កីឡាករមកពីជាយដែនខេត្តបន្ទាយមានជ័យ លាភ រដ្ឋា បានចាត់ទុក ការយកឈ្នះលើជើងខ្លាំងរបស់ថៃ Kamlaiyok នៅក្នុងការប្រកួតជម្រុះដណ្តើមខ្សែក្រវាត់មាស ទម្ងន់៥៧គីឡូក្រាម នៅលើសង្វៀន PNN កាលពីថ្ងៃអាទិត្យ ថាគ្រាន់តែជាផ្នែកមួយ ព្រោះរូបគេ នៅមានឧបសគ្គធំជាងការប្រកួតលើកនេះ ដែលរូបគេ ត្រូវប្រឈមជាបន្តទៀត នៅក្នុងការប្រកួតវគ្គបន្ត។

លាភ រដ្ឋា ដែលកំពុងជិះឡានឈ្នួល វិលត្រឡប់ទៅស្រុកកំណើត នៅឯខេត្តបន្ទាយមានជ័យនោះ បានប្រាប់មុននេះបន្តិចថា៖ «ខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយខ្លាំង ចំពោះការយកឈ្នះលើ Kamlaiyok នៅក្នុងការប្រកួតជម្រុះនេះ ប៉ុន្តែខ្ញុំនៅមានឧបសគ្គធំ ជាងការប្រកួតនេះ ដែលខ្ញុំត្រូវប្រឈម»។

សម្រាប់ការប្រកួតជម្រុះ នៅលើសង្វៀន PNN កាលពីម្សិលមិញនោះ លាភ រដ្ឋា បានបើកការវាយលុកយ៉ាងរន្ធើន។ បើទីបីជារូបគេ បានចាត់ទុក Kamlaiyok ជាជើងខ្លាំង និងមានបទពិសោធប្រកួត ប្របកដោយគ្រោះថ្នាក់ ប៉ុន្តែ លាភ រដ្ឋា បានព្យាយាមទាត់កាត់ជើងក្រោម រួចបានបញ្ជូនកណ្តាប់ដៃជាបន្តបន្ទាប់ ទៅលើ Kamlaiyok។

សកម្មភាពវាយលុករបស់ លាភ រដ្ឋា បានធ្វើឲ្យ Kamlaiyok ហាក់មានភាពរអាក្នុងការចូលប្តូរ ហើយទង្វើនេះ ត្រូវបានគេមើលឃើញថា បានផ្តល់ឱកាសឲ្យ លាភ រដ្ឋា ដណ្តើមយកប្រៀបបន្តិចៗ ស្ទើរគ្រប់ទុក និងទទួលបានជ័យជម្នះយ៉ាងស័ក្តិសមបំផុត។

ជាមួយជ័យជម្នះនេះ បានជួយឲ្យ លាភ រដ្ឋា ក្លាយជាបេក្ខភាពទី១របស់កម្ពុជា ក្នុងការបន្តដណ្តើមឡើងទៅប្រកួតវគ្គជម្រុះ៨ក្រុមចុងក្រោយ បន្ទាប់ពីកីឡាករថៃ Khom Pichit ដែលបានទម្លាក់ខ្លាចាស់ ម៉ន សាម៉េត របស់កម្ពុជា កាលពីសប្តាហ៍មុន ខណៈកីឡាករកម្ពុជា៦នាក់ និងថៃ៦នាក់ទៀត នឹងធ្វើការប្រកួតជម្រុះ ជាបន្តបន្ទាប់គ្នា ដើម្បីរកអ្នកឈ្នះចំនួន៦នាក់ទៀត ឡើងទៅវគ្គបន្ត។

នៅពេលរំឭកដល់ការត្រៀមខ្លួនប្រកួតវគ្គ៨នាក់ចុងក្រោយនោះ លាភ រដ្ឋា បានបញ្ជាក់ថា៖«ជាធម្មថា ការប្រកួតពីមួយដំណាក់កាល ទៅមួយដំណាក់កាល វាកាន់តែមានការពិបាក អ៊ីចឹងខ្ញុំត្រូវតែខិតខំពង្រឹងសមត្ថភាព និងពង្រឹងចំណុចខ្សោយរបស់ខ្ញុំថែមទៀត ដើម្បីត្រៀមការប្រកួតនោះ»៕