ស្ថាបនិកសាលាបាល់ទាត់អន្តរជាតិប្រេស៊ីល (BIFA) លោក Ricardo Alves Fernandes ដែលជាអតីតខ្សែបម្រើដ៏ល្បីរបស់ប្រេស៊ីល បានអះអាងថា ការសម្រេចមកបើកសាលាបណ្តុះបណ្តាលបាល់ទាត់នៅកម្ពុជា គឺដើម្បីចូលរួមជួយអភិវឌ្ឍវិស័យបាល់ទាត់ មិនមែនមកដើម្បីប្រជែង ឬដណ្តើមយកទីផ្សារ បណ្តុះបណ្តាលក្រុមយុវជនថ្នាល ពីក្លិបកំពូលៗ នៅក្នុងប្រទេសកម្ពុជានោះទេ។
លោក Ricardo Alves Fernandes បាននិយាយថា៖ «ការមកបើកសាលានៅកម្ពុជារបស់ BIFA គឺមើលទៅ ដូចជាការប្រកួតប្រជែងមួយ ជាមួយក្លិប ដែលកំពុងបណ្តុះបណ្តាលថ្នាក់ថ្នាក់នៅកម្ពុជា ប៉ុន្តែតាមពិតវាមិនមែនបែបហ្នឹងនោះទេ ដោយសារ BIFA មានសមាជិកជាច្រើននៅលើពិភពលោក ចំណែកក្លិបបាល់ទាត់នៅកម្ពុជា គ្រាន់តែជាក្លិប នៅក្នុងស្រុកប៉ុណ្ណោះ»។
លោកបានបន្ថែមថា៖ «យើងបានជួយបណ្តុះបណ្តាលដល់ក្រុមយុវជន នៅតាមប្រទេសជាច្រើន ដើម្បីឲ្យពួកគេមានក្តីសង្ឃឹម ក្នុងការក្លាយខ្លួនទៅជាកីឡាករអាជីពកម្រិតអន្តរជាតិ នាពេលអនាគត អ៊ីចឹងយើងមកបើកសាលាបាល់ទាត់នៅកម្ពុជានេះ គឺដើម្បីសហការ និងចូលរួមជួយអភិវឌ្ឍដល់វិស័យកីឡានៅកម្ពុជា ឲ្យកាន់តែមានការរីកចម្រើន ពិសេសដើម្បីឲ្យក្មេងៗ ដែលមានទេពកោសល្យ អាចមានឱកាសបានចេញទៅលេងនៅក្រៅប្រទេស»។
ការលើកឡើងរបស់អតីតកីឡាករជើងខ្លាំងរបស់ប្រេស៊ីល លោក Ricardo Alves Fernandes ត្រូវបានធ្វើឡើង ក្នុងសន្និសីទកាសែតមួយ នៅភ្នំពេញ កាលពីថ្ងៃទី២៣ ខែមករា ហើយវាក៏ជាពេលដែលក្រុម BIFA បានប្រកាសពីគម្រោងបើកសាលាបាល់ទាត់អន្តរជាតិប្រេស៊ីលនៅកម្ពុជា ឬហៅកាត់ថា BIFA Cambodia ផងដែរ។
លោក គុយ ប៉ាន់ឆ័យ ស្ថានិក និងជា CEO របស់ក្រុមហ៊ុន រៀលលាននែរ (Riellionaire) ដែលជាក្រុមហ៊ុននាំយក BIFA មកកាន់ប្រទេសកម្ពុជា បានអះអាង នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃព្រហស្បតិ៍នោះដែរ គ្រូបង្វឹករបស់ BIFA Cambodia គឺ៩០ភាគរយមកពីប្រទេសប្រស៊ីល រីឯមួយចំនួនទៀត ជាគ្រូបង្វឹកជនជាតិខ្មែរ មកពីក្លិបផ្សេងៗ ហើយសាលាបាល់ទាត់អន្តរជាតិប្រេស៊ីលនៅកម្ពុជានេះ គ្រោងនឹងប្រកាសសម្ពោធជាផ្លូវការ នៅថ្ងៃទី៥ ខែកុម្ភ ខាងមុខនេះ៕
ស្ថាបនិក BIFA ថា យើងបើកសាលាប្រេស៊ីល ដើម្បីជួយអភិវឌ្ឍបាល់ទាត់នៅកម្ពុជា មិនមែនមកប្រជែងជាមួយក្លិបឡើយ
អត្ថបទទាក់ទង