ក្រុមព្រះខ័នរាជស្វាយរៀង នៅតែមានភាពជឿជាក់ ក្នុងការយកឈ្នះលើក្រុមម្ចាស់ផ្ទះ Master 7 សម្រាប់ការប្រកួតកាត់សេចក្តី ជើងទី២ វគ្គជម្រុះ play-off នៃពានរង្វាន់ AFC Cup 2020 នៅពហុកីឡដ្ឋាន Laos National ប្រទេសឡាវ នាល្ងាចម៉ោង៥ ថ្ងៃពុធនេះ។
គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង លោក Conor Nestor មិនបានគិតថា ការយកឈ្នះក្រុម Master 7 ក្នុងលទ្ធផល ៤-១ នៅលើទឹកដីខ្លួនឯង កាលពីថ្ងៃទី២២ ខែមករា វាជាការប្រកួត ដែលកូនក្រុមរបស់លោកធ្វើបានល្អឥតខ្ចេះនោះទេ ពិសេសតំបន់ប្រយុទ្ធ ដែលលោកមើលឃើញថា នៅមិនទាន់មានគុណភាពខ្ពស់ ទៅតាមអ្វីដែលលោកចង់បាននៅឡើយទេ។
លោក Conor Nestor បានថ្លែងក្នុងសន្និសីទកាសែត នៅប្រទេសឡាវ កាលពីម្សិលមិញថា៖«ការប្រកួតជើងទី១ កន្លងមកនេះ យើងធ្វើមិនសូវជាបានល្អប៉ុន្មានទេ ហើយការប្រកួតលើកនេះ យើងក៏ត្រូវប្រឈមបញ្ហាផងដែរ ដោយសារយើងលេងនៅក្រៅទឹកដី អ៊ីចឹងទម្រង់លេងរបស់ក្រុម Master 7 អាចនឹងមានភាពល្អប្រសើរជាងការប្រកួតមុន ហេតុនេះ យើងត្រូវព្យាយាមធ្វើបានល្អជាងមុនដូចគ្នា»។
គ្រូបង្វឹកជនជាតិអៀរឡង់ លោក Conor Nestor បាននិយាយបន្ថែមថា៖ «យើងនឹងព្យាយាមធ្វើឲ្យបានល្អ ព្រោះយើងពិតជាចង់ឈ្នះការប្រកួតមួយនេះ ដើម្បីបានឡើងទៅវគ្គបន្ត។ ពួកយើងបានត្រៀមខ្លួនរួចរាល់អស់ហើយ ព្រោះកីឡាកររបស់យើង បានលះបង់គ្រប់យ៉ាង សម្រាប់ការរប្រកួតដ៏សំខាន់នេះ»។ យ៉ាងណាក៏ដោយ គ្រូបង្វឹកក្រុម Master 7 លោក Catalin Mihia Dini ក៏មានក្តីរំពឹងទៅលើកូនក្រុមរបស់លោកថា នឹងធ្វើបានល្អ ជាងការប្រកួតជើងទី១ នៅលើទឹកដីកម្ពុជា ផងដែរ ប៉ុន្តែលោកមិនបានមើលរំលងពីភាពខ្លាំងរបស់ក្រុមស្វាយរៀង នោះទេ។
លោក Catalin Mihia Dini បាននិយាយថា៖ «ជំនួបលើកនេះ វានឹងក្លាយជាការប្រកួតដ៏ល្អ និងតានតឹងមួយ ព្រោះយើងដឹងហើយថា ស្វាយរៀង គឺជាក្រុមល្អមួយ ដែលពិបាកនឹងទប់ទល់ ប៉ុន្តែយើងរំពឹងថា លើកនេះ យើងនឹងធ្វើបានល្អជាងការប្រកួតមុន គឺយើងត្រូវតែពង្រឹងគុណភាពនៃការលេងរបស់យើង និងព្យាយាមរកគ្រាប់បាល់ ទៅតាមអ្វីដែលយើងអាចធ្វើទៅបាន»។
ទោះបីជាយ៉ាងណា ការចាញ់ក្រុមព្រះខ័នរាជស្វាយរៀង ៤-១ សម្រាប់ការប្រកួតជើងទី១ វាបានក្លាយជាសម្ពាធយ៉ាងធំបំផុត ចំពោះក្រុម Master 7។ ក្រុមម្ចាស់ផ្ទះមួយនេះ គ្មានជម្រើសក្រៅពីការវាយលុក ដើម្បីរកគ្រាប់បាល់មកវិញនោះទេ ព្រោះពួកគេត្រូវការឈ្នះជាមួយគ្រាប់បាល់ចំណេញលើសពី៣គ្រាប់ ទើបអាចទម្លាក់ក្រុមស្វាយរៀងបាន ប៉ុន្តែការចង់សម្រេចក្តីស្រម៉ៃមួយនេះ វាមានភាគរយតិចតួចបំផុត ព្រោះស្វាយរៀង គឺជាក្រុមមានគុណភាពលេងល្អ ហើយក៏អាចនឹងបន្តឈ្នះ ក្នុងការប្រកួតនេះផងដែរ៕
ក្រុមស្វាយរៀង ចង់រក្សាការឈ្នះ ស្របពេលក្រុមម្ចាស់ផ្ទះ Master 7 រំពឹងធ្វើបានល្អជាងជើងទី១
អត្ថបទទាក់ទង