អ្នក​ប្រដាល់​កំពុង​សាង​កេរ្តិ៍ឈ្មោះ​ អេលីត​ ចំរើន​ ឆក់​ទាត់​ផ្កាប់​ចាន​១​ជើង​ឆ្វេង​ក្នុង​ទឹក​ទី២​ ធ្វើ​ឲ្យ​កីឡាករ​ថៃ​សន្លប់​បោះបង់​ការប្រកួត​ត្រឹម​នេះ​ និង​អស់ឱកាស​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី២ ​កុម្ភៈ​ ២០២០។​

អេលីត​ ចំរើន​ ត្រូវ​ប៉ះ​អ្នក​លេង​គុន​ថៃ​ Kom Payak​ លើ​ប្រភេទ​ទម្ងន់​ ៦៣,៥​គីឡូក្រាម​ ដើម្បី​រក​ជើង​ខ្លាំង​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ​ចុង​បញ្ចប់​កាល​ពី​ថ្ងៃ​អាទិត្យ​នោះ​អ្នក​លេង​គុន​ខ្មែរ​ជា​អ្នក​ឡើង​ទៅ​វគ្គ​បន្ត។​ កីឡាករ​ទាំង​ពីរ​នាក់​ខាង​លើ​នេះ​ក្នុង​ទឹក​ទី១​ មាន​ការ​ប្រុង​ប្រយ័ត្ន​ច្រើន​ មិន​ហ៊ាន​ចេញ​ស្នៀត​អ្វី​ផ្ដេសផ្ដាស​នោះ​ឡើយ​ និង​គិត​តែ​ការពារ​ជា​ជាង​វ៉ៃ​សម្រុក​ រហូត​ដល់​អាជ្ញាកណ្ដាល​លោក​ ជា​ រិទ្ធ​ ព្រមាន​ឲ្យ​វ៉ៃ។​

ចូល​ទឹក​ពីរ​ពួកគេ​ចេញ​ស្នៀត​ទាត់​ និង​ចាប់​អោប​គ្នា​ខ្លះៗ​ដែរ​ ប៉ុន្តែ​មិន​ជា​ខ្លាំង​ក្លា​នោះ​ឡើយ​ ពោល​នៅ​តែ​ប្រយ័ត្ន​ខ្ពស់។​ ការ​ប្រកួត​ឈាន​ដល់​ពាក់​កណ្ដាល​ទឹក​ទី២​ កីឡាករ​ថៃ​ភ្លាត់​ស្នៀត​ទម្លាក់​ដៃ​ស្ដាំ​ចុះ​ ធ្វើ​ឲ្យ​អ្នក​លេង​គុន​ខ្មែរ​ អេលីត​ ចំរើន​ ឆក់​ទាត់​ផ្កាប់​ចាន​ឆ្វេង​ចូល​ក​រហូត​អាជ្ញាកណ្ដាល​រាប់​ដល់​១០​នៅ​តែ​មិន​អាច​ប្រមូល​ស្មារតី​ និង​ប្រកួត​បន្ត​ទៀត​ឡើយ។​

រំលឹក​ដែរ​ថា​ កីឡាករ​ អេលីត​ ចំរើន​ កូន​សិស្ស​លោក​ ស៊ន​ អេលីត​ បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ប្រាក់​ហើយ​ បន្ទាប់​ពី​ផ្ដួល​កីឡាករ​ថៃ​ Kom Payak​ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី២​ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​សប្ដាហ៍​មុន​នេះ។​ ចំរើន​ ជា​បេក្ខភាព​ទី៤​ ហើយ​ដែល​បាន​ឡើង​ទៅ​ជុំ​ទី២​ ជាមួយ​កីឡាករ​ខ្មែរ​២ពីរ​រូប​ និង​ថៃ​១រូប​ដែល​បាន​ប្រកួត​ហើយ៕​

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​ Credit: Sabahy