ក្រុមបាល់ទាត់ខេត្តកែប បានក្លាយជាក្រុមទី៤ ដែលទទួលបានជ័យជម្នះ នៅក្នុងការប្រកួតជម្រុះបើកឆាកថ្នាក់ខេត្ត ពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១៤ ឆ្នាំ២០២០ បន្ទាប់ពីពួកគេ បានយកឈ្នះក្រុមម្ចាស់ផ្ទះខេត្តកំពត កាលពីល្ងាចថ្ងៃពុធ ចំណែកក្រុមខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តកោះកុង បានត្រឹមចែកគ្នាម្នាក់១ពិន្ទុ។
បើទោះបីជា ការប្រកួតជើងទី១នេះ ត្រូវបានធ្វើនៅកីឡដ្ឋានខេត្តកំពត ដែលជាទឹកដីក្រុមខេត្តកំពត ប៉ុន្តែតាមរយៈការប្រកួតយ៉ាងស្វិតស្វាញនោះ ក្រុមខេត្តកែប បានទម្លុះសំណាញ់ទីក្រុមខេត្តកំពត បាន២គ្រាប់ ដើម្បីនាំមុខ ២-០ នៅតង់ទី១ ខណៈតង់ទី១ ក្រុមទាំង២នេះ រកបានម្នាក់១គ្រាប់ ដើម្បីបញ្ចប់ការប្រកួតក្នុងលទ្ធផល ៣-១។
តាមរយៈការយកឈ្នះក្រុមខេត្តកំពត ៣-១ នេះ បានធ្វើឲ្យក្រុមខេត្តកែប មានរំពឹងផងដែរ ក្នុងការឆ្លងផុតការប្រកួតជម្រុះនៅក្នុងពូលF ដែលមាន៤ក្រុមនេះ ខណៈក្រុមឈរនៅពូលជាមួយគ្នាគឺ ខេត្តព្រះសីហនុ និងក្រុមខេត្តកោះកុង បានបញ្ចប់ការប្រកួតជាមួយលទ្ធផលស្មើគ្នា ២-២ នោះ។
ចំណែកក្រុមខេត្តកំពង់ស្ពឺ មិនអាចយកប្រៀប ក្នុងនាមជាម្ចាស់ផ្ទះ យកឈ្នះលើក្រុមខេត្តកណ្តាល បាននោះទេ គឺក្រុមទាំង២នេះ រកបានម្នាក់១គ្រាប់ នៅក្នុងតង់ទី២ដូចគ្នា ដើម្បីបញ្ចប់ការប្រកួត ជាមួយលទ្ធផលស្មើគ្នា ១-១។ ទោះបីជាយ៉ាងណា ការចែកគ្នាម្នាក់១ពិន្ទុនេះ បានក្លាយជាលទ្ធផលល្អមួយផងដែរ ចំពោះក្រុមទាំង២ ក្នុងការបង្កើតក្តីរំពឹងប្រជែង ស្វែងរកឱកាសឡើងទៅវគ្គខ្វែង៨ក្រុមដូចគ្នា ព្រោះពូលD មានតែ៣ក្រុមទេ គឺជាមួយក្រុមខេត្តតាកែវ។
ដោយឡែកសម្រាប់ការប្រកួត៨ក្រុមទៀត កាលពីថ្ងៃអង្គារ គឺក្រុមខេត្តបាត់ដំបង បានឡើងទៅឈរនៅលេខ១ប្រចាំពូលA ជាបណ្តោះអាសន្ន ដោយបានឈ្នះក្រុមខេត្តបន្ទាយមានជ័យ ៣-១ ស្របពេលក្រុមឈរនៅពូលជាមួយគ្នា ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ បានស្មើគ្នា ២-២។
ចំពោះក្រុមខេត្តសៀមរាប បានឈ្នះក្រុមខេត្តកំពង់ធំ ៣-២ ដើម្បីឡើងទៅឈរនៅពូលB ខណៈខេត្តព្រះវិហារ នឹងប្រកួតលើកទី១ នៅសប្តាហ៍ក្រោយ ហើយក្រុមម្ចាស់ជើងឯកថ្នាក់ខេត្ត កាលឆ្នាំ២០១៩ ខេត្តត្បូងឃ្មុំ បានយកឈ្នះក្រុមរតនគិរី ៥-២ ដើម្បីឈរនៅលេខ១ ប្រចាំពូលC ដែលមាន៣ក្រុម ជាមួយក្រុមខេត្តព្រៃវែង ដែលមិនទាន់បានប្រកួតនៅឡើយទេ៕