កីឡាករកម្ពុជា មុត ខ្លឹមខ្មៅ និង ថៃ រិទ្ធី បានដក់ចិត្តទៅក្នុងការប្រកួត Mas Fight កាន់តែខ្លាំង បន្ទាប់អ្នកទាំង២ បានផ្តួលកីឡាករចិន Lyu Jie និងអ្នកប្រដាល់ស៊ែប៊ី Ahmed Badat ឲ្យសន្លប់ ក្នុងនាទីទី១ដូចគ្នា ដើម្បីទទួលបានរង្វាន់ធំ គឺទឹកប្រាក់បន្ថែមចំនួន៦០០ដុល្លារដូចគ្នា បន្ថែមទៅលើប្រាក់តម្លៃខ្លួននោះ។

បើទោះបីជាលក្ខខណ្ឌប្រកួតក្នុងព្រឹត្តិការណ៍ Mas Fight នៅលើសង្វៀនថោន កំណត់ឲ្យប្រកួត១ទឹក មាន៩នាទី ប៉ុន្តែមហិច្ចតាចង់ឈ្នះប្រាក់រង្វាន់បន្ថែម តាមរយៈការផ្តួលឲ្យគូប្រកួតសន្លប់នោះ បានបង្ខំឲ្យ មុត ខ្លឹមខ្មៅ និង ថៃ រិទ្ធី បើកការប្រកួតវាយលុកភ្លាមៗ និងបានផ្តួលបរទេសឲ្យសន្លប់លឿនដូចគ្នា ហើយជ័យជម្នះនេះ បានធ្វើឲ្យអ្នកទាំង២ ទទួលបានប្រាក់ត្រឡប់ទៅវិញខ្ទង់ជាង១ពាន់ដុល្លារដូចគ្នា។

មុត ខ្លឹមខ្មៅ បាននិយាយក្រោយប្រកួតថា៖«ខ្ញុំចង់វ៉ៃនៅសង្វៀន Mas Fight ព្រោះមានប្រាក់រង្វាន់ច្រើន បន្ថែមលើតម្លៃខ្លួន ហើយក៏មិនលំបាកក្នុងការចាំមើលលទ្ធផលនោះដែរ ព្រោះការប្រកួតអត់មានចៅក្រមនោះទេ គឺមានតែអាជ្ញាកណ្តាលម្នាក់គត់ ហើយធ្វើបែបនេះ វាជារឿងល្អម៉្យាងដែរ ព្រោះយើងមិនចាំបាច់ខ្វល់ខ្វាយ រឿងខ្សែតូច ឬខ្សែធំនោះទេ»។

តាមរយៈការប្រកួត Mas Fight ជាលើកដំបូង កាលពីយប់ថ្ងៃអាទិត្យ កន្លងមកនេះ មុត ខ្លឹមខ្មៅ ដែលទើបឈ្នះបានខ្សែក្រវាត់ពិភពលោក សម្រាប់ការប្រកួតនៅបុណ្យសមុទ្រ ខេត្តកំពត កាលពីចុងឆ្នាំ២០១៩នោះ បានប្តូរកណ្តាប់ដៃ ព្រមទាំងបន្ថែមដោយក្បាច់ជង្គង់ និងកែង បណ្តាលឲ្យកីឡាករចិន Lyu Jie ដួល និងត្រូបានអាជ្ញាកណ្តាលរាប់ភ្លាមៗ ហើយក្នុងស្ថានភាពដ៏ល្អនេះ ខ្លឹមខ្មៅ បានស្ទុះចូលបុកជង្គង់ និងវាយកែងបន្ថែម ធ្វើឲ្យ Lyu Jie សន្លប់ធំតែម្តង នៅត្រឹមនាទីទី១តែម្តង។

ចំណែក ថៃ រិទ្ធី បានប្រើកណ្តាប់ដៃវាយផ្ទួនៗទៅលើកីឡាករ Ahmed Badat មកពីប្រទេសស៊ែប៊ី បណ្តាលឲ្យសន្លប់នៅត្រឹមនាទីទី១ដូចគ្នា។ ជាមួយជ័យជម្នះនេះ ថៃ រិទ្ធី បាននិយាយថា៖«ខ្ញុំពេញចិត្តការប្រកួតMas Fight នេះខ្លាំង ត្រង់ថា មានប្រាក់រង្វាន់ច្រើន និងមានយុត្តិធម៌ គឺអ្នកខ្លាំង ត្រូវឈ្នះ ព្រោះការប្រកួត មិនអាចយិតយោងជាលក្ខណៈបក្ខពួកបាននោះឡើយ»៕