លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាគុនខ្មែរ បានអះអាងថា សម្រេចសេចក្តី របស់ក្រុមមន្រ្តីបច្ចេកទេស នៅលើសង្វៀននានា សុទ្ធតែធ្វើឡើងទៅតាមច្បាប់ និងបទបញ្ជានៃប្រកួតត្រឹម ប៉ុន្តែ សហព័ន្ធ បានចង់ច្បាប់មួយ ដើម្បីទប់ស្កាត់ការប្រកួតមិនប្រក្រតី ក្នុងព្រឹត្តិ្កការណ៍ប្រកួតធំៗ ពិសេសការប្រកួតផ្តាច់ព្រ័ត្រ ដណ្តើមខ្សែក្រវាត់ ព្រោះសហព័ន្ធ មិនអាចបំពាក់ខ្សែក្រវាត់ ដល់កីឡាករ ដែលធ្វើជាសន្លប់ ដោយមិនស័ក្តិសមនោះទេ ព្រោះវាគ្មានគុណភាពទាល់តែសោះ។

លោក តែម ម៉ឺន បានថ្លែងថា៖ «ចំពោះកីឡាករ ដែលប្រព្រឹត្តមិនស័ក្តិសម ហើយគណៈកម្មការបច្ចេកទេសរបស់យើង មិនផ្តល់លទ្ធផលឈ្នះ ឬជោគជ័យដល់គេនោះទេ គឺធ្លាប់កើតមានច្រើនណាស់ ហើយការប្រកួតរបស់យើង មានច្បាប់ចែងច្បាស់លាស់ ពិសេសបញ្ហាបំពានលើលក្ខខណ្ឌបច្ចេកទេសទៅលើគូប្រកួត ដែលតែងតែកើតមានឡើង»។

លោកបានបន្តថា៖«ទោះបីជាបទបញ្ជារបស់យើង បានចែងច្បាស់លាស់ក៏ពិតមែន ប៉ុន្តែយើងក៏មានចំណុចទប់ស្កាត់ កីឡាករណា ដែលធ្វើពុត មិនស័ក្តិសម ដោយធ្វើជាសន្លប់ ផងដែរ ព្រោះយើងមិនអាចអនុញ្ញាតបំពាក់ខ្សែក្រវាត់ដល់កីឡាករសន្លប់មិនស័ក្តិសមនោះ ជាដាច់ខាត»។

លោក តែម ម៉ឺន បានថ្លែងបែបនេះ នៅពេលលោកបានចូលរួមសន្និសីទកាសែត ស្តីពីការប្រកួតដណ្តើមខ្សែក្រវាត់មាស នៅលើសង្វៀន PNN កាលពីសប្តាហ៍មុន ហើយការពាក់ព័ន្ធទៅនឹងចងច្បាប់ ទប់ស្កាត់កីឡាករប្រកួតធ្វើពុតនេះ គឺលោក តែម ម៉ឺន ចង់បញ្ជាក់ដល់សាធារណៈជន ពិសេសក្រើនរំឭកដល់គ្រូបង្វឹក និងកីឡាករផ្ទាល់ ឲ្យខំប្រឹងហ្វឹកហាត់ និងប្រកួតឲ្យអស់សមត្ថភាព ចៀសវាងការធ្វើពុត ចង់ស៊ីឡាក់ គឺសហព័ន្ធ មិនអនុញ្ញាតឲ្យឈ្នះដោយវិធីនេះទេ ព្រោះវាគ្មានគុណភាពទាល់តែសោះ។

ប្រធានសហព័ន្ធកីឡាប្រដាល់រូបនេះ បានបញ្ជាក់ថា៖ «ទោះបីជាកីឡាករម្ខាងទៀត មានកាយវិការវាយថែមខុសមែន ប៉ុន្តែការប៉ះពារទៅលើកីឡាករម្ខាងទៀត មិនមានលក្ខណៈធ្ងន់ធ្ងររហូតដល់ថា សន្លប់ ប្រកួតមិនបាន គឺលក្ខណៈបែបនេះ យើងមិនអនុញ្ញាតឲ្យទេ លើកលែងតែករណីវាធ្ងន់ធ្ងរ វាសន្លប់មែន អាហ្នឹងត្រូវតែកាត់សេចក្តីឲ្យឈ្នះហើយ ចំណែកអ្នកដែលវាយថែម ត្រូវតែចាញ់»។

លោកបានសង្កត់ធ្ងន់ថា៖ «តាមកាយវិការវាយថែម វាខុសហើយ មិនថាដៃ ជើង កែង នោះទេ ប៉ុន្តែបើប៉ះត្រឹមសមល្មម មិនជាធ្ងន់ទេ តែធ្វើជាសន្លប់ គឺលក្ខណៈបែបនេះ គណៈកម្មការរបស់យើង អត់ឲ្យឈ្នះទេ ព្រោះយើងមានការសរសេរចងច្បាប់ប្រកួតត្រង់កន្លែងហ្នឹង ហើយបញ្ហានេះ មិនមែនជាលក្ខណៈពិនិត្យសឺៗលំៗ បក្ខពួកនិយម ឬកាន់ជើងកីឡាករម្នាក់នោះទេ គឺយើងធ្វើដោយហ្មតចត់ ព្រោះយើងមិនអាចបំពាក់ខ្សែក្រវាត់ ឲ្យកីឡាករ ដែលត្រូវគេវាយចំតែបន្តិច ធ្វើជាសន្លប់នោះទេ ដោយសារវាគ្មានគុណភាពទាល់តែសោះ»៕