កីឡាការិនី អេ យ៉ានុត របស់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ដែលគេស្គាល់ថា ជាកូនស្រីបង្កើតរបស់អតីតជើងខ្លាំងគ្មានគូប្រៀប អេ ភូថង នោះ នឹងត្រូវប្រឈមនៅការប្រកួតដ៏លំបាក និងប្លែកខុសពីពេលសព្វដង ខណៈកញ្ញា ត្រូវប្រកួតជាមួយកីឡាការិនីជាម្ចាស់ខ្សែក្រវាត់មកពីអ៊ីតាលី Miam sabot នៅក្នុងព្រឹត្តិការណ៍ Mas Fight នៅសង្វៀនថោន ថ្ងៃអាទិត្យនេះ។

បើទោះបីជា៤ប្រកួតចុងក្រោយនេះ អេ យ៉ានុត បានឈ្នះគ្រប់ការប្រកួត ប៉ុន្តែការឈានចូលទៅប្រកួតក្នុងកម្មវិធី Mas Fight ជាលើកដំបូង ដែលត្រូវប្រកួត៩នាទី គ្មានឈប់ ដើម្បីរកអ្នកឈ្នះ ដោយការផ្តួលគូប្រកួតឲ្យសន្លប់នោះ វាបានក្លាយជារឿងដ៏លំបាកមួយសម្រាប់ យ៉ានុត។

បន្ថែមលើនេះ កីឡាការិនី Miam Sabot ដែលជាគូប្រកួតរបស់ អេ យ៉ានុត គឺជាអ្នកប្រដាល់ឆ្នើម ធ្លាប់ឈ្នះខ្សែក្រវាត់នៅប៉ុស្តិ៍លេខ៨ថៃទៀតផង។ ជាងនេះទៅទផត Miam Sabot មានប្រៀបផ្នែកកម្ពស់លើ យ៉ានុត ដាច់តែម្តង ព្រោះគេមានកម្ពស់ខ្ពស់ជាង១,៧២ម៉ែត្រ ចំណែកបទពិសោធប្រកួតក៏ល្អផងដែរ គឺធ្លាប់ប្រកួតបាន៦២ ឈ្នះ៤០ និងចាញ់២២ដង។

ភាពអំណោយផលទាំងកម្ពស់ និងមានសមត្ថភាពប្រកួតក៏ល្អរបស់ Miam Sabot វាបានធ្វើឲ្យអ្នកស្រី សាំង សុម៉ាលី ដែលជាម្តាយបង្កើតរបស់ អេ យ៉ានុត មានការបារម្ភផងដែរ។ អ្នកស្រីបាននិយាយថា បានប្រាប់ថា៖« អេ យ៉ានុត មិនធ្លាប់ប្រកួតត្រឹម១ទឹក ដែលមានរយៈពេល៩នាទីបែបនេះនោះទេ ហេតុនេះ យ៉ានុត អាចប្រឈមទៅនឹងការលំបាកច្រើន»។

ភរិយារបស់លោក អេ ភូថង ដែលតែងតែនៅជាប់ជាមួយការហ្វឹកហាត់របស់កូនៗ អ្នកស្រី សុម៉ាលី បានបន្ថែមថា៖«ក្តីប្រាថ្នារបស់ខ្ញុំ និងកូន ព្រមទាំងគ្រួសារ គឺចង់ទទួលបានជ័យជម្នះខ្លាំងណាស់ ប៉ុន្តែការវាយដៃគូឲ្យសន្លប់ ដើម្បីក្លាយជាអ្នកឈ្នះនោះ វាជារឿងលំបាកណាស់ ហេតុនេះ ខ្ញុំគិតថា យ៉ានុត អាចនឹងស្មើច្រើនជាង»។

ជាមួយគ្នានេះ កីឡាករជើងខ្លាំង ដែលកំពុងមានភាពលេចធ្លោរ វង្ស វិឆ័យ ក៏នឹងត្រូវបង្ហាញខ្លួនជាលើកដំបូង នៅក្នុងការប្រកួត Mas Fight នៅថ្ងៃអាទិត្យនេះផងដែរ ដោយរូបគេ ត្រូវជួបអ្នកប្រយុទ្ធរបស់ថៃ Lotus Sgg ក្នុងទម្ងន់៦៧គីឡូក្រាម ហើយថៃកម្ពស់១,៧៦ម៉ែត្ររូបនេះ ធ្លាប់ប្រកួតបាន១៣៦ដង ឈ្នះ៨៩ ចាញ់៣៩ ស្មើ៨ដង និងធ្លាប់ផ្តួលដៃគូឲ្យសន្លប់៣០ដង។

ចំណែកកីឡាករកម្ពុជា៣នាក់ទៀត ក៏ត្រូវប្រកួតក្នុងកម្មវិធី Mas Fight នៅថ្ងៃអាទិត្យនេះដែរ ដោយក្នុងនោះកីឡាករ សួរ ចាន់រាជ ត្រូវប៉ះម៉ាឡេស៊ី Puvan Balasubramanian ក្នុងទម្ងន់៥០គីឡូក្រាម រីឯ ឈួន រិទ្ធី ត្រូវជួប Ahmed Badat មកពី Zambiam ក្នុងទម្ងន់៧០គីឡូក្រាម ហើយ មុត ខ្លឹមខ្មៅ ត្រូវប្រឈមជាមួយកីឡាករចិន Lyu JIE ក្នុងទម្ងន់៦៥គីឡូក្រាម៕