ស្របពេលដែលក្រុមព្រះខ័នរាជស្វាយរៀង និងបឹងកេត សុទ្ធតែបានចេញទៅប្រកួតនៅក្រៅប្រទេស ដើម្បីពង្រឹមសមត្ថភាព ត្រៀមការប្រកួតលីកកំពូលកម្ពុជា ឆ្នាំ២០២០ នោះ ក្រុមណាហ្គាវើល ក្រសួងការពារជាតិ អាស៊ីអឺរ៉ុប និងសូលទីឡូអង្គរ បានយកការប្រកួត ពានរង្វាន់មិត្តភាពក្នុងស្រុក TV5 Pre-Season Championship 2020 ជាការពង្រឹងសមត្ថភាពរបស់ក្រុម។

សម្រាប់ការប្រកួតពានរង្វាន់ TV5 Pre-Season Championship 2020 នេះ ទាំងក្រុមម្ចាស់ផ្ទះក្រសួងការពារជាតិ ណាហ្គាវើល អាស៊ីអឺរ៉ុប និងសូលទីឡូអង្គរ សុទ្ធបានចាត់ទុកការនប្រកួតនេះ ជាឱកាសយ៉ាងដ៏ល្អ ក្នុងការពង្រឹងសមត្ថភាពក្រុម ក៏ដូចជាធ្វើតេស្តទៅលើកីឡាករថ្មីៗ មុនការប្រកួតលីកកំពូលកម្ពុជា ឆ្នាំ២០២០ ឈានចូលមកដល់។

ជាមួយគ្នានេះ អ្នករៀបចំកម្មវិធីប្រកួត លោក ខូវ ឆាយ អគ្គលេខាធិការក្លិបក្រសួងការពារជាតិ បានថ្លែង ក្នុងសន្និសីទកាសែត កាលពីម្សិលមិញថា ការរៀបចំឲ្យមានការពានរង្វាន់មិត្តភាពក្នុងស្រុកនេះឡើយ គឺដើម្បីផ្ដល់ឱកាសឲ្យក្រុមមិនបានចេញទៅបោះជំរំហ្វឹកហាត់ ឬប្រកួត នៅក្រៅស្រុក អាចប្រកួតសមជើងគ្នា វាស់ស្ទង់សមត្ថភាព ក៏ដូចជាស្វែងយល់ពីចំណុចខ្លាំង ចំណុចខ្សោយរបស់ក្រុមរៀងៗខ្លួន និងបង្កើនការត្រៀមឲ្យកាន់តែល្អប្រសើរ សម្រាប់ការប្រកួតលីកកំពូលកម្ពុជា ឆ្នាំ២០២០ ខាងមុខ។

តាមខ្លឹមសារ ដែលត្រូវបានប្រកួត នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃពុធនោះ បានឲ្យថា ក្រុមទាំង៤នេះ នឹងត្រូវធ្វើការប្រកួតគ្នា នៅកីឡដ្ឋានស្តាតចាស់ ហើយនៅថ្ងៃព្រហស្បតិ៍នេះ វាជាការប្រកួតជម្រុះបើកឆាក ដោយក្នុងនោះ ក្រុមក្រសួងការពារជាតិ ត្រូវជួបក្រុមសូលទីឡូអង្គរ នៅរសៀលម៉ោង ៣:៣០ ឯ ក្រុមណាហ្គាវើល និងសូលទីឡូអង្គរ ត្រូវប្រកួតគ្នា នៅល្ងាចម៉ោង៦។

សម្រាប់ក្រុមឈ្នះ នៅក្នុងការប្រកួតវគ្គជម្រុះនេះ នឹងត្រូវឡើងទៅប្រកួតគ្នា ដណ្ដើមពានមិត្តភាពនេះ នៅល្ងាច ថ្ងៃទី១៨ ខែមករា ហើយក្រុមចាញ់ ទាំង២ក្រុម ក៏ត្រូវប្រកួតគ្នា ដណ្ដើមយកចំណាត់ថ្នាក់លេខ៣ និងលេខ៤ នៅរសៀលថ្ងៃសៅរ៍ ជាមួយគ្នាផងនោះដែរ៕