ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោក តំបន់ឆ្នេរសមុទ្រកម្ពុជា លើកទី១ ឆ្នាំ២០២០ ដោយប្រើពេលប្រកួត៣ថ្ងៃ និងបានឆ្លងកាត់ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត និងបានបញ្ចប់ខេត្តកែប កាលពីថ្ងៃចន្ទ ត្រូវបានគណៈកម្មការអន្តរជាតិ វាយតម្លៃថា ជាព្រឹត្តិការណ៍ល្អដាច់គេ ហើយកីឡាករកម្ពុជា៣នាក់ ត្រូវបានវាយតម្លៃថា ជាកីឡាករដែលមានកម្រិតសមត្ថភាពល្អដាច់គេ។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានថ្លែង នៅក្នុងពិធីបិទថា៖ «តាមរយៈការប្រណាំងកង់ពិភពលោក តំបន់ឆ្នេរសមុទ្រកម្ពុជា លើកទី១ គឺយើងបាននាំក្បួនប្រណាំងកង់ពិភពលោក ឲ្យឆ្លងកាត់តំបន់ឆ្នេរសមុទ្រ និងតំបន់អេកូទេសចរណ៍របស់យើងជាច្រើន ហើយគណៈកម្មការអន្តរជាតិ បានវាយតម្លៃថា ព្រឹត្តិការណ៍លើកនេះ ល្អដាច់គេ»។

លោកបានបន្ថែមថា៖ «គណៈកម្មការបច្ចេកទេស UCI បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះស្ថានភាពផ្លូវ អមដោយសម្បត្តិធម្មជាតិដ៏ល្អឯក តាំងពីខេត្តកោះកុង រហូតដល់កំពូលភ្នំបូកគោ ហើយភាពអំណោយផលទាំងនេះ យើងនឹងឈានទៅបន្តរៀបចំការប្រណាំងកង់ពិភពលោក តំបន់ឆ្នេរសមុទ្រកម្ពុជានេះ នៅឆ្នាំ២០២១ ព្រោះលទ្ធផល ដែលយើងទទួលបាន គឺការផ្សព្វផ្សាយពីតំបន់អេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិ ព្រមទាំងទេសចរណ៍តំបន់ឆ្នេរសមុទ្រ ដែលយើងសរុបចម្ងាយការប្រណាំងមានជាង៥០០គីឡូម៉ែត្រ»។

សម្រាប់ការប្រណាំងកង់ពិភពលោក តំបន់ឆ្នេរសមុទ្រកម្ពុជានេះ មានការចូលរួមពីប្រទេសចំនួន១៥ ដែលចែកការប្រកួតជា២០ក្រុម ដោយក្នុងនោះមានកីឡាករ១២០នាក់ និងប្រតិភូអមដំណើរចំនួន១៨០នាក់ ហើយព្រឹត្តិការណ៍នេះ មានការប្រកួតជា៣ដំណាក់កាល ដោយឆ្លងកាត់៤ខេត្ត។

យ៉ាងណាក៏ដោយ បើតាមលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការទេសចរណ៍ និងជាអគ្គលេខាធិការ NOCC បានឲ្យដឹងថា នៅក្នុងការប្រកួតដំណាក់កាលទី៣ កាលពីថ្ងៃចន្ទ គឺនៅសល់កីឡាករប្រមាណ៧៤នាក់ទេ ក្រោយប្រកួតជម្រុះអស់២ថ្ងៃកន្លងមក ហើយជាលទ្ធផល គឺមានកីឡាករជិះបានមកដល់ទី តាមលក្ខណៈបច្ចេកទេសត្រឹម៥៤នាក់ទេ។

តាមរយៈការប្រកួត៣ថ្ងៃនេះ កីឡាករពាក់ស្លាកលេខ៧១ Phounsavath Ariya របស់ឡាវ បានទទួលចំណាត់ថ្នាក់លេខ១ ដោយប្រើថិរវេលា១១:៥៥:០២ម៉ោង ឯកីឡាករពាក់លេខ១២របស់ម៉ាឡេស៊ី Mohd zariff Muhamad Nur Aiman របស់ក្រុម Sapura cycling ប្រើពេល១១:៥៧:២១ ម៉ោង ដើម្បីទទួលបានលេខ២ ហើយលេខ៣បានទៅកីឡាករពាក់លេខ២១របស់ហុងកុង Fung Ka Hoo មកពីក្រុម HKSI Pro Cycling ដោយប្រើពេល១១:៥៧:២៧ ម៉ោង ចំណែកកីឡាករចំនួន១២នាក់ទៀត ក៏បានជាប់ចំណាត់ថ្នាក់ ក្នុងការប្រកួតនេះដែរ។

ចំណែកកីឡាករធ្វើបានល្អ និងក្មេងជាងគេ បានទៅកីឡាករម៉ាឡេស៊ី Rosli Muhammad Nurfitri Ammar ដោយទទួលបានជយលាភីអាវពណ៌ស, កីឡាករប្រណាំងជែងល្អជាងគេ បានទៅកីឡាករម៉ាឡេស៊ី Mohd Zariff Muhamad Nur Aiman ទទួលបានជយលាភីអាវពណ៌បៃតង, កីឡាករប្រណាំងឡើងភ្នំល្អជាងគេ កីឡាករហុងកុង Choy Hiu Fung ទទួលបានជយលាភីអាវក្រហម, កីឡាករធ្វើបានល្អជាងគេ ទាំងជែង និងឡើងភ្នំ បានទៅកីឡាករហុងកុង Phounsavath Ariya ដោយទទួលបានជាជ័យលាភីអាវពណ៌លឿង។

ជាមួយគ្នានេះ កីឡាករ សាន ណាវម៉ាវ, ហួត ឡូយរស្មី និង គីម ចាន់ធូ ត្រូវបានគណៈកម្មការបច្ចេកទេសរបស់ UCI វាយតម្លៃថា ជាអត្តពលិក ដែលធ្វើបានល្អ និងទទួលចំណាត់ល្អជាងគេប្រចាំនៅកម្ពុជា៕