កីឡាករមកពីជាយដែនខេត្តបន្ទាយមានជ័យ លាភ រដ្ឋា បានសារភាពថា រូបគេមានការញញើតទៅនឹងភាពខ្លាំងរបស់ជើងខ្លាំងថៃ Kamlaiyok នៅពេលពួកគេ ត្រូវវិលមកជួបគ្នាជាថ្មី ក្នុងការប្រកួតជម្រុះ ឆ្ពោះទៅកាន់ការប្រកួតដណ្តើមខ្សែក្រវាត់មាស ទម្ងន់៥៧គីឡូក្រាម នៅលើសង្វៀន PNN នាថ្ងៃអាទិត្យនេះ។

បើទោះបីជា លាភ រដ្ឋា ធ្លាប់បានស្មើពិន្ទុជាមួយ Kamlaiyok សម្រាប់ការជួបគ្នាជាលើកដំបូង នៅលើសង្វៀនអាស៊ីអាគ្នេយ៍ កាលពីដើមឆ្នាំ២០១៩ ប៉ុន្តែ លាភ រដ្ឋា បានមើលឃើញថា Kamlaiyok មនៅពេលនេះ មានសមត្ថភាពប្រកួត កាន់តែល្អប្រសើរ។

កំលោះវ័យ២៥ឆ្នាំ លាភ រដ្ឋា បាននិយាយថា៖«ខ្ញុំធ្លាប់ប្រកួតស្មើពិន្ទុជាមួយ Kamlaiyok ប៉ុន្តែ Kamlaiyok នៅពេលនេះ មានសមត្ថភាពរីកចម្រើនជាងមុនច្រើន ហើយការបានយកឈ្នះកីឡាករកម្ពុជា ជាបន្តបន្ទាប់ផងដែរ ហេតុនេះខ្ញុំក៏មានការញញើតនឹងគេដែរ ព្រោះគេល្អគ្រប់ក្បាច់ និងមានបទពិសោធប្រកួតច្រើនទៀតផង»។

យ៉ាងណាក៏ដោយ លាភ រដ្ឋា បានអះអាងថា រូបគេ មិនបាក់ទឹកចិត្ត ទៅនឹងភាពខ្លាំងរបស់ Kamlaiyok នោះទេ គឺគេនឹងវ៉ៃប្តូរ ដើម្បីស្វែងរកការឈ្នះ។ រដ្ឋា បានបញ្ជាក់ថា៖«ខ្ញុំមិនបាក់ទឹកចិត្តនោះទេ គឺខ្ញុំមានការជឿជាក់លើខ្លួនឯង និងរំពឹងឈ្នះ៨០ភាគរយ ព្រោះខ្ញុំហ្វឹកហាត់ត្រៀមបានល្អ»។

កីឡាកររូបនេះ បានបញ្ជាក់ថា៖«ការប្រកួតនេះ ខ្ញុំនឹងវ៉ៃប្តូរជាមួយគេ ព្រោះផ្លែធ្ងន់ដូចគ្នាទេ អ៊ីចឹងហើយករណីសន្លប់ អាចនឹងកើតមានឡើងរៀងៗខ្លួន ប៉ុន្តែបើវ៉ៃប្រយោល យើងអាចចាញ់ប្រៀបគេ ដោយសារផ្លែរបស់គេវែងជាងយើង»។

គួរបញ្ជាក់ថា ចំពោះរូបមន្តនៅក្នុងការប្រកួតនេះ អ្នកចាញ់ នឹងធ្លាក់ ចំណែកអ្នកឈ្នះ នឹងឡើងទៅប្រកួតបន្ត នៅវគ្គជម្រុះ៨នាក់ចុងក្រោយ រកអ្នកឈ្នះខ្សែក្រវាត់ប្រាក់ទាំង៤រូប ដើម្បីបន្តឡើងទៅប្រកួតដណ្តើមយកខ្សែក្រវាត់មាស អមជាមួយប្រាក់រង្វាន់១ម៉ឺនដុល្លារ។ ខ្លាចាស់ ម៉ន សាម៉េត បានធ្លាក់ចេញពីការប្រកួតនេះមុនគេ បន្ទាប់ពីរូបគេបានចាញ់ពិន្ទុកីឡាករថៃ Khom Pichit ក្នុងការប្រកួតវគ្គជម្រុះ១៦នាក់នេះ កាលពីថ្ងៃអាទិត្យមុន៕