ក្រុមបាល់ទាត់តំណាងឲ្យក្លិប និងសាលាតម្រង់ទិស នៅតាមខេត្តមួយចំនួន បាននឹងកំពុងបង្ហាញភាពខ្លាំងរៀងៗខ្លួន ដើម្បីបន្តឈរនៅលើកំពូលតារាង នៃការប្រកួតពានរង្វាន់យុវជនអាយុក្រោម១៨ឆ្នាំ ប្រចាំឆ្នាំ២០១៩ ដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

តាមរយៈការប្រកួត៣សប្តាហ៍ កន្លងមកនេះ ក្រុមយុវជនវិសាខា កំពុងតែឈរនៅកំពូលតារាងប្រចាំពូលA ដោយឈ្នះទាំង២ប្រកួត នាំមុខក្រុមចំនួន៤ទៀត ដែលឈរនៅពូលជាមួយគ្នា។ រីឯក្រុមយុវជនបឹងកេត ក៏បានឈ្នះទាំង២ប្រកួត ដើម្បីឈរនៅលេខ១ ប្រចាំពូលB ផងដែរ។

ចំណែកក្រុមសាលាតម្រង់ទិសវិទ្យាល័យហ៊ុនសែនកំពង់ត្រឡាច កំពង់ឆ្នាំង បានឈ្នះទាំង២ប្រកួត ដើម្បីឈរនៅលេខ១ ប្រចាំពូលC ខណៈក្រុមសាលាតម្រង់ទិសវិទ្យាល័យត្បែងមានជ័យ ព្រះវិហារ ក៏ធ្វើបានល្អផងដែរ ដោយឈ្នះ១ និងស្មើ១ ដើម្បីឈរនៅលេខ១ ប្រចាំពូលD។

ជាមួយគ្នានេះក្រុមសាលាតម្រង់ទិសវិទ្យាល័យព្រះរាជបូជនីយកិច្ច ស្ទឹងត្រែង រួមទាំងក្រុមសាលាតម្រង់ទិសវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនមេម៉ត់ ខេត្តត្បូងឃ្មុំ សាលាតម្រង់ទិសខេត្តកោះកុង និងក្រុមនរគរាជអេហ្វស៊ី សុទ្ធតែបានឈ្នះ ក្នុងការប្រកួតលើកទី១របស់ខ្លួន ដើម្បីឈរនៅលេខ១ នៅតាមពូល E F G និងពូល H រៀងៗខ្លួន។

យ៉ាងណាក៏ដោយ នេះគ្រាន់តែជាចំណាត់ថ្នាក់បណ្តោះអាសន្នប៉ុណ្ណោះ គឺអ្វីៗអាចនឹងប្រែប្រួល សម្រាប់ការប្រកួតប្រចាំសប្តាហ៍ក្រោយៗទៀត ខណៈការប្រកួតពានរង្វាន់យុវជនអាយុក្រោម១៨ឆ្នាំនេះ មានក្រុមចូលរួមសរុបចំនួន៣៦ ហើយបានចែកការប្រកួតជា៨ពូល និងគ្រោងបញ្ចប់នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩៕