ក្រុមភ្នំពេញក្រោន បាននឹងកំពុងជួបរឿងខ្វល់ខ្វាយមួយ ជុះវិញបញ្ហារបួសរបស់ខ្សែការពារកូនកាត់ខ្មែរ-បារាំង កុក បូរីស បន្ទាប់ពីរូបគេបានប៉ះទង្គិចជាមួយអ្នកចាំទីជាមិត្តរួមក្រុម អ៊ុំ វិចិត្រ ក្នុងពេលក្រុមភ្នំពេញក្រោន ប្រកួតចាញ់ក្រុមលីកកំពូលម៉ាឡេស៊ី Kedah FA ក្នុងពានរង្វាន់ Smart RSN Cup 2020 កាលពីយប់ថ្ងៃអង្គារ ម្សិលមិញ។

សម្រាប់ការប៉ះទង្គិចគ្នាជាមួយអ្នកចាំទី អ៊ុំ វិចិត្រ នៅកីឡដ្ឋាន RSN កាលពីយប់ម្សិលមិញនោះ បានធ្វើឲ្យ កុក បូរីស មានបញ្ហារបួសធ្ងន់លើស្នងជើងរបស់ខ្លួន ដោយប៉ះពាល់ដល់សរសៃ និងហើមឆ្អឹង ហើយរូបគេត្រូវបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ ប៉ុន្តែជំវិញបញ្ហារបួសនេះ បូរីស បានប្រាប់ថា របួសរបស់គេ មិនអាចឈានដល់ការវះកាត់នោះទេ តែក៏មិនដឹងថា រូបគេអាចចូលលេងនៅលើទីលានពេលណានោះទេ។

ខ្សែការពារ កុក បូរីស បាននិយាយថា៖ «មកដល់ពេលនេះ ខ្ញុំមិនទាន់ដើរបាននៅឡើយទេ ប៉ុន្តែរបួសខ្ញុំនេះ មិនឈានដល់ការវះកាត់អ្វីនោះទេ តែខ្ញុំមិនទាន់ដឹងថា ពេលណាខ្ញុំអាចចូលលេងក្នុងទីលានវិញនោះទេ ព្រោះអ្វីៗ វាអាស្រ័យទៅលើការឈឺចាប់របស់ខ្ញុំ»។ នេះបើក្លិបភ្នំពេញក្រោន បានបង្ហោះនៅលើផេចហ្វេសប៊ុកផ្លូវការរបស់ខ្លួន កាលពីរសៀលថ្ងៃពុធនេះ៕