អ្នក​ប្រដាល់​មក​ពី​ខេត្ត​បាត់ដំបង​ ណាំ​ ម៉ូរ៉ាក់​ ឈ្នះ​ពិន្ទុ​ដៃគូ​ដោយ​ប្រផឹតប្រផើយ​ប៉ុណ្ណោះ​បាន​ឱកាស​ឡើង​ទៅ​ជុំ​ទី២​ នៃ​កម្មវិធី​ប្រកួត​ជម្រុះ​ចាញ់​ធ្លាក់​ពាន​រង្វាន់​ TV5​ ទម្ងន់​ ៦៣,៥​គីឡូក្រាម​កាល​ពី​ថ្ងៃ​សៅរ៍​ ទី២៨​ ធ្នូ​ ២០១៩។​

ណាំ​ ម៉ូរ៉ាក់​ វ៉ៃ​ឆ្លាត​តែ​ម្ដង​ ព្យាយាម​ចូល​វ៉ៃ​យក​ពិន្ទុ​ម្ដង​បន្តិច​ៗ​ ដោយ​មិន​ចាំ​បាច់​ស្ទាបស្ទង់​យូរ​នោះ​ឡើយ។​ ទឹក​ទី១​ អ្នក​ប្រដាល់​រូប​នេះ​ចេញ​កណ្ដាប់ដៃ​ផង​ និង​ទាត់​ផង​ ខណៈ​នៅ​ពេល​ដៃគូ​វ៉ៃ​តបត​វិញ​គឺ​ឆាក​ចេញ​មិន​ឲ្យ​គេ​វ៉ៃ​ត្រូវ​នោះ​ឡើយ។​

ការ​ប្រកួត​ឈាន​ដល់​ទឹក​ទី២​ អ្នក​ប្រដាល់​ដើម​កំណើត​ពី​ខេត្ត​បាត់ដំបង​ខាង​លើ​នេះ​ ហាក់​ចង់​ប្ដូរ​កណ្ដាប់ដៃ​គ្នា​ជា​មួយ​ មាស​ សារ៉ាក់​ និង​ព្យាយាម​វ៉ៃ​បែប​ប្រយោល​ជាជាង​ចាប់​អោប​ដោយ​សារ​ដឹង​ថា​ខ្លួន​ល្អ​ដៃ។​ ការ​ប៉ះ​គ្នា​រវាង​ ណាំ​ ម៉ូរ៉ាក់​ និង​ មាស​ សារ៉ាក់​ គឺ​បន្ត​រហូត​ចប់​ទឹក​ទី៣​ ដោយ​លទ្ធផល​ចាញ់​ឈ្នះ​គ្នា​ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ។​

គូ​ពាន​រង្វាន់​ទី១​ ណាំ​ ម៉ូរ៉ាក់​ ឈ្នះ​ពិន្ទុ​កីឡាករ​ មាស​ សារ៉ាក់​ និង​គូ​ពាន​រង្វាន់​ទី២​ វេង​ សុភ័ក្រ​ ឈ្នះ​សន្លប់​ទឹក​១​ លើ​កីឡាករ​ ភុន​ សោភ័ណ្ឌ។​ ដូច្នេះ​ ណាំ​ ម៉ូរ៉ាក់​ និង​ វេង​ សុភ័ត្រ​ ទាំង​ពីរ​នាក់​នេះ​បាន​ឡើង​ទៅ​ជុំ​ទី២​ ពាន​រង្វាន់​ TV5៕​

អត្ថបទ៖ នួន ស៊ីណា​ Credit: Sabay