កីឡាករ និងកីឡាការិនីមកពីប្រទេសបារាំង បានបង្ហាញដល់អ្នករត់ប្រណាំងមកពី៤៥ប្រទេសថា ពួកគេ ពិតជាមានភាពអំណត់ខ្លាំង ក្នុងការជម្នះការនឿយហត់ ដើម្បីទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងការរត់ចម្ងាយឆ្ងាយ១២៨គីឡូម៉ែត្រ នៅក្នុងព្រឹត្តិការណ៍ Angkor Ultra Trial លើកទី៥ ឆ្នាំ២០២០ នៅលើទឹកដីអង្គរ ខេត្តសៀមរាប ដែលបានបញ្ចប់ កាលពីថ្ងៃអាទិត្យ ម្សិលមិញ។

តាមរយៈការរត់ចម្ងាយឆ្ងាយ១២៨គីឡូម៉ែត្រ ទាំងថ្ងៃ និងយប់ ដោយមានការរត់តាមផ្លូវបត់ប៉ែន ក្នុងតំបន់អង្គរ ព្រមទាំងមានការរត់កាត់ភូមិ និងវាលស្រែផងនោះ កីឡាករបារាំង Guillon Antoine ដោយប្រើថិរវេលា១២:១២:៥៧ ដើម្បីទទួលបានលេខ១ ផ្នែកបុរស ហើយលេខ២ក៏បានទៅលើកីឡាករបារាំង Le Saux Christophe ផងដែរ ជាមួយការប្រើពេល១៣:៤២:៣២ ម៉ោង។

ចំណែកការរត់ចម្ងាយឆ្ងាយ១២៨គីឡូម៉ែត្រ ផ្នែកនារី កីឡាការិនីមកពីប្រទេសបារាំង Messina Veronipue បានក្លាយជាម្ចាស់ជើងឯក ដោយចំណាយពេល១៧:៣០:២៦ម៉ោង ខណៈលេខ២ បានទៅកីឡាការិនីហុងកុង Cheng Yin Kwan ជាមួយថិរវេលា២០:៤៤:៧ ម៉ោង។

ចំពោះការរត់ចម្ងាយ៦៤គីឡូម៉ែត្រ គឺកីឡាករ និងកីឡាការិនីបារាំង បានក្រសោបយកលេខ១ដូចគ្នា ដោយក្នុងនោះកីឡាករ Dercourt Yohan ប្រើថិរវេលា ៥:១៨:៤៩ម៉ោង ដើម្បីបានលេខ១ កីឡាការិនី Corne Katell បានចំណាយពេល៦:៥៥:៣៨ម៉ោង ដើម្បីដណ្តើមបានលេខ១។

ជាមួយគ្នានេះ កីឡាការិនីកម្ពុជាចំនួន២នាក់ ក៏ប្រជែងបានលេខ១ ក្នុងការត់ចម្ងាយ៤២គីឡូម៉ែត្រ និង៣២គីឡូម៉ែត្រផងដែរ ដោយក្នុងនោះ កីឡាការិនីជើងចាស់ លី ណារី បានប្រើថិរវេលា ៤:៥:១៥ម៉ោង ដើម្បីក្លាយជាម្ចាស់ជើងឯក លើការរត់៤២គីឡូម៉ែត្រ ហើយកីឡាការិនីកូនកាត់ខ្មែរ-បារាំង ឡូរី ដណ្ដើមបានលេខ១ លើការរត់ចម្ងាយ៣២គីឡូម៉ែត្រ ដោយប្រើពេល២ម៉ោង និង៤២នាទី។

លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC បានថ្លែង នៅក្នុងពិធីបំពាក់មេដាយថា៖«សម្រាប់ការប្រកួតលើកនេះ យើងមានការប្រារព្ធធីកាត់នំ ព្រោះនេះខួប៥ឆ្នាំ ដែលកម្ពុជា បានធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍នេះ ហើយការប្រកួតលើកនេះ យើងទទួលបានភាពជោគជ័យ និងរលូន»។

ចំណែកលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ NOCC បានប្រាប់ថា៖«ព្រឹត្តិការណ៍ Angkor Ultra Trial ឆ្នាំ២០២០ ដោយមានអ្នកចូលរួមសរុប១២៥៥នាក់ មកពី៤៥ប្រទេស ហើយក្នុងនោះ អ្នករត់មកពីបារាំង មានចំនួនច្រើនជាងគេបន្ទាប់មកកម្ពុជា អង់គ្លេស និងប្រទេសកូរ៉េ ឈរនៅលេខ៤។

ជាមួយគ្នានេះ ជនបរទេស ដែលបានចូលរួមលើកនេះ បានបង្ហាញនូវការកោតសរសើរ ចំពោះការរៀបចំកាន់តែល្អ ទាំងផ្លូវរត់ និងការផ្ដល់នូវការស្វាគមន៍យ៉ាងកក់ក្ដៅ ពីថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខ្មែរ»៕