នៅក្នុងកម្មវិធី ONE: A NEW TOMORROW កាលថ្ងៃទី ១០ មករា នៅក្រុងបាងកកប្រទេសថៃ Rodtang Jitmuangnon ឬ ឈ្មោះក្រៅ The Iron Man បានផ្ដួលគូប្រជែង Jonathan Haggerty ឬ ឈ្មោះក្រៅ The General ដែលចង់សងសឹកឲ្យសន្លប់នៅទឹកទី៣ ដើម្បីការពារខ្សែក្រវាត់ ONE Flyweight Muay Thai World Champion របស់ខ្លួន។ ចំណែក ម្ចាស់ខ្សែក្រវាត់ ONE Super Series Muay Thai និង Kickboxing Atomweight World Champion បានវ៉ៃ កីឡាការារិនីឥណ្ឌា Puja Tomar ឲ្យសន្លប់ទឹកទី១ ក្នុងការប្រកួតគុនចម្រុះទម្ងន់ Atomweight។

1- Rodtang Jitmuangnon ផ្ដួល Jonathan Haggerty ឲ្យសន្លប់ដើម្បីការពារខ្សែក្រវាត់

ពិតជាតអស្ចារ្យដូចការតាំងចិត្តមែន Rodtang Jitmuangnon ឬ ឈ្មោះក្រៅ The Iron Man បានផ្ដួលJonathan Haggerty ឬ The General ឲ្យសន្លប់ត្រឹមទឹក៣មិនអាចតដៃរួចឡើយដើម្បីការពារខ្សែក្រវាត់ ONE Flyweight Muay Thai World Champion ជាលើកទី២របស់ខ្លួន។ នេះជាការតាំងចិត្តរបស់ The Iron តាំងពីមិនទាន់ប្រកួតម៉្លេះថាដើម្បីកុំឲ្យចៅក្រមដាក់ពិន្ទុរញ៉េរញ៉ៃ។

គ្រាន់តែចូលទឹកបើកឆាក Rodtang ដើរចូលគ្មានខ្លាចក្រែង និងម៉ាត់ឆ្វេងស្ដាំបូកទាំងការទាត់មួយទំហឹងៗ។ ក្នុងទឹកនេះ The Iron Man ក៏ម៉ាត់ឆ្វេងស្ដាំចំពោះទឹកធ្វើឲ្យកីឡាករអង់គ្លេសរមួលដេកក្ដាររេញមួយភ្លែតផងដែរ។ យ៉ាងណាក្ដី Haggerty បានព្យាយាមទាត់កាត់សងវិញចំគោលដៅខ្លះៗដែរ។ រឹតតែក្ដៅ ម៉ាស៊ីនម្ចាស់ខ្សែក្រវាត់បានដើរចូលរហូត។ អ្វីគួរកត់សម្គាល់ ពេលកីឡាករមកពីអង់គ្លេសចាប់ជើងបាន តែ The Iron Man បានលោតឡើងផុតផុត ដូចក្បាច់កុងហ្វូមិនឲ្យគេចផុតពីការប៉ែងជើងផ្ដួល ប៉ុន្តែ អាចឆ្លងដល់ទឹកទី៣។

គ្រាន់តែចូលដល់ទឹកទី៣ ម្ចាស់ខ្សែក្រវាត់បានដើរសន្ទាប់កាន់តែខ្លាំង និង វ៉ៃឆ្វេងស្ដាំថែមទាំងច្រឡោតកុំឲ្យ Haggerty រត់ទៀតផង។ មិនយូរប៉ុន្មានចុងទឹកទី៣ កីឡាករតំណាងពីចក្រភពអង់គ្លេសត្រូវ Rodtang ម៉ាត់ឆ្វេងស្ដាំ ឲ្យដួលលើក្ដាររេញមុនថែមជង្គង់ឲ្យដួលជាថ្មី ហើយក៏អាជ្ញាកណ្ដាលបញ្ឈប់តែម្ដង។ គួរដឹងដែរថា Rodtang បានដណ្ដើមខ្សែក្រវាត់ ONE Flyweight Muay Thai World Champion ពី Jonathan Haggerty កាលខែ សីហា ឆ្នាំ ២០១៩។

ម្ចាស់ខ្សែក្រវាត់វ័យ ២២ ឆ្នាំនិយាយទាំងរីករាយថា៖«នេះជាលើកទី១ ដែលការពារខ្សែក្រវាត់នៅប្រទេសថៃនៅមុខអ្នកគាំទ្រ និង មុខគ្រួសាររបស់ខ្ញុំ។ Haggerty គេល្អណាស់ និងជាកីឡាករមានទេពកោសល្យ ប៉ុន្តែ ខ្ញុំបានប្រឹងខ្លាំងឲ្យល្អជាងគាត់។ ដូច្នេះខ្ញុំសក្ដ័សមជាម្ចាស់ខ្សែក្រវាត់ពិតៗ»។

