អ្នក​ប្រដាល់​កំពុង​ល្បីឈ្មោះ​ក្រោយ​ឈ្នះ​ សុខ​ ធី​ និង​ស្ពាយ​ខ្សែក្រវាត់​២គ្រឿង​ក្នុង​ដៃ​ ប៊ុន​ សុធា​ ថា​នឹង​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ក៏​ដូច​ជា​ប្រកួត​នា​ឱកាស​លេង​ខ្សែក្រវាត់​១ម៉ឺន​ដុល្លារ​របស់​សង្វៀន​ PNN​ អធិរាជ​គុន​ខ្មែរ​ ISI។​

កូន​សិស្ស​លោក​ ធន់​ សុភា​ ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ ពេល​ឃើញ​គេ​ប្រកួត​កម្មវិធី​ខ្សែក្រវាត់​មាស​រដូវ​កាល​ទី១​ នោះ​ គិត​ថា​មិន​ដឹង​ពេល​ណា​ថា​ខ្លួន​បាន​ចូល​លេង​ដូច​ដូច​គេ​នោះ​ទេ។​ ប៉ុន្តែ​ឥលូវ​នេះ​​សម្រេច​ដូច​បំណង​ហើយ​​ អ្នក​ប្រដាល់​រូប​នេះ​សប្បាយ​ចិត្ត​ជា​ខ្លាំង​នៅ​ពេល​គ្រូ​ប្រាប់​ថា​ត្រូវ​លេង​កម្មវិធី​ខ្សែក្រវាត់​មាស​របស់​ PNN។​

ប៊ុន​ សុធា​ ប្រាប់​ទៀត​ថា​ កម្មវិធី​នេះ​ធំ​មាន​ប្រាក់​រង្វាន់​ច្រើន​ ខណៈ​ការ​ប្រកួត​មិន​សាំញ៉ាំ​ទៀត​ កីឡាករ​ឈ្នះ​២ប្រកួត​បាន​ខ្សែក្រវាត់​ប្រាក់​១​ ហើយ​បើ​ឈ្នះ​៤ប្រកួត​ជាប់​គ្នា​បាន​ខ្សែក្រវាត់​មាស​បន្ថែម​ទៀត​ ដូច្នេះ​ហើយ​ខ្លួន​ពិត​ជា​ចូលចិត្ត​ការ​ប្រកួត​បែប​នេះ​ និង​ចង់​ចូលរួម​ជាខ្លាំង។​ យ៉ាង​ណា​មិញ​អ្នក​ប្រដាល់កំពុង​ឡើង​កូដ​រូប​នេះ​ បញ្ជាក់​ថា​រាល់​កម្មវិធី​លុយ​ធំៗ​បែប​នេះ​គឺ​តែងតែ​ខំប្រឹង​ហ្វឹកហាត់​ខ្លាំង​ អាច​ត្រៀម​មុន​រហូត​១ខែ​ និង​ថែ​រក្សា​សុខភាព​ឲ្យ​បាន​ល្អ​ដើម្បី​ឲ្យ​មាន​សមត្ថភាព​ពេញលេញ​ឡើង​ប្រកួត។​

រំលឹក​ដែរ​ថា​ កម្មវិធី​ជម្រុះ​ដណ្ដើម​ខ្សែក្រវាត់​មាស​ របស់​សង្វៀន​ PNN​ រដូវ​កាល​ទី២​ បាន​ចាប់​ផ្ដើម​ហើយ​កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន​នេះ​ ដោយ​ឡែក​សប្ដាហ៍​ឈាន​ដល់​សប្ដាហ៍​ទី២​ នៃ​ការ​ប្រកួត​ជម្រុះ។​ ក្នុង​ចំណោម​បេក្ខភាព​ខ្មែរ​ទាំង​៨នាក់​នោះ​គឺ​មាន​កីឡាករ​ ប៊ុន​ សុធា​ ១រូប​ផង​ដែរ​ ហើយ​គេ​នឹង​ត្រូវ​ឡើង​ប្រកួត​ថ្ងៃ​អាទិត្យ​ ទី១៦​ ខែ​កុម្ភៈ​ ២០២០​ បើ​មិន​មាន​អ្វី​ប្រែប្រួល​ទេ៕​

អត្ថបទ៖ នួន ស៊ីណា​ Credit: Sabay