ក្រុមម្ចាស់ជើងឯកលីកកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង បានសម្រេចទិសដៅរបស់ខ្លួនយ៉ាងជោគជ័យ គឺការបន្តយកឈ្នះក្រុមម្ចាស់ផ្ទះ Master 7 ក្នុងលទ្ធផល ៣-០ កាលពីយប់មិញ ដើម្បីឡើងទៅកាន់វគ្គចែកពូល នៃពានរង្វាន់ AFC Cup 2020 ជាលើកលើកដំបូង។

សម្រាប់ការប្រកួត ដែលមានអ្នកទស្សនាផ្ទាល់ប្រមាណ៥០នាក់ នៅពហុកីឡដ្ឋាន Laos National ប្រទេសឡាវ កាលយប់ថ្ងៃពុធ ម្សិលមិញនេះ ក្រុមស្វាយរៀង នៅតែរក្សាលេងបានយ៉ាងល្អ ក្នុងការដាក់សម្ពាធទៅលើក្រុមម្ចាស់ផ្ទះ Master 7 ហើយជាមួយគ្នានេះ សំអឿន ពិដោរ បានរលឃើញគ្រាប់បាល់បើកឆាក នៅនាទីទី២២ មុនពេលខ្សែប្រយុទ្ធ Private បានបន្ថែម១គ្រាប់ទៀត នៅនាទីទី៤៥។

បន្ថែមទៅលើការនាំមុខ ២-០ នៅក្នុងតង់ទី១នេះ ខ្សែប្រយុទ្ធ ហួយ ផល្លីន បានស៊ុតទម្លុះសំណាញ់ទីទៅលើក្រុម Master 7 ១គ្រាប់នៅនាទីទី៧២ ដើម្បីយកឈ្នះដោយលទ្ធផល ៣-០ គឺស្រដៀងគ្នាទៅនឹងការប្រកួតជើងទី១ នៅលើទឹកកម្ពុជា ដែលស្វាយរៀង បានយកឈ្នះក្រុមលេខ២លីកកំពូលឡាវមួយនេះ ៤-១។

ជាមួយការឈ្នះទាំង២ជើង ៧-១ ក្នុងវគ្គជម្រុះ play-off នេះ បានជួយឲ្យក្រុម ស្វាយរៀង ដែលដឹកនាំដោយគ្រូបង្វឹកជនជាតិអៀរឡង់លោក Conor Nestor បានក្លាយជាក្លិបទី៣របស់កម្ពុជា ដែលបានឡើងទៅកាន់ចែកពូលណៃពានរង្វាន់ AFC Cup នេះ បន្ទាប់ពីក្លិបបឹងកេត និងណាហ្គាវើល។

ក្រុមស្វាយរៀង ត្រូវឈរនៅពូលG ជាមួយជើងឯកលីកកំពូលហ្វីលីពីន Ceres Negros ក្រុមជើងឯកលីកកំពូលឥណ្ឌូណេស៊ី Bali United និងក្រុមលេខ៣ លីកកំពូលវៀតណាម CLB Than Quang Ninh ហើយវគ្គចែកពូលនេះ គ្រោងនឹងចាប់ផ្ដើមនៅដើមខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ៕