ក្រុមបឹងកេត មិនបានធ្វើឲ្យអ្នកគាំទ្រខកចិត្ត ជាមួយនឹងការវិកបង្វិច ត្រឡប់មកមាតុប្រទេសវិញ ជាមួយការបរាជ័យនោះទេ ខណៈពួកគេ បានយកឈ្នះក្រុម Penang FA របស់ម៉ាឡេស៊ី ដើម្បីឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រយកពានមិត្តភាពអន្តរជាតិ Edy Rahmayadi Cup 2020 នៅប្រទេសឥណ្ឌូនេស៊ីនោះ។

យ៉ាងណាក៏ដោយ ជ័យជម្នះរបស់ក្រុមលីកកំពូលកម្ពុជា បឹងកេត ទៅលើក្រុមលេខ៧ Penang FA នៃលីកទី២របស់ម៉ាឡេស៊ី(Malaysia Premire League) បានកើតឡើងដោយលំបាក ក្រោមការប្រកួតយ៉ាងស្វិតស្វាញបំផុត។

តាមរយៈការប្រកួត នៅកីឡដ្ឋាន Teladan កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ម្សិលមិញនោះ ក្រុម Penang FA បានរកគ្រាប់បាល់តាមស្មើ ចំនួន២លើក តាមពីក្រោយការរកបានគ្រាប់បាល់នាំមុខរបស់កីឡាករ Mizuno Hikaru នៅនាទីទី៣ និងខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា នៅនាទីទី៩ ប៉ុន្តែកីឡាករ Masato ជាអ្នករកឃើញគ្រាប់បាល់ជ័យជម្នះ ៣-២ ឲ្យក្រុមបឹងកេត តាមរយៈការរកបានគ្រាប់បាល់របស់គេ នៅនាទីទី៦៤។

តាមរយៈការជ័យជម្នះនេះ ក្រុមបឹងកេត នឹងត្រូវឡើងទៅប្រកួតផ្តាច់ព្រ័ត្រ យក ពានមិត្តភាពអន្តរជាតិ Edy Rahmayadi Cup 2020 ជាមួយក្រុមលីកកំពូលម៉ាឡេស៊ី Felda United ដែលបានយកឈ្នះក្រុមម្ចាស់ផ្ទះ លេងនៅលីកទី២របស់ឥណ្ឌូនេស៊ី (Liga 2) គឺក្រុម PSMS Medan ក្នុងលទ្ធផល ២-១ កាលពីយប់ម្សិលមិញនោះទេ។

ការប្រកួតផ្តាច់ព្រ័ត្រ ដែលនឹងត្រូវធ្វើនៅថ្ងៃសៅរ៍នេះ វាមិនត្រឹមតែជាការប្រជែងយកពានមិត្តភាពអន្តរជាតិ របស់ក្រុមបឹងកេត ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការប្រកួតសងសឹករបស់បឹងកេត ទៅលើក្រុម Felda United ផងដែរ ព្រោះកាលពីថ្ងៃសៅរ៍សប្តាហ៍មុន បឹងកេត បានចាញ់លីកកំពូលម៉ាឡេស៊ី មួយនេះរហូតដល់ ៤-១ សម្រាប់ការប្រកួតមិត្តភាព នៅលើទឹកដីខ្លួនឯង៕