2- Stamp Fairtex ផ្ដួល Puja Tomar ឲ្យសន្លប់ទឹកទី១

នៅសល់ប៉ុន្មានវិនាទី មុនចប់ទឹកទី១ ប៉ុន្តែ Stamp Fairtex អាចស្ថិតនៅពី លើ Puja Tomar ឬ The Cyclone និងម៉ាត់ពីលើឆ្វេងស្ដាំរហូតដល់រហូតដល់អាជ្ញាកណ្ដាលបញ្ឈប់តែម្ដង ព្រោះកីឡាការិនីឥណ្ឌាមិនអាចតស៊ូបានទៀតទេ។

គ្រាន់តែបើកការប្រកួត Puja Tomar ចង់ផ្ដួល Stamp ដើម្បីកាច់ឃ្លេ ប៉ុន្តែត្រូវ Stamp រើរួច និង ឃ្លេចុះឡើងរហូតវ៉ៃនៅពីលើមិនឲ្យរើរួច។ នេះជាជ័យជម្នះលើកទី៤ របស់ Stamp Fairtex ក្នុងការប្រកួតគុនចម្រុះ។ Stamp និយាយក្រោយប្រកួត៖«ខ្ញុំចង់អភិវឌ្ឍការប្រកួត MMA របស់ខ្ញុំ។ វាជារឿងល្អបំផុតដែលខ្ញុំអាចយកឈ្នះលើកីឡាការិនីខ្លាំងនិងប្រើក្បាច់ឃ្លេមិនឲ្យគេរើបាន។ សូមអរគុណអ្នកទាំងអស់គ្នាដែលបង្ហាញការគាំទ្រនិងមកទស្សនាផ្ទាល់ថ្ងៃនេះ»។

3-Sangmanee Sathian MuayThai ឈ្នះពិន្ទុជាឯកច្ឆន្ទលើ Kenta Yamada

ពិតជាល្អមើលណាស់ Sangmanee Sathian MuayThai ឬ ឈ្មោះក្រៅ The Million Dollar Baby ដើរសម្រុកចូលវ៉ៃ ៣ ទឹកពេញដើម្បីឈ្នះពិន្ទុដោយឯកច្ឆន្ទលើ កីឡាករជប៉ុន Kenta Yamada ។ ចូលទឹកទី១ Sangmanee មិនខ្លាចញញើតទាល់តែសោះដោយដើរចូលក្នុងគោលដៅបំបាក់ Yamada នៅទឹកទី១។ ប៉ុន្តែមិនជាបញ្ហាទោះទាត់ចូលច្រើន និងចេញកណ្ដាប់ដៃដូចព្យុះក៏ដោយ។ The Million Dollar Baby បានប្រើកែងឆ្វេងហក់វ៉ៃឲ្យ Yamada បែកធំ រហូតដល់ពេទ្យពិនិត្យនៅពាក់កណ្ដាលទឹកទី២។ បន្ទាប់មកទៀត Sangmanee ក៏ដើរចូលដូចព្យុះដដែល ប៉ុន្តែ កីឡាករជប៉ុននៅមានជំហររឹងអាចទប់បាន។

មិនខុសពីទឹកទី១ ម្ចាស់ខ្សែក្រវាត់ Muay Thai World Champion ៧សម័យកាល នៅតែអាចទាត់ចំក្បែរក និងទាត់របើកឃុំរបស់កីឡាករជប៉ុនជារឿយៗ មុនពេលប្រកាសឈ្នះពិន្ទុជាឯកច្ឆន្ទ។ នេះជ័យជម្នះលើកទី២របស់ Sangmanee លើសង្វៀនពិភពលោក ONE Championship។ Sangmanee បានថ្លែង៖«កាលប្រកួតដំបូងខ្ញុំភ័យៗ ប៉ុន្តែពេលនេះខ្ញុំប្រសើរឡើង និង ការប្រកួតកាន់តែល្អ។ ខ្ញុំសូមអរគុណដល់អ្នកគាំទ្រទាំងអស់ដែលបានមកលើកទឹកចិត្តខ្ញុំ រួមក្រុមទាំងគ្រួសាររបស់ខ្ញុំ»។

