អ្នកលេងគុនចម្រុះតំណាងឲ្យកម្ពុជ ខុន ស៊ីចាន់ បើកឆាកឆ្នាំថ្មី២០២០ដោយប៉ះកីឡាករម្ចាស់ផ្ទះឥណ្ឌូណេស៊ី Eko Roni Saputra នៅថ្ងៃទី ៧ ខែ កុម្ភៈ ខាងមុខ ក្នុងកម្មវិធី ONE: WARRIOR’S CODE ដែលរៀបចំនៅក្រុង ហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី។ នេះជាការបើកទំព័រដើមឆ្នាំរបស់ ស៊ីចាន់ បន្ទាប់ពីរង បរាជ័យត្រឹមទឹកទី១ពីរលើកជាប់គ្នាកាលឆ្នាំ ២០១៩។

ម្ចាស់ខ្សែក្រវាត់ Khmer Warrior Challenge ឆ្នាំ ២០១៣ ចាញ់កីឡាករឥណ្ឌូណេស៊ី Rudy Agustian ត្រឹមទឹកទី១ កាលខែ កុម្ភៈ ក្នុងកម្មវិធី ONE : CALL TO GREATNESS និង បន្តចាញ់សន្លប់ដោយក្បាច់ឃ្លេ ក្រោមថ្វីដៃកីឡាករឥណ្ឌា Roshan Mainam ត្រឹមទឹកទី១ ដូចគ្នាកាលដើមខែ វិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅ។

បែបណាក្ដីមុនជួប Eko Roni Saputra ដែលជាកីឡាករជម្រើសជាតិផ្នែកចំបាប់របស់ឥណ្ឌូណេស៊ី កីឡាករជើងចាស់ ខុន ស៊ីចាន់ បានបញ្ចេញទស្សនៈបែបនេះ៖«ខ្ញុំបានមើលវីដេអូរបស់ Eko Roni ខ្ញុំបានដឹងចំណុចខ្សោយច្រើនដែរ ព្រោះការឈរវ៉ៃរាងស្ទើរ ក្បាច់ឃ្លេគេនៅស្ទើរដែរ ប៉ុន្តែ អ្វីដែលល្អសម្រាប់គេ គឺកម្លាំងគេខ្លាំង ការចាប់បោកល្អ និងការបោកហើយឡើងជិះពីលើក៏ល្អដែរ»។

Eko Roni Saputra គឺជាម្ចាស់ជើងឯកច្រើនសម័យក្នុងការប្រកួតជើងឯកចំបាប់ថ្នាក់ជាតិ ឬ ហៅថា Indonesian National Wrestling Champion។ កីឡាកររូបនេះចូលហ្វឹកហាត់ប្រដាល់តាំងពីអាយុ ៥ ឆ្នាំ មុនពេលប្ដូរមកហត់ក្បាច់ចំបាប់តាមការបង្ហាញផ្លូវរបស់ឪពុកម្ដាយ។ ហើយរូបគេក៏ធ្លាប់ឈ្នះមេដាយប្រាក់ និង សំរឹទ្ធ ពីព្រឹត្តិការណ៍ស៊ីហ្គេមផងដែរ មុនពេលចុះកិច្ចសន្យាប្រកួតឲ្យ ONE Championship។ ក្នុងការប្រកួតពីរដងកន្លងមកនៅសង្វៀន ONE កីឡាករមកពីក្លិប Evolve MMA ឈ្នះ ១ ដង និង ចាញ់ ១ដង។ Eko Roni ចាញ់ Nico Soe កាលខែ មេសា ឆ្នាំ ២០១៩ ក្នុងកម្មវិធី ONE: ROOTS OF HONOR មុនពេលឈ្នះ កីឡាករហ្វីលីពីន Kaji Ebin ក្នុងកម្មវិធី ONE: DOWN OF VALOR កាលខែតុលា ឆ្នាំ ២០១៩។

ទោះជាបែបណាក៏ដោយ កីឡាករវ័យចំណាស់កម្ពុជាដែលសម្បូរបទពិសោធន៍ នឹងតស៊ូដើម្បីស្តារកិត្តិយសមកវិញក្រោយរងបរាជ័យជាប់គ្នានៅសង្វៀនអន្តរជាតិមួយនេះ។ កូនសិស្សលោក Alan Mccune គូសបញ្ជាក់ថា៖«ខ្ញុំសង្ឃឹមឈ្នះព្រោះ គាត់មិនសូវមានបទពិសោធន៍ដូចគូប្រកួតមុនៗទេ ហើយក្បាច់ឃ្លេរបស់គាត់ ក៏មិនល្អដូចកីឡាករដែលខ្ញុំធ្លាប់ជួបពីមុនដែរ»។

កីឡាករមកពីខេត្តឧត្តរមានជ័យបានរៀនសូត្រច្រើននៅឆ្នាំចាស់ និងមិនចង់ឲ្យរឿងរ៉ាវអាក្រក់នេះធ្លាក់មកជាថ្មីឡើយ។ ទោះបីនៅជាមួយគ្រួសារឯខេត្តឧត្តរមានជ័យ ក៏ ស៊ីចាន់ ប្រឹងហ្វឹកហាត់ជាប្រចាំដែរដើម្បីរង់ចាំការប្រកួតនៅឆ្នាំថ្មី។

ស៊ីចាន់ នឹងឡើងមកហ្វឹកហាត់នៅភ្នំពេញ ដើម្បីត្រៀមប្រកួតនាថ្ងៃទី១០ មករា។ គេនឹងហ្វឹកហាត់គុនចម្រុះ ចំបាប់ និង ជឺជិតស៊ូ ជាមួយគ្រូបង្វឹក Fernando Salvador កម្រិតខ្សែក្រវាត់ខ្មៅជឺជិតស៊ី ៣ ដាន់ និង គ្រូបង្វឹកជឺជិតស៊ូមកពីអាមេរិក Chris kennedy»។ ក្នុងនោះរូបគេហ្វឹកហាត់ប្រដាល់នៅក្លិប ពុទ្ធសេរីវង្ស ម្ដុំចម្ការដូង។ មុនហាត់ត្រៀមទៅប្រកួតនៅ ONE Championship ស៊ីចាន់ ត្រូវប្រកួតទល់នឹង លឺម នួន មកក្លិបឆត្រយោង៩១១ នៅស្ថានីយទូរទស្សន៍ថោននាថ្ងៃទី ១២ មករា ដែលជាការប្រកួតកម្ដៅសាច់ដុំ។

កុំភ្លេចទស្សនា កម្មវិធីបន្ទាប់របស់ស្ថាប័ន ONE Championship សូមទស្សនា ONE: A NEW TOMORROW នៅថ្ងៃទី ១០ ខែ មករា ចាប់ពីវេលាម៉ោង ៧ ល្ងាចតទៅដែលមានផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕

អត្ថបទ៖ ស៊ីធី