរូបគេដកខ្លួនដោយសារតែរបួស។

នាពេលនេះ Nastyukhin បានជាសះស្បើយហើយ និងអាចត្រលប់មកប្រជែងយកខ្សែក្រវាត់លំដាប់ពិភពលោកឡើងវិញ។ «The Warrior» គូសបញ្ជាក់ទៀតបែបនេះ៖«ខ្ញុំស្រលាញ់ការប្រកួតរបស់គាត់។ ខ្ញុំបានទស្សនាការប្រកួតរបស់ Timofey តាំងពីរូបគេចាប់ផ្ដើមប្រកួតនៅ ONE Championship។ ដ្បិតរូបគេរបួសច្រើនដងក្នុងអាជីព ប៉ុន្តែ គេតែងតែធ្វើឲ្យអ្នកគាំទ្ររំភើប។ គេជាកីឡាករដ៏គ្រោះថ្នាក់ម្នាក់។ គាត់ជាបេក្ខភាពដណ្ដើមខ្សែក្រវាត់ពិតៗ»។

បែបណាក្ដី Lee សម្ដែងភាពរំភើបចិត្តដើម្បីការពារខ្សែក្រវាត់ ONE Lightweight World Title ទល់នឹងកីឡាករល្អៗជាច្រើននៅឆ្នាំ ២០២០ នេះ។ Lee ចង់ទទួលបានកិត្យានុភាពថែមទៀតក្នុងប្រភេទទម្ងន់របស់ខ្លួន។ មួយវិញទៀត ម្ចាស់ខ្សែក្រវាត់របស់សិង្ហបុរីក៏ចង់ជួបគូប្រជែងរយៈពេលយូរមកហើយ គឺ ម្ចាស់ខ្សែក្រវាត់ ONE Featherweight World Champion កីឡាករ Martin Nguyen។ បើសិនជាអាច វានឹងក្លាយជាការប្រកួតលើកទី៣ និងជាការប្រកួតដើម្បីដណ្ដើមខ្សែក្រវាត់មួយផ្សេងទៀត។

«ទោះជា ខ្ញុំជាស្ដេចក្នុងប្រភេទទម្ងន់ lightweight ប៉ុន្តែវាមិនទាន់បញ្ចប់ទេក្នុងទម្ងន់ featherweight។ យើងចង់ប្រកួតទល់នឹង [Martin] ជាថ្មីសម្រាប់ខ្សែក្រវាត់នៅឆ្នាំ ២០២០។ ព្រោះចង់បានខ្សែក្រវាត់មួយក្នុងទម្ងន់ featherweight»។ Lee រៀបរាប់បែបនេះ។

ម្ចាស់ខ្សែក្រវាត់ ONE Lightweight World Champion មានគោលដៅជាច្រើននៅថ្ងៃអនាគត និង មានរឿងជាច្រើនត្រូវអភិវឌ្ឍខ្លួន។ ទោះកំពុងកាន់ខ្សែក្រវាត់ពីរក្ដី «The Warrior» មិនអាចភ្លេចខ្លួនបានឡើយ។ Lee ពន្យល់ថា៖«ទោះឡើងដល់ចំណុចកំពូលទាំងខ្ញុំ និង បងស្រីរបស់ខ្ញុំ Angela Lee យើងនៅនៅតែដាក់ខ្លួន និង ខំប្រឹងប្រែងខ្លាំង។ យើងមិនឲ្យភាពល្បីល្បាញលប់លើការប្រឹងប្រែងឡើយ។ យើងត្រូវហ្វឹកហាត់រៀងរាល់ថ្ងៃ។ នោះហើយជាភាពជោគជ័យពិតប្រាកដ និង មិនមានអ្វីផ្លាស់ប្ដូរទេនៅឆ្នាំ២០២០ នោះទេ»។

កុំភ្លេចទស្សនា កម្មវិធីបន្ទាប់របស់ស្ថាប័ន ONE Championship សូមទស្សនា ONE: A NEW TOMORROW នៅថ្ងៃទី ១០ ខែ មករា ចាប់ពីវេលាម៉ោង ៧ ល្ងាចតទៅដែលមានផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App។

អត្ថបទ៖ ស៊ីធី