ប្រធានគណៈកម្មការស្ត្រី និងកីឡា អមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងអ្នកជំនាញរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) មានការរំពឹងថា ទិវារត់ប្រណាំងស្រ្តីចម្ងាយ១០គីឡូម៉ែត្រ ដែលនឹងត្រូវធ្វើនៅថ្ងៃទី៨ មីនា ឆ្នាំ២០២០ ខាងមុខនេះ នឹងទទួលបានអ្នកចូលរួម៥ពាន់នាក់ ហើយក៏បានជំរុញឲ្យស្រ្តី ចូលរួមឲ្យបានច្រើនជាងបុរស ក្នុងការប្រកួតលើកនេះផងដែរ។

ជាមួយនឹងព្រឹត្តិការណ៍នេះ លោកជំទាវ កុយ ពិសី ប្រធានគណៈកម្មការស្ត្រី និងកីឡា អមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានជំរុញ និងលើកទឹកចិត្តឲ្យស្រ្តី គប្បីទុកពេលសម្រាប់ខ្លួនឯង ក្នុងការចូលរួមលេងកីឡា ដើម្បីសុខភាព និងជ្រើសរើសបានអ្នកមានទេពកោសល្យ ចេញពីស្រ្តី ចូលរួមប្រកួតប្រជែងរកមេដាយ នៅលើឆាកអន្តរជាតិ ពិសេសការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ។

លោកជំទាវ កុយ ពិសី ដែលជារដ្ឋលេខាធិការក្រសួងទេសចរណ៍ ផងនោះ បានថ្លែង នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃចន្ទថា៖«ស្ត្រី គឺជាឆ្អឹងខ្នងនៃប្រទេសជាតិ ជាប្រភពនៃចំណូលថវិកា ហរិញ្ញវត្ថុ ហើយស្រ្តី ក៏ជាប្រភពនៃសុភមង្គល នៅក្នុងក្រុមគ្រួសារ និងសង្គមជាតិទាំងមូលផងដែរ ហេតុនេះស្រ្តីគប្បីទុកពេលសម្រាប់ខ្លួនឯង ក្នុងការចូលរួមលេងកីឡា ដើម្បីសុខភាព និងភាពរឹងមាំ»។

បន្ថែមទៅលើការលេងកីឡា ដើម្បីសុខភាពនេះ លោកជំទាវ បានបញ្ជាក់ថា៖ «នៅពេលស្រ្តីចូលរួមលេងកីឡាច្រើន យើងនឹងអាចជ្រើសរើសស្រ្តី ដែលមានសមត្ថភាព និងមានទេពកោសល្យ យកមកបណ្តុះបណ្តាលទៅជាអ្នកជំនាញ នៅក្នុងវិស័យកីឡា សម្រាប់ត្រៀមឆ្ពោះទៅកាន់ការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ព្រោះគ្រប់ព្រឹត្តិការណ៍កីឡា មិនអាចខ្វះស្រ្តី បាននោះទេ។ ហេតុនេះ នៅក្នុងព្រឹត្តិការណ៍នេះ ខ្ញុំសូមលើកទឹកចិត្តឲ្យស្ត្រី មកចូលរួមឲ្យបានច្រើន»។

ចំណែកលោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ប្រាប់ថា ទិវារត់ប្រណាំងស្រ្តី ចម្ងាយ១០គីឡូម៉ែត្រនេះ នឹងត្រូវរៀបចំ ទៅតាមបច្ចេកទេស យ៉ាងត្រឹមត្រូវ ប៉ុន្តែអ្នកមានបំណងចង់ចូលរួម ត្រូវកំណត់ឲ្យបង់ប្រាក់ សម្រាប់យកមកធ្វើជាអាវ បោះលេខ ធ្វើប្រព័ន្ធដាក់ពិន្ទុ និងបង្កើតជាមូលនិធិ ដោយក្នុងនោះចម្ងាយ១០គ.ម គឺបរទេស ត្រូវបង់២០ដុល្លារ ខ្មែរយើងបង់១២ដុល្លារ រីឯចម្ងាយ៤គ.ម បរទេសបង់១៥ដុល្លារ ហើយខ្មែរយើងបង់៧ដុល្លារ។

លោក វ៉ាត់ ចំរើន បានថ្លែងថា៖ «យើងរំពឹងថា ព្រឹត្តិការណ៍នេះ នឹងមានអ្នកចូលរួម៥ពាន់នាក់ ហើយយើងពិតជាចង់ឃើញវត្តមានស្រ្តី ច្រើនជាងបុរស ព្រោះគោលបំណងនៃការប្រកួតនេះ គឺទី១ លើកកម្ពស់ចលនាស្រ្តី នៅក្នុងវិស័យកីឡា ទី២ ការពារសិទិ្ធ និងលើកកម្ពស់សមភាពយ៉េនឌ័រ ទី៣ រួមគ្នាការពារ និងថែរក្សាបរិស្ថាន»។

អ្នកជំនាញកីឡារូបនេះ បានបន្ថែមថា៖ «ចំណែកថវិកា ដែលទទួលបានពីការរៀបចំព្រឹត្តិការណ៍នេះ យើងនឹងបង្កើតជាមូលនិធិ ទុកធ្វើកម្មវិធីសម្រាប់ស្ត្រី នៅក្នុងចលនាកីឡា ដើម្បីឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ព្រោះស្រ្តី ព្រោះព្រឹត្តិការណ៍ស្ត្រី និងកីឡា ត្រូវបានដាក់បញ្ចូលក្នុងផែនការមេ ស៊ីហ្គេម ឆ្នាំ២០២៣»៕