ព្រឹត្តិការណ៍បាល់ទាត់ពាក់កណ្តាលអាជីព Keller Williams Cambodia Cup រដូវកាលទី៩ ឆ្នាំ២០២០ (KW Cambodia Cup) បានសម្រេចបង្កើនប្រាក់រង្វាន់សម្រាប់ក្រុមម្ចាស់ជើងឯក ឡើងដល់៤០លានរៀល ស្មើនឹង១ម៉ឺនដុល្លារ គឺកើនឡើងទ្វេដង បើធៀបទៅនឹងឆ្នាំមុន។

ជាមួយគ្នានេះ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ដែលជាស្ថាបនិកបង្កើតពានដ៏ធំមួយនេះ បានអះអាង នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃពុធថា លោកពិតចង់ឃើញក្រុមយុវជនថ្នាលរបស់ក្លិបអាជីពនៅលីកកំពូលកម្ពុជា ចូលរួមការប្រកួតនៅរដូវកាលនេះ ដើម្បីធ្វើឲ្យការប្រកួតកាត់តែមានន័យ។

«ពានយើងជាពានពាក់កណ្ដាលអាជីព អ៊ីចឹងលក្ខខណ្ឌ មិនតឹងរ៉ឹងពេកទេ ព្រោះពេលយើងតឹងរ៉ឹងពេក ធ្វើឲ្យការប្រកួតប្រជែងមានកម្រិត អ៊ីចឹងដូចឆ្នាំមុនដែរ គឺកីឡាករបរទេសយើងបើកជំហរ១០០ភាគរយ មានន័យថា មួយក្រុម មានបរទេសសុទ្ធក៏អាចលេងបាន ហើយចំពោះក្រុមថ្នាលទាំងក្នុងក្របខ័ណ្ឌ U18, U20 ឬ U22 របស់ក្លិបអាជីព ដែលចង់ចូលរួម គឺយើងឲ្យចូលរួម»។

លោកបណ្ឌិត បានបញ្ជាក់ថា៖ «ខ្ញុំចង់ឲ្យក្រុមថ្នាល់របស់ក្លិបអាជីព ដូចជាបឹងកេត ភ្នំពេញក្រោន ណាហ្គាវើល ក្រសួងការពារជាតិ និង វិសាខា ជាដើម ដែលមានក្រុម U18 ឬ U20 មិនទាន់ចូលលេងលីកកំពូលនោះ គឺបើគាត់បញ្ជូនឲ្យមកលេងទាំងក្រុមតែម្តង កាន់តែល្អ ព្រោះពានរង្វាន់របស់ខ្ញុំ មានប្រាក់រង្វាន់ដល់១ម៉ឺនដុល្លារ វាច្រើនគួរសមដែរ ហេតុនេះខ្ញុំអំពាវនាវដល់ក្រុមយុវជននៅក្លិបអាជីព ដាក់មកលេងចុះ ហើយក្រុមដែលយើងនឹងទទួលយក គឺត្រឹមពី១៦ក្រុម ដល់២០ក្រុមប៉ុណ្ណោះ»។

យ៉ាងណាក៏ដោយ ចំពោះកីឡាករអាជីពលេងនៅលីកកំពូលកម្ពុជា ឆ្នាំ២០១៩ និងឆ្នាំ២០២០ គឺកំណត់១ក្រុមឲ្យមានតែ២នាក់ទេ។ ចំណែកការប្រកួតនៅរដូវកាលនេះ គឺក្រុមចូលរួមទាំងអស់ នឹងត្រូវចែកការប្រកួតជា២ពូល រួចប្រកួតជម្រុះវិលជុំ នៅតាមពូល យកក្រុម Top4 ឡើងទៅប្រកួតស្វែង។

បើតាមការប្រកួត នៅក្នុងសន្និសិទកាសែត កាលពីថ្ងៃពុធនោះ បានឲ្យដឹងទៀតថា ក្រៅពីក្រុមលេខ១ បាន៤០លានរៀល ស្មើនឹង១ម៉ឺនដុល្លារ គឺក្រុមម្ចាស់ជយលាភីផ្សេងទៀត ក៏ចង់ប្រាក់រង្វាន់កើនឡើងដែរ គឺលេខ២បាន២០លានរៀល លេខ៣បាន១០លាន ក្រុមលេខ៤បាន៥លាន ក្រុម Fair play ២លានរៀល ចំណែកអ្នកទាត់បាល់បញ្ជូលទីច្រើនជាងគេ និងអ្នកចាំទីល្អជាងគេ បាន១០ម៉ឺនរៀលដូចគ្នា ហើយព្រឹត្តិការណ៍រដូវកាលថ្មីនេះ គ្រោងនឹងប្រកួតបើករដូវកាល នៅថ្ងៃទី៩ ខែកុម្ភ ខាងមុខនេះ៕