4- Muangthai PK. Saenchaimuaythaigym ឈ្នះពិន្ទុ Brice Delval

គ្រាន់គោះជួងភ្លាម Muangthai ឬ ឈ្មោះក្រៅ Elbow Zombie ត្រូវបានស្វាគមន៍ដោយការធាក់ទប់ពីសំណាក់ BRICE DELVAL ឬ The Truck ហើយជើងខ្លាំងមកពីអាល់ហ្សេរី បានប្រើក្បាច់ទាត់ក្បែរៗក កីឡាករថៃ ប៉ុន្តែមិនបញ្ហា។ The Truck ប្រកួតអាងជំហរហើយប្រើក្បាច់ឆ្មក់មួយៗសងមកវិញ។ បែបណាក្ដី Elbow Zombie អាចប្រើកណ្ដាប់ដៃវ៉ៃបានល្អនៅចុងទឹកទី១។ ទឹកទី២ មានរឿងគួរឲ្យកត់សម្គាល់ ព្រោះ The Truck ចាប់ជើងរបស់ Muangthai ជាប់រហូតដល់ ៣ ដង និង បន្ថែមកណ្ដាប់ផងដែរ ហើយក្នុងនោះ ម្ចាស់ខ្សែក្រវាត់ Muay Thai World Champion ៣សម័យកាលអាចទាត់ជើងស្ដាំចូលពោះទឹករបស់ The Truck ឡើងក្រហម។ ទឹកកាត់សេចក្ដី ក៏មិនខុសពីទឹកមុនៗ Elbow Zombie ដើរចូលដោយមិនខ្លាចរអារហូតដល់ អាជ្ញាកណ្ដាលហៅ The Truck មកព្រមានអំពីការវ៉ៃថយក្រោយពេក។ បែបណាក្ដី កណ្ដាប់ និង ជើងរបស់ Muangthai ក៏មានប្រសិទ្ធ ទោះ Brice Delval អាងកម្ពស់ធាក់ទប់ និង ប្រើក្បាច់វ៉ៃបកក៏ដោយ។ ទីបំផុតក្រោយចប់៣ទឹក កីឡាករវ័យ២៥ឆ្នាំរបស់ថៃ ឈ្នះពិន្ទុ ដោយពិន្ទុមិនឯកច្ឆន្ទ។ ដូច្នេះ Muangthai កើនកំណត់ត្រាឈ្នះរហូតដល់ ២០០ លើក ចាញ់ ៤១ លើក និង ស្មើ៤ក្នុងការប្រកួត «មួយថៃ» កន្លងមក។ Muangthai បានថ្លែង៖«Brice Delval ជាគូប្រកួតដ៏លំបាកមួយ។ ខ្ញុំបានព្យាយាមខ្លាំងណាស់ទម្រាំបានលទ្ធផល។ ខ្ញុំសប្បាយរីករាយចំពោះជ័យជម្នះថ្ងៃនេះ»។

លទ្ធផលផ្លូវការពីការប្រកួត ONE: A NEW TOMORROW
-ONE Flyweight Muay Thai World Championship: Rodtang Jitmuangnon ផ្ដួល Jonathan Haggerty ឲ្យសន្លប់ត្រឹមទឹកទី៣
-Mixed Martial Arts Atomweight: Stamp Fairtex ផ្ដួល Puja Tomar ត្រឹងចុងទឹកទី១
-Muay Thai Bantamweight: Sangmanee Sathian Muaythai ឈ្នះពិន្ទុជាឯកច្ឆន្ទលើ Kenta Yamada
-Mixed Martial Arts Featherweight: Thanh Le ផ្ដួល Ryogo Takahashi ឲ្យសន្លប់ទឹកទី១
-Muay Thai Bantamweight: Liam Harrison ផ្ដួល Mohammed Bin Mahmoud ឲ្យសន្លប់ទឹកទី១
-Muay Thai Bantamweight: Muangthai PK.Saenchaimuaythaigym ឈ្នះពិន្ទុមិនឯកច្ឆន្ទលើ Brice Delval
-Mixed Martial Arts Welterweight: Raimond Magomedaliev ផ្ដួល Joey Pierotti ដោយក្បាច់ឃ្លេទឹកទី១
-Kickboxing Bantamweight: Adam Noi ឈ្នះពិន្ទុជាឯកច្ឆន្ទលើ Victor Pinto
-Mixed Martial Arts Featherweight: Shinechagtga Zoltsetseg ផ្ដួល Ma Jia Wen នៅទឹកទី១
-Muay Thai Bantamweight: Mehdi Zatout ឈ្នះពិន្ទុ Han Zi Hao ដោយមិនឯកច្ឆន្ទ
-Mixed Martial Arts Strawweight: Ayaka Miura ផ្ដួល Maira Mazar ត្រឹមទឹកទី២
-Mixed Martial Arts Featherweight: Roel Rosauro ឈ្នះពិន្ទុជាឯកច្ឆន្ទលើ Yohan Mulia Legowo
កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្ទាប់របស់ស្ថាប័ន ONE Championship សូមទស្សនា ONE: FIRE & FURY ពីក្រុមម៉ានីល នៅថ្ងៃទី ៣១ ខែមករាឆ្នាំ ២០២០ ចាប់ពីវេលាម៉ោង ៦:៣០ ល្ងាចតទៅដែលមានផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕

អត្ថបទ៖ ស៊ីធី