កីឡាករលំដាប់ជួរមុខ និងជើងខ្លាំងជំនាន់ក្រោយរបស់កម្ពុជាចំនួន៩នាក់រួមមាន ឡុង សុភី, យ៉េន ឌីណា, ឡុង ជិន, សុខ សាវិន, មឿន សុខហ៊ុច, បាង កាយ៉ាក, តាញ់ មករា, ហ៊ឹម សេរី និង អេ ណារ័ត្ន បានធ្វើឲ្យការប្រកួតលក្ខណៈអន្តរជាតិ នៅលើសង្វៀន CNC សម្រាប់ប្រចាំសប្តាហ៍នេះ មានការប្រែប្រួលខ្លួន ខណៈពួកគេសុទ្ធតែបានយកឈ្នះលើកីឡាករបរទេសដូចគ្នានោះ គឺមានតែ ធឿន ធារ៉ា ម្នាក់គត់ ដែលបានចាញ់ជើងខ្លាំងរបស់ថៃ នៅលើសង្វៀនមួយនេះ។
តាមរយៈការប្រកួត កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ម្សិលមិញនេះ ហ៊ឹម សេរី និង ឡុង ជិន បានចំណាយពេលតិចជាងគេ ក្នុងការយកឈ្នះលើកីឡាករបរទេស ដោយក្នុងនោះ ហ៊ឹម សេរី បានទាត់ឲ្យកីឡាករថៃ Nok Krachip ខូចដៃឆ្វេង និងបោះបង់ចោលការប្រកួត នៅត្រឹមទឹកទី២ ចំណែក ឡុង ជិន បានផ្តួលអ្នកប្រដាល់មកពីឥណ្ឌា Mukherjee Anup ឲ្យសន្លប់នៅទឹកទី៣។
ចំណែក តាញ់ មករា និង បាង កាយ៉ាក សុទ្ធតែបានយកឈ្នះលើកីឡាករថៃ ដោយពិន្ទុ ដើម្បីឡើងទៅកាន់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ទម្ងន់៦០គីឡូក្រាម ដោយក្នុងនោះ មករា បានឈ្នះ Khum Phum Noy ហើយ កាយ៉ាក បានឈ្នះ Braphairy Phyanorn Yim។
ជាមួយលទ្ធផលនេះ តាញ់ មករា និង បាង កាយ៉ាក នឹងត្រូវឡើងទៅជួបអ្នកប្រដាល់ថៃ Vithak Yayuth ដែលបានឈ្នះពិន្ទុ អេលីត សាន់ និងកីឡាករថៃម្នាក់ទៀតឈ្មោះ Phat Kreangkrai ដែលបានយកឈ្នះ រ៉ែន រាជ នៅក្នុងការប្រកួតវគ្គជម្រុះដូចគ្នានេះផងដែរ កាលពីសប្តាហ៍មុន។
យ៉ាងណាមិញ កីឡាករ សុខ សាវិន ទទួលបានជោគជ័យ ក្នុងការសម្រេចការសងសឹកទៅលើជើងខ្លាំងរបស់ថៃ Link Loom សម្រាប់ការជួបគ្នាជាថ្មី ក្នុងព្រឹត្តិការណ៍ដណ្តើមប្រាក់លាន ដើម្បីទទួលបាន១លានរៀល ប៉ុន្តែ ធឿន ធារ៉ា បានបាត់បង់ឱកាសឈ្នះប្រាក់លាននេះ ក្រោយចាញ់ពិន្ទុជើងខ្លាំងរបស់ថៃ Korng Moerng Chang។
ផ្ទុយពីនេះ អ្នកលេងជង្គង់ ឡុង សុភី បានយកឈ្នះកីឡាករថៃ Pu Sang Yai ដោយពិន្ទុ ក្រោមការប្រកួតយ៉ាងស្វិតស្វាញបំផុត រីឯ យ៉េន ឌីណា ក៏បានយកឈ្នះពិន្ទុលើថៃ Korng Napha ដោយលំបាកដូចគ្នា។ ចំណែកកីឡាករអាងទៅលើកម្លាំងទាត់ចេញ មឿន សុខហ៊ុន បានយកឈ្នះលើជើងខ្លាំងរបស់ថៃ Noeng Trakan ដោយពិន្ទុជាថ្មីម្តងទៀត ហើយ អេ ណារ័ត្ន បានយកឈ្នះកីឡាករអូបេគីស្ថាន Tulabaev Kobibek ដោយពិន្ទុទាំងលំបាក៕