កីឡាករជើងខ្លាំងវ័យក្មេងរបស់កម្ពុជា ឈុតសេរី វ៉ាន់ថង និង ឃួន ឡាំងកូស៊ីន បានជួបហេតុការណ៍២ដាច់ដោយដោយពីគ្នា សម្រាប់ការបង្ហាញសមត្ថភាព កាលពីថ្ងៃអាទិត្យ ដោយក្នុងនោះ ឡាំងកូស៊ីន បានជួបសំណាង មុនពេលសន្លប់ទឹកទី២ ចំណែក វ៉ាន់ថង បានផ្តួលជើងខ្លាំងថៃ Thanou Ngen ឲ្យសន្លប់ក្នុងទឹកទី២ ប៉ុន្តែជ័យជម្នះនេះ ត្រូវបានឪពុករបស់គេ ចាត់ទុកថា ជាហេង។

សម្រាប់ការប្រកួត នៅលើទីលានផ្សេងគ្នា កាលពីថ្ងៃអាទិត្យនោះ ឃួន ឡាំងកូស៊ីន បានតស៊ូជាមួយអ្នកប្រដាល់ថៃ Nakornloung មិនបាន២ទឹកស្រួលបួលផង ក៏ត្រូវបានអាជ្ញាកណ្តាលបញ្ឈប់តែម្តង បន្ទាប់រូបគេ ត្រូវបាន Nakornloung ម៉ាត់ និងទាត់បណ្តាលឲ្យគាំង និងដួល នាំឲ្យមានការរាប់ចំនួន៣លើក ក្នុងទឹកទី២នោះ។

យ៉ាងណាក៏ដោយ ឃួន ឡាំងកូស៊ីន នៅតែទទួលបានឱកាស ឡើងទៅប្រកួតវគ្គ៨នាក់ចុងក្រោយ ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់មាស ទម្ងន់៥៧គីឡូក្រាម នៅលើសង្វៀន PNN ដដែល ព្រោះការរក្សាទម្ងន់មិនបានតាមការកំណត់របស់ Nakornloung (លើស១,១គីឡូក្រាម) បានធ្វើឲ្យគណៈកម្មការ សម្រេចឲ្យថៃម្នាក់នេះ ចាញ់ ឡាំងកូស៊ីន ដោយស្វ័យប្រវត្តិ តាំងពីមុនប្រកួត ហើយបានបង្វែការប្រកួតរបស់អ្នកទាំង២ កាលពីថ្ងៃអាទិត្យនោះ មកជាការប្រកួតមិត្តភាពអន្តរជាតិ វិញ ដើម្បីកុំឲ្យខូចកម្មវិធី។

ដោយឡែកកីឡាករជើងខ្លាំងវ័យក្មេងមកពីខេត្តបាត់ដំបង ឈុតសេរី វ៉ាន់ថង បានធ្វើអ្នកទស្សនាការប្រកួត នៅលើសង្វៀន SEATV កាលពីព្រឹកថ្ងៃអាទិត្យ ស្ទើរតែមិនចង់ជឿ ខណៈរូបគេ អាចប្រើបច្ចេកទេសវាយកែង ផ្តួលជើងខ្លាំងរបស់ថៃ Thanou Ngen ឲ្យសន្លប់ត្រឹមទឹកទី២នោះ។ ជ័យជម្នះរបស់ វ៉ាន់ថង បានធ្វើឲ្យអ្នកទស្សនាមានការកោតសរសើរមិនដាច់ពីមាត់ ពីបច្ចេកទេសប្រកួតដ៏ឆ្លាតវៃរបស់គេ។ យ៉ាងណាក៏ដោយ ជ័យជម្នះដ៏លឿនរហ័សរបស់ វ៉ានថង ត្រូវបានលោក ឈុត សេរី ជាគ្រូបង្វឹក និងជាគ្រូបង្វឹក បានចាត់ទុកថា ជាការឈ្នះដោយហេង។

លោក ឈុត សេរី បាននិយាយក្រោយការប្រកួតថា៖«ការវាយកែង បណ្តាលឲ្យ Thanou Ngen សន្លប់របស់ វ៉ាន់ថង អាចចាត់ទុកថា ជាហេងផងដែរ ព្រោះយើងត្រៀមវាយឆ្មក់ដោយក្បាច់កែង គាស់ពីក្នុង បានសម្រេច។ ប៉ុន្តែបើមិនបានបញ្ចេញស្នៀតកែងទេនោះ គឺការប្រកួតនេះ អាចនឹងអូសបន្លាយច្រើនទឹក ហើយអ្វីៗក៏អាចនឹងមានការប្រែប្រួល ក៏ថាបាន»៕