
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជំរុញឲ្យគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មីរបស់សហព័ន្ធកីឡាការ៉ាតេកម្ពុជា និងភាគីពាក់ព័ន្ធ បន្តខិតខំរួមគ្នាថែមទៀត ដើម្បីជួយឲ្យវិស័យកីឡាមួយនេះ អាចមានលទ្ធភាព ឈានទៅដណ្តើមបានមេដាយ នៅក្នុងការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។
លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា៖ «ក្នុងអាណត្តិទី៨ កន្លងមកនេះ យើងទាំងអស់គ្នា បានខិតខំប្រឹងប្រែង និងលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ធនធាន និងពេលវេលា ដោយតម្កល់ស្មារតីកីឡាការ៉ាតេឲ្យខ្ពស់ត្រដែត និងក្លាយជាមហាគ្រួសារកីឡាការ៉ាតេតែមួយ ដែលរឹងមាំ ហើយយើងធ្វើការកែទម្រង់ការងារផ្ទៃក្នុង និងការងារបច្ចេកទេសចាំបាច់មួយចំនួន ដោយរលូន និងប្រាកបដោយប្រសិទ្ធភាព»។
លោកបានបន្ថែមថា៖«បើទោះបីជា យើងនៅមានសូចនាករមួយចំនួន ដែលត្រូវបានកំណត់នៅក្នុងផែនការយុទ្ធសាស្រ្តរបស់យើង នៅមិនទាន់បានសម្រេចពេញលេញផងដែរ ហេតុនេះទាមទារឲ្យយើងទាំងអស់គ្នាបន្តខិតខំប្រឹងប្រែងកាន់តែខ្លាំងបន្ថែមទៀត ក្នុងអាណត្តិថ្មីនេះ ដើម្បីធ្វើឲ្យការ៉ាតេ កាន់តែមានការរីកចម្រើន មានសម្ទះ និងមានភាពរឹងមាំ ហើយជួយឲ្យយើង អាចនាំមកបាននូវកិត្តិយសជូនប្រទេសជាតិយើង នៅពេលដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣»។
ការលើកឡើងរបស់លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រូបនេះ ត្រូវបានធ្វើឡើង នៅក្នុងមហាសន្និបាត បញ្ចប់អាណត្តិទី៨ របស់សហព័នន្ធកីឡាការ៉ាតេកម្ពុជា នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កាលពីព្រឹកថ្ងៃអង្គារ គឺបន្ទាប់ពីអង្គមហាសន្និបាត បានបោះឆ្នោតឲ្យលោក អូន ព័ន្ធមុនីរ័ត្ន បន្តធ្វើជាប្រធានសហព័ន្ធ ដោយសំឡេងគាំទ្រ១០០ភាគ ក្នុងអាណត្តិថ្មីទី៩ ឆ្នាំ២០២០ ដល់ឆ្នាំ២០២៤។
ជាមួយគ្នានោះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧត្តុនិយម ត្រូវបានអង្គមហាសន្និបាត បោះឆ្នោតឲ្យធ្វើជាអនុប្រធាន លោក ជូ វិជិត្ត ជាអនុប្រធានអចិន្រ្តៃយ៍ ហើយលោក សុក ស៊ីផាន់ណា លោក សាមឺឌី ស៊ីវឌ្ឍនា លោក ហាវ រតនៈ និងលោក សាយ ណូរ៉ា ជាអនុប្រធាន។
ចំណែកលោក វ៉ាត់ ចំរើន បន្តធ្វើជាអគ្គលេខាធិការដដែល ហើយអគ្គលេខាធិការរងមានលោក ណុប វណ្ណថារ៉ូ លោក ម៉ិញ បានកុសល លោក អ៊ិច សុខមនី និងលោក ដែក ភារៈ ខណៈលោក កែវ បេងវឌ្ឍន៍ ជាអគ្គហេរញ្ញិក លោក អ៊ឹម សិទ្ធីរ៉ា លោក ជាប ដាវុធ លោក ប៊ូ វង្សសុខា និងលោក រ័ត្ន មុនី ជាអគ្គហេរញ្ញិករង រីឯលោក យាន ងួន លោក ម៉ៅ ម៉ុន កញ្ញា ជា ថាវី និងលោក ប៉ែន រតនា ជាសមាជិក៕

