ក្រោយ​ឈ្នះ​ផ្ដួល​កីឡាករ​ ថា​ សារុន​ ឲ្យបោះបង់​ការ​ប្រកួត​ក្នុង​ទឹក​ទី២​ នៃ​វគ្គ​ជម្រុះ​ចាញ់​ធ្លាក់​ជុំ​ទី១​ រឿម​ វណ្ណៈ​ បោះ​ពាក្យ​ទៅ​ សារឿន ច័ន្ទ​​ ប្រហែល​ជា​អ្នក​ធ្លាក់​បន្ទាប់​ទៀត​ហើយ​ពេល​ប៉ះ​គ្នា​ជុំ​ទី២​នោះ។​

អ្នក​លេង​គុន​ខ្មែរ​ សារឿន ច័ន្ទ​ និង​ រឿម​ វណ្ណៈ​ បាន​បោះ​ពាក្យ​ផ្លែផ្កា​ដាក់​គ្នា​ក្រោយ​ឈ្នះ​ដៃគូ​រៀង​ៗ​ខ្លួន​នា​វគ្គ​ជម្រុះ​ជុំ​ទី១​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី១១​ ខែ​មករា​ ២០២០​ លើ​សង្វៀន​ព្រែកកំពិស​ ថា​មិន​ខ្លាច​ញញើត​គ្នា​ឡើយ​ និង​ផ្ដាំ​ឲ្យខំប្រឹង​ប្រែង​ហ្វឹកហាត់​បាន​ល្អ​ត្រៀម​ប៉ះ​គ្នា។​

រឿម​ វណ្ណៈ​ បន្ទាប់​ពី​ផ្ដួល​ដៃគូ​ដោយ​ស្នៀត​ទាត់​ឲ្យ​ខូច​ដៃ​ក្នុង​ទឹក​ទី២​ និង​បាន​មើល​ សារឿង​ ចន្ទ​ ដែល​នឹង​ត្រូវ​ប៉ះ​គ្នា​ជុំ​ទី២​ បន្ទាប់​ទៀត​នោះ ​ក៏​ព្រលយ​ពាក្យ​ថា​ «អ្នក​ធ្លាក់​ចេញ​ពី​កម្មវិធី​នេះ​បន្ទាប់​ទៀត​ប្រហែល​ សារឿន ច័ន្ទ​ ហើយ​មើល​ទៅ»។​

រំលឹក​ដែរ​ថា​ ការ​ប្រកួត​ជម្រុះ​ពាន​រង្វាន់​ TV5​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី១១​ មករា​ ២០២០​ សប្ដាហ៍​មុន​នេះ​គឺ​ សារឿន ច័ន្ទ​​ ឈ្នះ​ពិន្ទុ​ ឌុន​ សាភុត​ ខណៈ​ រឿម​ វណ្ណៈ​ ទាត់​ ថា​ សារុន​ ឲ្យ​ខូច​ដៃ​នៅ​ទឹក​ទី២។​ រឿម​ វណ្ណៈ​ នឹង​ត្រូវ​ប៉ះ​ សារឿន ច័ន្ទ​ នៅ​ជុំ​ទី២៕​

អត្ថបទ៖ នួន ស៊ីណា​