ព្រឹត្តិការណ៍កីឡាទេសចរណ៍«ថ្មើរជើងប្រវត្តិសាស្រ្ត» នៅអន្លង់វែង លើកទី២ ឆ្នាំ២០២០ បានពង្រីកការប្រកួតកាន់តែធំ ដោយមានការបញ្ជូលឲ្យមានការប្រកួត និងសម្តែង នៅលើប្រភេទកីឡាមួយចំនួនទៀត ហើយរយៈពេលនៃការរៀបចំ ក៏មានរយៈពេលវែងជាង កាលពីនាំ២០១៩ ផងដែរ។

លោក វ៉ាត់ ចំរើន ជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានថ្លែងថា៖«សម្រាប់ព្រឹត្តិការណ៍ ថ្មើរជើងប្រវត្តិសាស្រ្ត លើកទី១ នៅខេត្តឧត្តរមានជ័យនេះ កាលពីឆ្នាំមុន គឺមានលក្ខណៈតូចចង្អៀត ដែលជាការចាប់ផ្តើមដំបូង ប៉ុន្តែឆ្នាំទី២នេះ យើងនឹងធ្វើឲ្យកាន់តែធំ និងមានការទាក់ទាញ ដើម្បីឲ្យមានអ្នកចូលរួមកាន់តែច្រើន ហើយលើកនេះ ការរៀបចំរបស់យើង មានរយៈពេលវែងជាងមុន ចំណែកសកម្មភាពប្រកួតកីឡា ក៏មានច្រើនជាងមុនដែរ»។

បើតាមខ្លឹមសារ ដែលត្រូវបានលើកឡើង នៅក្នុងសន្និសីទកាសែត នៅស្រុកអន្លង់វែង កាលពីថ្ងៃចន្ទ បានឲ្យដឹងថា ព្រឹត្តិការណ៍ថ្មើរជើងប្រវត្តិសាស្រ្ត លើកទី២ ឆ្នាំ២០២០ នៅអន្លង់វែង លើកនេះ NOCC ក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្តឧត្តរមានជ័យ ព្រមទាំងភាគីពាក់ព័ន្ធមួយចំនួនទៀត បានរក្សាឲ្យមានការរត់ប្រណាំងកម្សាន្តនៅដដែល ហើយបានបន្ថែមឲ្យមានការប្រកួតប្រដាល់មិត្តភាពខ្មែរ-ថៃ ជិះកង់កម្សាន្ត ប្រកួតចំបាប់បុរាណខ្មែរ ប្រណាំងទូក និងសម្តែងល្បុក្កតោ។

ជាមួយគ្នានេះ ក៏មានការរៀបចំឲ្យមានការប្រគុំតន្រ្តី ហើយព្រឹត្តិការណ៍នេះ គឺគ្រោងធ្វើចំនួន៣ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី៧ ដល់ទី៩ ខែកុម្ភ ខាងមុខនេះ គឺខុសពី ព្រឹត្តិការណ៍ថ្មើរជើងប្រវត្តិសាស្រ្ត លើកទី១ ដែលបានធ្វើតែ១ថ្ងៃ ខណៈសកម្មភាពកីឡាមានតែរត់ប្រណាំងកម្សាន្ត និងការនាំគ្នាដើរ ពីច្រកជាំស្រងាំ ឆ្ពោះទៅកាន់កំពូលភ្នំដងរែក ដែលជាតំបន់តស៊ូចុងក្រោយនៃរបបខ្មែរក្រហម។

លោក វ៉ាត់ ចំរើន ដែលជារដ្ឋលេខាធិការក្រសួងទេសចរណ៍ ផងនោះ បានបន្ថែមថា៖ «ថ្មើរជើងប្រវត្តិសាស្រ្ត លើកនេះ យើងនឹងធ្វើចំនួន៣ថ្ងៃ ព្រោះព្រឹត្តិការណ៍នេះ មានការគាំទ្រ និងចូលរួមកាន់តែច្រើន ជាពិសេស យើងចង់ធ្វើឲ្យព្រឹត្តិការណ៍នេះ មានភាពប្លែក និងកាន់តែអស្ចារ្យ ហើយនៅថ្ងៃចុងក្រោយ យើងនឹងមានការបាញ់កាំជ្រួចអបអរទិវានេះ ឲ្យកាន់តែគគ្រឹកគគ្រេងផងដែរ»៕