សមាជីកក្រុមលីកកំពូលកម្ពុជាចំនួន៤ បានណាត់គ្នាប្រកួតមិត្តភាពសាកកម្លាំងគ្នា ដើម្បីធ្វើការពង្រឹងសមត្ថភាពឲ្យបានកាន់តែប្រសើរ ត្រៀមការប្រកួតរដូវកាលថ្មី ឆ្នាំ២០២០នេះ ចំណែកក្រុមក្រសួងការពារជាតិ បានដាក់សំណើទៅកាន់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដើម្បីសុំប្តូរឈ្មោះ និងស្លាកសញ្ញាថ្មី។
បើតាមព័ត៌មាន ដែលត្រូវបានបង្ហោះនៅលើផេចហ្វេសប៊ុករបស់ក្លិប បានឲ្យដឹងថា ក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវធ្វើការប្រកួតមិត្តភាពជាមួយក្រុមគិរីវង់សុខសែនជ័យ នៅទីលានកីឡាអង្គការផ្កាយសមុទ្រ នារសៀលម៉ោង ៣:៣០ ថ្ងៃសុក្រស្អែកនេះ ដើម្បីដកស្រង់បច្ចេកទេសគ្នា ត្រៀមលក្ខណៈឲ្យបានកាន់តែប្រសើរ សម្រាប់ចូលរួមការប្រកួតផ្តូវការ លីកកំពូលកម្ពុជា ឆ្នាំ២០២០ ដែលនឹងចាប់ផ្តើម នៅថ្ងៃទី១៥ ខែកុម្ភៈ ខាងមុខនេះ។
តាមរយៈការប្រកួតមិត្តភាព ទាំងក្នុងទឹកដី និងការចេញទៅបោះជំរុំហ្វឹកហាត់នៅក្រៅប្រទេស កន្លងមកនេះ ក្រុមព្រះខ័នរាជស្វាយរៀង មិនធ្លាប់ជួបការចាញ់នោះទេ ហើយការទម្លាក់ក្រុមលីកកំពូលឡាវ Master 7 ក្នុងលទ្ធផល ៤-១ ក្នុងជើងទី១ និង ៣-០ ក្នុងជើងទី២ បានជួយឲ្យក្រុមម្ចាស់ជើងឯកលីកកំពូលកម្ពុជា មួយនេះ ឡើងទៅប្រកួតវគ្គចែកពានពានរង្វាន់ AFC Cup 2020 ជាលើកដំបូង ហើយការជួបក្រុមគិរីវង់ លើកនេះ ក៏ជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការពង្រឹងគុណភាព ដើម្បីត្រៀមការប្រកួតពានប្រចាំតំបន់ ដ៏ធំមួយនេះផងដែរ។
ចំណែកក្រុមភ្នំពេញក្រោន នឹងត្រូវប្រកួតមិត្តភាពជាមួយក្រុមមានមូលដ្ឋាននៅខេត្តសៀមរាប សូលទីឡូអង្គរ នៅកីឡដ្ឋាន SRU Stadium នារសៀលម៉ោង ៣:៣០ ថ្ងៃសៅរ៍ ហើយជំនួបនេះ វាជាពេលវេលាដ៏ល្អសម្រាប់ក្រុមទាំង២ ត្រូវស្ទាបស្ទង់គ្នា មុនពេលពួកគេ ត្រូវប្រកួតគ្នាផ្លូវការ ក្នុងលីកកំពូលកម្ពុជា នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០។
ដោយឡែកក្លិបក្រសួងការពារជាតិ បានដាក់សំណើរទៅកាន់អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា រួចហើយ ដើម្បីសុំប្តូរឈ្មោះ និងស្លាកសញ្ញា (LOGO) របស់ក្លិបមួយនេះ ទៅជាសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទុ ហើយការប្តូរឈ្មោះនេះ បានធ្វើឡើង ក្រោមការអនុញ្ញាតរបស់លោក ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ៕
ក្រុមលីកកំពូលចំនួន៤ ណាត់គ្នាសាកកម្លាំង ចំណែកក្លិបក្រសួងការពារជាតិ សុំប្តូរឈ្មោះថ្មី
អត្ថបទទាក់ទង