ក្រុមបឹងកេត របស់កម្ពុជា នឹងត្រូវធ្វើការប្រកួតជាមួយក្រុម Penang FA របស់ម៉ាឡេស៊ី នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីរកក្រុមឈ្នះឡើងទៅប្រកួតផ្តាច់ព្រ័ត្រយកពានរង្វាន់មិត្តភាពអន្តរជាតិ Edy Rahmayadi Cup 2020 ដែលរៀបចំឡើងដោយក្លិប PSMS Medan របស់ឥណ្ឌូនេស៊ី។

ក្រុមបឹងកេត ដែលបានធ្វើដំណើរទៅដល់ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃអង្គារនោះ ទើបតែបានចាប់ផ្តើមហ្វឹកហាត់ នៅកីឡដ្ឋាន Teladan កាលពីល្ងាចថ្ងៃពុធ ម្សិលមិញ ហើយនៅថ្ងៃនេះ ពួកគេត្រូវប្រកួតម្រុះជាមួយក្រុម Pennang FA នៅវេលាម៉ោង៤រសៀល គឺមុនពេលការជួបគ្នារវាងក្រុមម្ចាស់ផ្ទះ PSMS Medan និងក្រុម Felda United របស់ម៉ាឡេស៊ី ដែលនឹងត្រូវធ្វើនៅយប់ម៉ោង៧។

បើទោះបីជា បឹងកេត បានចាញ់ក្រុមលេខ៤ លីកកំពូលម៉ាឡេស៊ី Kedah FA រហូតដល់ ៤-១ សម្រាប់ការប្រកួតមិត្តភាពលើកចុងក្រោយ នៅលើទឹកដីខ្លួនឯង កាលពីថ្ងៃសៅរ៍ កន្លងមកនេះ ប៉ុន្តែ Penang FA មិនមែនជាក្រុម ដែលមានសមត្ថភាពខ្លាំងដូច Kedah FA នោះទេ ព្រោះក្រុមបានធ្លាក់ចេញពីលីកកំពូលម៉ាឡេស៊ី កាលពីឆ្នាំ២០១៧ មួយនេះ បានត្រឹមលេខ៧ ក្នុងការប្រកួតលីកទី២ Malaysia Premire League កាលពីឆ្នាំ២០១៩ ប៉ុណ្ណោះ។

ចំពោះក្រុមបឹងកេត និងក្រុម Penang FA គឺក្រុមណាឈ្នះ នៅក្នុងវគ្គជម្រុះនេះ នឹងត្រូវឡើងទៅប្រកួតផ្តាច់ព្រ័ត្រជាមួយក្រុមលេខ១០លីកកំពូលម៉ាឡេស៊ី Felda United ឬក្រុម PSMS Medan ដែលលេងនៅលីកទី២របស់ឥណ្ឌូនេស៊ី (Liga 2) នៅថ្ងៃទី១៨ ខែមករា ដើម្បីរកក្រុមឈ្នះ ដែលត្រូវលើកពានមិត្តភាពអន្តរជាតិ Edy Rahmayadi Cup 2020 នេះ៕