ក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន នឹងបើកទ្វារកីឡដ្ឋាន RSN ដើម្បីស្វាគមន៍ក្រុមលីកកំពូលម៉ាឡេស៊ី Kedah FA នៅល្ងាចម៉ោង៦ ថ្ងៃអង្គារនេះ ហើយជំនួបរវាងក្រុមទាំង២នេះ វាបានក្លាយជាការប្រកួតកាត់សេចក្តី ដើម្បីស្វែងរកក្រុមឈ្នះ ត្រូវលើកពាន ការប្រកួតពានរង្វាន់ Smart RSN Cup 2020 ផងដែរ។

នៅក្នុងការប្រកួតដ៏សំខាន់នេះ ទាំងគ្រូបង្វឹកក្រុមភ្នំពេញក្រោន និងគ្រូបង្វឹកក្រុម Kedah FA សុទ្ធតែបានត្រៀមខ្លួនរួចរាល់ ដើម្បីប្រជែងគ្នាយកពាន ខណៈការប្រកួតវិលជុំលើកទី១ កន្លងមកនេះ ក្រុមទាំង២ បានយកឈ្នះលើក្រុមអង្គរថាយហ្គឺរ ដូចគ្នា ដោយក្នុងនោះ Kedah FA បានយកឈ្នះ ១-០ ហើយភ្នំពេញក្រោន បានឈ្នះអង្គរថាយហ្គឺរ ២-១។

តាមរយៈលទ្ធផលនេះ គឺក្រុម ដែលទទួលបានជ័យជម្នះ នៅក្នុងការប្រកួតកាត់សេចក្តីលើកចុងក្រោយនេះ នឹងក្លាយជាម្ចាស់ពាន Smart RSN Cup 2020។ ជាមួយគ្នានេះ លោក ស៊ុំ វណ្ណា គ្រូបង្វឹកក្រុមភ្នំពេញក្រោន បានចាត់ទុកជំនួបនេះ ជាការប្រកួតដ៏សំខាន់ ដែលភ្នំពេញក្រោន ត្រូវតែធ្វើឲ្យបានល្អ។

លោក ស៊ុំ វណ្ណា បាននិយាយថា៖ «ទោះបីជាយើងត្រូវលេងជាមួយ Kedah FA ដែលមានចំណាត់ថ្នាក់ ក្នុងការលេងវគ្គជម្រុះ AFC Champions League ក៏យើងនៅតែបន្តពង្រឹង ដោយសារយើងលេងនៅក្នុងទឹកដីរបស់យើង មិនមែនទឹកដីរបស់ Kedah នោះទេ អ៊ីចឹងយើងនឹងព្យាយាមធ្វើឲ្យបានល្អសម្រាប់ក្រុម ដើម្បីវាស់ស្ទង់សមត្ថភាពក្រុម គឺទោះបីជាចាញ់ រឺឈ្នះ ក៏ជាការប្រកួតដ៏ចាំបាច់ ក្នុងការពង្រឹងសមត្ថភាព សម្រាប់ត្រៀមរដូវកាលថ្មី នឹងមកដល់នាពេលខាងមុខនេះ»។

ចំណែកលោក Aidil Sharin គ្រូបង្គោល Kedah FA បាននិយាយថា៖ «ខ្ញុំធ្លាប់ជួបភ្នំពេញក្រោន ហើយនៅ AFC។ ពួកគេមានកីឡាករយុវជនច្រើន ហើយនៅពេលនេះពួកគេនៅតែថែរក្សាគោលជំហរកសាងយុវជនដដែល។ ចំពោះបច្ចេកទេសវិញ ពួកគេចូលចិត្តលេងលឿនៗ ព្រោះខ្ញុំបានឃើញកាលពួកគេ ជួប ក្រុមថាយហ្គឺរ។ ហេតុនេះយើងបានដឹងពីចំណុចខ្លាំង និងចំណុចខ្សោយរបស់គេរួចហើយ ហើយយើងក៏បានត្រៀមលក្ខណៈរួចជាស្រេចហើយដែរ ប៉ុន្តែយើងមានពេល២ថ្ងៃសម្រាក ដូច្នេះទំនងមិនងាយពេកទេសម្រាប់យើង»៕