ក្រុមនិស្សិតមកពីដេប៉ាតឺម៉ង់ខុសៗគ្នា ប្រមាណ៧០០នាក់ បានចាប់ផ្តើមបើកការប្រជែងគ្នា នៅក្នុងការប្រកួតបាល់ទាត់ជ្រើសរើសជើងឯកសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រចាំឆ្នាំ២០២០ កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ម្សិលមិញ ដើម្បីស្វែងរកក្រុមខ្លាំង ប្រចាំសកលវិទ្យាល័យមួយនេះ ត្រៀមចូលរួម ក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិ ឬពានសកលវិទ្យាល័យ (University Game) ដែលរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា។

នៅក្នុងពិធីបើកការប្រកួត កាលពីព្រឹកថ្ងៃសៅរ៍ លោក សោម រតនា សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានថ្លែងថា សកលវិទ្យាល័យភូមិន្ទភ្នំពេញ តែងតែរៀបចំឲ្យមានការប្រកួតបាល់ទាត់នេះ ជារៀងរាល់ឆ្នាំ ហើយនៅឆ្នាំនេះ មានក្រុមនិស្សិតចំនួន២០ក្រុម បានចូលរួម ដោយក្នុងនោះក្នុង១ក្រុម អាចមានកីឡាករពី៣០ទៅ៤០នាក់។

ជុំវិញគោលបំណងនៃការបង្កើតឲ្យមានការប្រកួតបាល់ទាត់នេះ លោក សោម រតនា បាននិយាយថា៖«ការរៀបចំឲ្យមានការប្រកួតនេះ គឺដើម្បីជ្រើសរើសយកជើងឯកប្រចាំសកលវិទ្យាល័យរបស់យើង ត្រៀមទៅប្រកួតប្រជែងថ្នាក់ជាតិ (ពានសាកលវិទ្យាល័យ) ជាមួយសកលវិទ្យាល័យផ្សេងៗទៀត»។

លោកបានបន្ថែមថា៖«ក្រសួងអប់រំ ទើបតែចេញលិខិតបង្កាប់ការ និងជំរុញឲ្យសកលវិទ្យាល័យនីមួយៗ យកចិត្តទុកដាក់ ក្នុងការរៀបចំការប្រកួតបាល់ទាត់នេះ ដើម្បីត្រៀមលក្ខណៈចូលរួមការប្រកួតថ្នាក់ជាតិ អ៊ីចឹងនេះជាឱកាសល្អមួយទៀត ដែលជាការលើកទឹកចិត្តផង និងជំរុញពួកយើងខ្ញុំផង នៅក្នុងលំដាប់សកលវិទ្យាល័យនេះ ឲ្យធ្វើការងារកាន់តែខ្លាំង ពាក់ព័ន្ធបាល់ទាត់នេះ ហើយនៅឆ្នាំនេះ យើងនឹងព្យាយាមធ្វើឲ្យបានល្អជាងមុន»។

បើតាមខ្លឹមសារ ដែលត្រូវបានប្រកាស នៅក្នុងពិធីបើកការប្រកួត កាលពីព្រឹកថ្ងៃសៅរ៍នោះ គឺក្រុមនិស្សិតទាំង២០ដេប៉ាតឺម៉ង់ មានភាសាជប៉ុន, សង្គមវិទ្យា, ភូមិវិទ្យា, ជីវវិទ្យា, ភាសាវិទ្យា, គីមី, អង់គ្លេស, ព័ត៌មានវិទ្យា, ចិត្តវិទ្យា, សិក្សាអន្តរជាតិ, អក្សសាស្ត្រខ្មែរ, គណិតវិទ្យា, ប្រវត្តិវិទ្យា, ទស្សនវិទ្យា, បរិស្ថាន, វិស្វកម្មទូរគមនាគមន៍, វិស្វកម្មបច្ចេកវិទ្យាព័ត៌មាន, រូបវិទ្យា, គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ និងភាសាកូរ៉េ ត្រូវបានចែកការប្រកួតជម្រុះទៅតាមពូលរៀងៗខ្លួន។

ទោះបីជាយ៉ាងណា ក្រុមទាំង២០នេះ ត្រូវប្រកួតគ្នាតែរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យប៉ុណ្ណោះ ដោយចំណាយពេល៣ខែ ដើម្បីរកក្រុមម្ចាស់ជើងឯក ចំណែកប្រាក់រង្វាន់វិញ គឺត្រូវបានបង្កើនឡើងទ្វេដង បើធៀបទៅនឹងការប្រកួតតាមបណ្តាឆ្នាំកន្លងមក ដែលក្រុមលេខ១ បានតែ៥០០ដុល្លារ ព្រោះនៅឆ្នាំនេះ ក្រុមលេខ១ នឹងទទួលបាន១០០០ដុល្លារ លេខ២បាន៧០០ដុល្លារ លេខ៣បាន៥០០ដុល្លារ និងក្រុមលេខ៤ បាន៣០០ដុល្លារ៕